ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូ​ពាណិជ្ជកម្ម​តំបន់​អាស៊ីប៉ាស៊ីហ្វិក​អំពាវនាវ​ឱ្យ​អាមេរិក​ដឹកនាំ​ខាង​សេដ្ឋកិច្ច​​ក្នុង​តំបន់​អាស៊ី អាគ្នេយ៍


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២។

សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក (AmChams of Asia Pacific)ឬ​ហៅ​កាត់​ថា​AAP លើក​ឡើង​ថា​សហរដ្ឋ​អាមេរិក​ចាំ​បាច់​ត្រូវ​តែ​ដើរ​តួនាទី​ដឹកនាំ​ខាង​ផ្នែក​វិនិយោគ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​អត្ថប្រយោជន៍​សន្តិសុខ​ជាតិ​អាមេរិក​ផង​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នេះ​ផង។​

ប្រធាន​AAP​ ដែល​មាន​មូលដ្ឋានក្នុង​ប្រទេស​សិង្ហបុរី លោក Steven Okun ដែល​បាន​ដឹកនាំប្រតិភូ​ពាណិជ្ជកម្ម​តំបន់​អាស៊ីប៉ាស៊ីហ្វិកមក​បំពេញ​ទស្សនកិច្ចនៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​ បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទជាមួយ​វីអូអេ​ខ្មែរ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិកផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគនេះ ក៏នឹង​ធ្វើ​ឲ្យ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​មាន​ការ​រីកចម្រើនទាំង​ខាង​សេដ្ឋកិច្ច​និង​សន្តិសុខ​ផងដែរ។

​«តំបន់​អាស៊ីអាគ្នេយ៍​គឺ​ជា​មុខមាត់​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​បើមើល​ពី​ជ្រុង​គោល​នយោបាយ​ការ​បរទេស ពីព្រោះ​តំបន់​នេះ​គឺ​ជា​ទី​តាំង​ដ៏​សំខាន់​បំផុត​មួយ​បើ​មើល​ពី​ជ្រុង​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ ពី​ជ្រុង​វិនិយោគ ពី​ជ្រុង​ពាណិជ្ជកម្ម ដែល​ទាំង​សហរដ្ឋ​អាមេរិក​ទាំង​ចិន​សុទ្ធ​តែ​ចូល​ប្រឡូក​ដូចគ្នា»។

សហរដ្ឋ​អាមេរិក​និង​ចិន​ដែល​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លេខ​១​និង​លេខ​២​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ បាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ទាំង​ខាង​សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោបាយ​ ដើម្បី​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​មើល​ឃើញ​ថា​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​មហា​អំណាច​ទាំង​ពីរ​ក្នុង​តំបន់នេះ មិន​ទាន់​មាន​លក្ខណៈ​ប្រកួត​ដោយ​ស្មើ​ភាព​គ្នា​នៅ​ឡើយ​ទេ។

លោក Steven Okun បាន​ប្រសាសន៍​ថា​ថ្មី​ត្បិត​តែ​ប្រទេស​នីមួយៗ​ក្នុង​តំបន់​នេះ មាន​និន្នាការ​ឬ​តម្រូវ​ការ​ផ្សេង​គ្នា​ខ្លះ​ក៏​ដោយ ក៏​ពួកគេ​ទាំង​អស់​មិន​ចង់ងាក​ទៅ​គាំទ្រ​ឬ​ប្រឆាំង​នឹង​មហា​អំណាច​ណាមួយ​ទេ។

«ប្រទេស​ទាំង​អស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍ មិន​ចាំ​បាច់​ត្រូវ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​ឬ​ចិន​នោះ​ទេ។ ពួកគេ​ចង់​តែ​រកស៊ី​និង​ប្រឡូក​ជាមួយ​ប្រទេស​មហា​អំណាច​ទាំង​ពីរ»។

បច្ចុប្បន្ន​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ានមាន​សមាជិក​១០​ប្រទេស​គឺ​សិង្ហបុរី ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ មីយ៉ាន់ម៉ា វៀតណាម ឡាវ និង​កម្ពុជា​ដែល​ដើរ​តួ​នាទី​ជា​ប្រធាន​ឆ្លាស់​វេន​នៃ​ប្លុក​នេះ​នៅ​ឆ្នាំ​២០២២។​

លោក Steven Okun និយាយ​ថា​ភាព​ជា​អ្នកដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មិន​មែនសំដៅ​គ្រាន់តែទៅ​លើ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​និង​យោធា​នោះ​ទេ តែ​វា​ក៏​សំដៅ​ទៅ​ដល់​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​សហគមន៍​ជំនួញ​អាមេរិកមាន​តួនាទី​ត្រូវ​បំពេញ​ផងដែរ​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ក៏​ដូចជា​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត។

ក្នុង​ដំណើរ​ទស្សនកិច្ចរយៈពេល​៣​ថ្ងៃ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់​ពី​ថ្ងៃ​ទី​១៨​ដល់​២០​ខែ​កក្កដា​នេះ​ប្រតិភូ​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នេះ បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ​រួម​មាន​លោក​ Kurt Campbell នាយក​កិច្ចការ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ និង​អ្នក​ស្រី Sarah Bianchi អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ និង​ក្រុម​អ្នក​តាក់តែង​ច្បាប់​មួយ​ចំនួននៃ​សភា​សហរដ្ឋ​អាមេរិកមក​ពី​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ៕

XS
SM
MD
LG