វិទ្យាស្ថានបច្ចេកវិទ្យាបញ្ញានិម្មិត AI មួយ នៅទីក្រុង Hefei ខេត្ត Anhui របស់ប្រទេសចិន និយាយថា ខ្លួនបានបង្កើតកម្មវិធីដែលអាចវាស់ស្ទង់ភាពស្មោះត្រង់របស់សមាជិកបក្សកុម្មុយនីស្ត ហើយប្រសិនបើវាជាការពិតមែននោះ កម្មវិធីនឹងត្រូវបានចាត់ទុកថាជារបកគំហើញដ៏អស្ចារ្យមួយ ដែលក៏នឹងបង្កឲ្យមានការមិនពេញចិត្តពីសាធារណៈជនផងដែរ។
ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិនបានបង្កើនសមត្ថភាពឃ្លាំមើលដែលប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI របស់ខ្លួន ដោយប្រើបណ្តុំទិន្នន័យទំហំធំ (Big Data) បច្ចេកវិទ្យាម៉ាស៊ីនចេះរៀន (Machine Learning) បច្ចេកវិទ្យាកំណត់ចំណាំមុខ និង បច្ចេកវិទ្យាបញ្ញានិម្មិត AI ដើម្បី «ចូលទៅក្នុងខួរក្បាលនិងគំនិតរបស់ប្រជាជនរបស់ខ្លួន» ហើយបង្កើតនូវអ្វីដែលមនុស្សជាច្រើនហៅថារបបផ្តាច់ការបែបឌីជីថលយ៉ាងធ្ងន់ធ្ងរ។
បច្ចេកវិទ្យាបណ្តុះគំនិតទំនើបឆ្លាតវៃ?
វិទ្យាស្ថានបច្ចេកវិទ្យាបញ្ញានិម្មិត AI ដដែលនេះ បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា «ការអប់រំនយោបាយឆ្លាតវៃ» កាលពីថ្ងៃទី១ ខែកក្កដា ដើម្បីអួតអំពីកម្មវិធី «ទាយចិត្តមនុស្ស» របស់ខ្លួន ហើយនិយាយថា កម្មវិធីនេះនឹងត្រូវបានប្រើលើសមាជិកគណបក្សដើម្បី «ពង្រឹងការប្តេជ្ញាចិត្តដឹងគុណ ស្តាប់តាម និងធ្វើតាមបក្ស»។
នៅក្នុងវីដេអូនោះ មនុស្សប្រុសម្នាក់ត្រូវបានគេមើលឃើញថាកំពុងអូសមើលអត្ថបទអនឡាញដែលផ្សព្វផ្សាយពីគោលនយោបាយគណបក្សនៅអេក្រង់បញ្ជរមួយ ហើយវិទ្យាស្ថានបាននិយាយថាកម្មវិធីបញ្ញានិម្មិត AI របស់ខ្លួនក្នុងបញ្ជរនោះ កំពុងតាមដានប្រតិកម្មរបស់បុរសនោះ ដើម្បីមើលថា តើបុរសនោះយកចិត្តទុកដាក់ចំពោះការបណ្តុះគំនិតរបស់គណបក្សប៉ុនណា។
យ៉ាងណាមិញ វីដេអូនេះត្រូវបានគេដកចេញភ្លាមៗ បន្ទាប់ពីវាបង្កឲ្យមានការរិះគន់ជាសាធារណៈក្នុងចំណោមអ្នកប្រើប្រព័ន្ធអ៊ីនធឺណិតរបស់ចិន។
លោក Hung Ching-fu សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិ Cheng Kung ក្នុងទីក្រុង Tainan ភាគខាងត្បូងតៃវ៉ាន់ បាននិយាយថា បក្សកុម្មុយនីស្តបានរំលោភលើភាពជឿនលឿនខាងបច្ចេកវិទ្យា ដើម្បីបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន។
លោក Hung បានប្រាប់ VOA តាមទូរស័ព្ទថា៖ «គេបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្តល់អំណាចដល់គណបក្សរបស់ខ្លួន។ ប្រទេសចិនបានបង្កើនសមត្ថភាពពីបច្ចេកវិទ្យាកំណត់ចំណាំមុខ រហូតដល់បណ្តាកម្មវិធីបញ្ញានិម្មិត AI ដែលព្យាយាមចូលទៅក្នុងខួរក្បាលនិងគំនិត យ៉ាងស៊ីជម្រៅជាងអ្វីដែលគេមើលឃើញ។ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត AI កម្រិតខ្ពស់នឹងពង្រឹងការគ្រប់គ្រងផ្តាច់ការរបស់គេ»។
