ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងពិភាក្សាជាមួយសមភាគីចិនរបស់លោកគឺលោក Xi Jinping នៅចុងខែនេះ ខណៈមានភាពតានតឹងរវាងប្រទេសទាំងពីរអំពីតៃវ៉ាន់ និងពាណិជ្ជកម្ម។
ខណៈលោកត្រឡប់ពីទស្សនកិច្ចអំពីអាកាសធាតុនៅរដ្ឋ Massachusetts វិញនោះ លោក Biden បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំគិតថាខ្ញុំនឹងនិយាយជាមួយលោកប្រធានាធិបតី Xi ក្នុងរយៈពេល១០ថ្ងៃខាងមុខ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការពិភាក្សាតាមទូរស័ព្ទដ៏យូររវាងមេដឹកនាំទាំងពីរ ដែលនឹងធ្វើជាលើកដំបូងក្នុងរយៈពេល៤ ខែមកនេះ នឹងកើតឡើងក្នុងពេលដ៏សំខាន់ទាក់ទងនឹងភាពតានតឹងអំពីស្ថានភាពតៃវ៉ាន់ និងខណៈរដ្ឋបាលលោក Biden ពិចារណាកាត់ពន្ធនាំចូលលើទំនិញពីប្រទេសចិនដើម្បីជួយកាត់បន្ថយសម្ពាធអតិផរណាលើអតិថិជនអាមេរិក។
សហរដ្ឋអាមេរិកបានហៅប្រទេសចិនថា ជាគូប្រជែងយុទ្ធសាស្ត្រដ៏សំខាន់ ហើយនិយាយថា ទំនាក់ទំនងកម្រិតខ្ពស់មានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពទំនាក់ទំនងដ៏លំបាកនិងការពារកុំឱ្យមានជម្លោះដោយចៃដន្យ។ កាលពីខែមុនក្រុង វ៉ាស៊ីនតោនបានជំរុញឱ្យអង្គការអូតង់អនុម័តឯកសារយុទ្ធសាស្ត្រមួយដែលហៅប្រទេសចិនថា ជាបញ្ហាប្រឈមផ្នែកសន្តិសុខ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Biden ហាក់បីដូចជាបង្ហាញការមិនច្បាស់លាស់អំពីទស្សនកិច្ចដែលគ្រោងធ្វើឡើងដោយប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi ទៅតៃវ៉ាន់នៅខែក្រោយ។ លោក Biden បាននិយាយថា៖ «ខ្ញុំគិតថា យោធាគិតថា វាមិនមែនជាគំនិតល្អទេនៅពេលនេះ ប៉ុន្តែខ្ញុំមិនដឹងអំពីស្ថានភាពទស្សនកិច្ចនេះទេ»។
ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងឆ្លើយតបដោយ«វិធានការបង្ខំ» ប្រសិនបើអ្នកស្រី Pelosi ទៅកាន់តៃវ៉ាន់ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ហើយថា ដំណើរទស្សនកិច្ចបែបនេះនឹង«ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន»។
ការិយាល័យរបស់អ្នកស្រី Pelosi បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើដំណើរទស្សនកិច្ចនេះនឹងធ្វើឬយ៉ាងណាទេ ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ៕