អ្នកជំនាញនិយាយថា គំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកក្នុងការជំរុញការគាំទ្ររបស់អាមេរិកនៅប្រទេសប្រជុំកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង គឺជាប្រតិកម្មចំពោះការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិននៅក្នុងប្រទេសដែនកោះក្នុងតំបន់ត្រូពិចដ៏ធំ ដែលជាប្រវត្តិសាស្ត្រស្ថិតនៅក្រោមឥទ្ធិពលរបស់លោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបជាវិជ្ជមានកាលពីថ្ងៃពុធ ចំពោះគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏បានប្រយ័ត្នប្រយែងផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយក្នុងអំឡុងសន្និសីទព័ត៌មានដែលនៅទីក្រុងប៉េកាំងថា៖ «យើងរីករាយដែលឃើញបណ្តាប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកទទួលបានការគាំទ្របន្ថែមទៀត សម្រាប់ការអភិវឌ្ឍ និងការពង្រឹងពីបណ្តាប្រទេសដែលមានបំណងធ្វើដូច្នេះ។ នេះតែងតែជាជំហររបស់ចិន។ ទន្ទឹមនឹងនោះ យើងជឿជាក់ថា នៅពេលបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះ។ ប្រទេសទាំងអស់ មិនគួរកំណត់គោលដៅ ឬប៉ះពាល់ផលប្រយោជន៍ភាគីទី ៣ ឡើយ»។
ប្រទេសប្រជុំកោះតូចៗនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះភាគច្រើនក្រីក្រ ហើយពឹងផ្អែកលើជំនួយ និងពាណិជ្ជកម្មពីប្រទេសធំៗ។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានបំណងបង្កើតស្ថានទូតនៅក្នុងប្រទេសដែនកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង គឺប្រទេសគីរីបាទី និងតុងហ្គា។ ការិយាល័យរបស់លោកប្រធានាធិបតី Joe Biden និយាយថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីស្នើសុំថវិកាពីសភាចំនួន ៦០ លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ទសវត្សរ៍ក្រោយ គឺស្មើបីដងនៃថវិកានាបច្ចុប្បន្ន ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចដែនសមុទ្រ៕