លោក Hung បានបន្ថែមថា ការគ្រប់គ្រងផ្តាច់ការរបស់ចិនដែលប្រើបច្ចេកវិទ្យាបញ្ញានិម្មិត AI នឹងដាក់សម្ពាធលើប្រជាជនរបស់ខ្លួន ដែលទំនងជានឹងបិទខ្ទប់គំនិតខ្លួនឯង ឬរស់នៅក្នុងភាពភ័យខ្លាច។
ការគាបសង្កត់ក្នុងប្រព័ន្ធឌីជីថល
ប៉ុន្តែលោក Hung មានទំនុកចិត្តតិចតួចលើអ្វីដែលលោកហៅថាជាការគាបសង្កត់ក្នុងប្រព័ន្ធឌីជីថលរបស់ប្រទេសចិន ដោយលោកពន្យល់ថា ការគាបសង្កាត់នេះទំនងជានឹងធ្វើឲ្យបក្សកុម្មុយនីស្តធ្លាក់ក្នុង «វិបត្តិជនផ្តាច់ការ» ឬ dictator's dilemma ដែលជាពាក្យនយោបាយមានន័យថា ការបរាជ័យរបស់មេដឹកនាំរដ្ឋាភិបាលក្នុងការយកឈ្នះចិត្តនិងគំនិតរបស់ប្រជាជនរបស់ខ្លួន។
លោក Hung បន្តថា៖ «បើអ្នកសង់កំពែងរបស់អ្នកកាន់តែខ្ពស់ នោះអ្នកកាន់តែត្រូវផ្តាច់ខ្លួនចេញពីប្រជាជន…នេះជាអ្វីដែលយើងហៅថា «វិបត្តិជនផ្តាច់ការ» ក្នុងនយោបាយ។ មានន័យថា ទោះបីមានអំណាចដ៏សម្បើមក៏ដោយ ក៏ជនផ្តាច់ការមិនអាចមានទំនាក់ទំនងជាមួយប្រជាជន។ ហើយខ្ញុំគិតថា ប្រព័ន្ធនយោបាយណាដែលប្រឆាំងនឹងធម្មជាតិរបស់មនុស្ស នឹងមិនអាចមាននិរន្តភាពបាននោះទេ»។
VOA បានហៅទូរស័ព្ទ និងផ្ញើអ៊ីមែលទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាបញ្ញានិម្មិត AI នៅទីក្រុង Hefei ដើម្បីសុំការអត្ថាធិប្បាយ តែមិនបានទទួលឆ្លើយតបនោះទេ។
កម្មវិធីទាយចិត្តមនុស្សនេះ ជាការគ្រប់គ្រងតាមឌីជីថលចុងក្រោយបំផុតដែលប្រទេសចិនបានអនុវត្ត។
ប្រទេសចិនត្រូវបានគេរាយការណ៍ថា បានដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាកំណត់ចំណាំមុខយូរមកហើយនៅក្នុងតំបន់ Xinjiang ដើម្បីពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ននៅលើជនជាតិភាគតិច Uyghurs ខណៈពេលដែលបានបង្កើនសមត្ថភាពឃ្លាំមើលរបស់ខ្លួននាប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងកម្មវិធី «មនុស្សម្នាក់ ទិន្នន័យមួយ» ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួល ក្នុងការតាមដានប្រជាជនរបស់ខ្លួន។
កាលពីចុងឆ្នាំមុន អាជ្ញាធរក្នុងខេត្ត Henan ត្រូវបានគេរាយការណ៍ថាបានបើកដំណើរការប្រព័ន្ធស្រដៀងគ្នានេះ ដើម្បីតាមដាននូវអ្វីដែលពួកគេមើលឃើញថាជាអ្នកកាសែត និស្សិតបរទេស និងស្ត្រីដែល «គួរឲ្យសង្ស័យ»។
ជាមួយគ្នានេះដែរ រដ្ឋអាជ្ញានៅទីក្រុងសៀងហៃ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ប្រព័ន្ធរដ្ឋអាជ្ញាបញ្ញានិម្មិត AI ដែលអាចប្តឹងចោទប្រកាន់លើបទល្មើសព្រហ្មទណ្ឌចំនួនប្រាំបី រួមមានការក្លែងបន្លំកាតឥណទាន និងអាចប្តឹងចោទប្រកាន់ពីបទបង្កជម្លោះនិងបញ្ហា។
កាសែតអនឡាញចិន The Paper បានរាយការណ៍ថា សាលាបក្សកុម្មុយនីស្តមួយនៅទីក្រុង Sichuan បានបង្កើត «បណ្តុំទិន្នន័យក្រហមឆ្លាតវៃ» នៅឆ្នាំ ២០១៧ ដែលអាចតាមដានប្រតិកម្មរបស់សមាជិកបក្សចំពោះការបណ្តុះគំនិតនយោបាយរបស់ខ្លួន និង «វាស់ស្ទង់» ភាពស្មោះត្រង់របស់ពួកគេ។
ជនរងគ្រោះនៃប្រព័ន្ធឃ្លាំមើលរបស់ប្រទេសចិន
មេធាវី និងសកម្មជនសិទ្ធិមនុស្សមួយចំនួនបានប្រាប់ VOA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ពួកគេបានរងគ្រោះដោយសារប្រព័ន្ធឃ្លាំមើលឌីជីថលរបស់ប្រទេសចិន។ សកម្មជនសិទ្ធិមនុស្សម្នាក់មកពីទីក្រុង Wuhan នៃខេត្ត Hebei បាននិយាយថា លោកធ្លាប់ត្រូវបាន ចាប់ខ្លួនដោយប៉ូលិស ដែលអាចកំណត់អត្តសញ្ញាណលោក បន្ទាប់ពីកាមេរ៉ានៅតាមដងផ្លូវបានចាប់យកមុខលោកនៅពេលលោកដើរតាមផ្លូវ។
មេធាវីការពារសិទ្ធិមនុស្សម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានត្អូញត្អែរថា លោកមិនអាចបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺណិត ឬធ្វើការចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិតបានទេ ដោយសារការត្រួតពិនិត្យដ៏តឹងរ៉ឹង និងប្រព័ន្ធតាមដានឌីជីថលរបស់ប្រទេសចិន។
មេធាវីការពារសិទ្ធិម្នាក់ទៀត បានលាតត្រដាងថា ប៉ូលិសរបស់ប្រទេសចិនបាននឹងកំពុងប្រមូលទិន្នន័យជីវមាត្រដោយខុសច្បាប់ពីកែវភ្នែកមនុស្ស ស្នាមម្រាមដៃ និងគំរូទឹកនោមរបស់អ្នកជាប់ការឃុំឃាំងរបស់ខ្លួន ដើម្បីបង្កើតនូវអ្វីដែលលោកហៅថា ការឃ្លាំមើលដែល «ជាក់ច្បាស់ តែគ្មានសីលធម៌»។
ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តយ៉ាងទូលំទូលាយរបស់ប្រទេសចិនលើបច្ចេកវិទ្យាបញ្ញានិម្មិត AI កំពុងជំរុញឲ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យនេះ បើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដោយអ្នកនិពន្ធលោក Martin Beraja ជំនួយការសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts និងអ្នកស្រាវជ្រាវបីនាក់ផ្សេងទៀតនៅសាកលវិទ្យាល័យ Harvard និង សាកលវិទ្យាទីក្រុងឡុងដ៍សម្រាប់សេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ។
ការស្រាវជ្រាវរបស់ពួកគេបានសន្និដ្ឋានថា ខណៈពេលដែលបច្ចេកវិទ្យាថ្មីពង្រឹងរបបផ្តាច់ការតម្រូវការប្រើប្រាស់បច្ចេកវិទ្យារបស់របបផ្តាច់ការក៏ជំរុញឲ្យមានការបង្កើតថ្មីៗ។ «អត្ថប្រយោជន៍ទៅវិញទៅមកនេះ ប្រហែលអាចបង្កើតការច្នៃប្រតិដ្ឋរយៈពេលវែង និងធ្វើឲ្យការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញានិម្មិត AI មាននិរន្តរភាពនៅក្នុងប្រទេសចិន ដោយបង្កើតបាននូវអ្វីដែលគេហៅថា «ប្រព័ន្ធផ្តាច់ការ ផ្តោតលើបញ្ញានិម្មិត» ឬ AI-tocracy។
ប្រព័ន្ធផ្តាច់ការផ្តោតលើបញ្ញានិម្មិត AI-tocracy
លោក Beraja ប្រាប់ VOA ថា៖ «នៅក្នុងដំណើរការទទួលបានកិច្ចសន្យាពីរដ្ឋាភិបាល បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញានិម្មិត AI នៅក្នុងប្រទេសចិនទទួលបានសិទ្ធិចូលប្រើបណ្តុំទិន្នន័យ ដែលអនុញ្ញាតឲ្យពួកគេធ្វើការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់តម្រូវការប្រើប្រាស់របស់រដ្ឋាភិបាល ដែលជាធម្មតាទាក់ទងនឹងសន្តិសុខសាធារណៈ ឬការការពារឧក្រិដ្ឋកម្មជាដើម។
ការណ៍នេះបានជួយឲ្យពួកគេបានអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញានិម្មិត AI សម្រាប់ពាណិជ្ជកម្មផងដែរ ដោយសារតែពួកគេប្រហែលអាចប្រើបណ្តុំទិន្នន័យពីរដ្ឋាភិបាលដដែលនោះបាន ឬប្រសិនបើរដ្ឋាភិបាលមិនឲ្យប្រើបណ្តុំទិន្នន័យនោះទេ ក៏ពួកគេនៅអាចប្រើក្បួនដោះស្រាយកុំព្យូទ័រ algorithm ដែលត្រូវបានបណ្តុះបណ្តាលជាមួយបណ្តុំទិន្នន័យពីរដ្ឋាភិបាលនោះ ដើម្បីបង្កើតផលិតផលបញ្ញានិម្មិត AI ពាណិជ្ជកម្មសម្រាប់ប្រើប្រាស់ក្នុងវិស័យឯកជនផងដែរ។
លោកសាស្ត្រាចារ្យ Beraja បានបន្ថែមទៀតថា ជាឧទាហរណ៍ កម្មវិធីបញ្ញានិម្មិត AI ពាណិជ្ជកម្មមួយ ត្រូវបានប្រើនៅក្នុងផ្សារទំនើប ដើម្បីតាមដានអតថិជននៅពេលពួកគេដើរទិញឥវ៉ាន់ពីទូទំនិញមួយទៅទូទំនិញមួយ។
ទោះជាយ៉ាងណាក៏ដោយ លោក Beraja បានសម្តែងការព្រួយបារម្ភចំពោះការនាំចេញកម្មវិធីបញ្ញានិម្មិត AI របស់ប្រទេសចិន ដែលការសិក្សារបស់លោកបានរកឃើញថា ទំនងជាបានជួយដល់រដ្ឋាភិបាលផ្តាច់ការផ្សេងៗទៀត។
លោកBeraja បានបន្ថែមទៀតថា៖ «រឿងមួយដែលយើងសង្កេតឃើញនោះគឺថា បណ្តាប្រទេសដែលកាន់របបផ្តាច់ការ ឬមានលទ្ធិប្រជាធិបតេយ្យទន់ខ្សោយគឺពិតជាបាននាំចូលបច្ចេកវិទ្យាបញ្ញានិម្មិត AI សម្រាប់កំណត់ចំណាំមុខ ពីប្រទេសចិនច្រើនជាងបច្ចេកវិទ្យាដទៃទៀត។ ហើយខ្ញុំគិតថា បច្ចេកវិទ្យាទាំងនេះគឺច្បាស់ណាស់ប្រើសម្រាប់ការឃ្លាំមើល និងការគាបសង្កត់»។
លោក Zola អ្នកសរសេរប្លុកដ៏លេចធ្លោម្នាក់មកពីប្រទេសចិន ដែលឥឡូវនេះជាពលរដ្ឋកោះតៃវ៉ាន់ បាននិយាយថា អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើននៅក្នុងប្រទេសចិនប្រឆាំងនឹងបច្ចេកវិទ្យាគាបសង្កត់នៅក្នុងប្រទេស ទោះបីជាការប្រឆាំងរបស់ពួកគេជាញឹកញាប់ត្រូវបានគាបសង្កត់ក៏ដោយ។
លោក Zola បានចោទសួរពីនិរន្តរភាពនៃប្រព័ន្ធផ្តាច់ការផ្តោតលើបញ្ញានិម្មិត ឬ AI-tocracy របស់ចិនថា៖
«ចិនអាចនឹងកំពុងនាំចេញបច្ចេកវិទ្យាទាំងនេះទៅប្រទេសផ្សេងទៀត។ ប៉ុន្តែក្នុងរយៈពេលវែង គំរូអភិបាលកិច្ចបែបនេះនឹងនាំសង្គមមួយឆ្ពោះទៅរកភាពជ្រុលនិយមនានា… ហើយធ្វើឡើងវិញនូវគំរូគោលនយោបាយមិនសមហេតុផលដូចអំឡុងពេលបដិវត្តន៍វប្បធម៌របស់ប្រទេសចិនដែរ។ ការណ៍នេះនឹងនាំទៅរកការដួលរលំប្រទេស»៕
អត្ថបទនេះមានប្រភពពី VOA ភាសាចិន។
ប្រែសម្រួលដោយ អ៊ុន សុដាវី