ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី Nancy Pelosi គ្រោងនឹងធ្វើទស្សនកិច្ចនៅតៃវ៉ាន់នៅខែក្រោយ ចំពេលមានភាពតានតឹងជាមួយប្រទេសចិន។នេះបើតាមទីភ្នាក់ងារសារព័ត៌មានReutersដែលស្រង់តាមកាសែត Financial Times ដែលរាយការណ៍នៅថ្ងៃអង្គារនេះដោយយោងតាមមនុស្ស៦នាក់។
កាសែតនេះបានបន្ថែមថា អ្នកស្រី Pelosi និងគណៈប្រតិភូក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ហើយនឹងទៅទីស្នាក់ការនៃបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកនៅកោះហាវ៉ៃផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យរបស់អ្នកស្រី និងក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី ទីភ្នាក់ងារសារព័ត៌មានReutersទេ។ ទីភ្នាក់ងារសារព័ត៌មានReuters ក៏មិនអាចទាក់ទងស្ថានទូតតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកបានភ្លាមៗដែរ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំគណបក្សប្រជាធិបតេយ្យទៅតៃវ៉ាន់នេះត្រូវបានលើកពេលតាំងពីខែមេសា បន្ទាប់ពីអ្នកស្រីបានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ នៅពេលនោះ ចិនបាននិយាយថា ដំណើរទស្សនៈកិច្ចបែបនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក។
តៃវ៉ាន់ប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីចិន ដែលចាត់ទុកថា កោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះជាទឹកដីរបស់ខ្លួន។ បញ្ហានេះគឺជារឿងរកាំរកូសឥតឈប់ឈរក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណាក៏ដោយ តៃវ៉ាន់បានសម្តែងការពេញចិត្តចំពោះការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋបាលលោក Joe Biden ដែលបានបញ្ជាក់ម្តងហើយម្តងទៀតអំពីការប្តេជ្ញាចិត្ត«រឹងដូចថ្ម»ចំពោះតៃវ៉ាន់។ អ្នកស្រីPelosi ដែលជាអ្នករិះគន់ចិនយូរមកហើយនោះ បានប្រជុំតាមអ៊ីនធើណិតជាមួយអនុប្រធានាធិបតីតៃវ៉ាន់ លោក William Lai កាលពីខែមករា ខណៈលោកមកទស្សនកិច្ចសហរដ្ឋអាមេរិក និងប្រទេសហុងឌូរ៉ាស។
ដោយលើកពីសម្តីមនុស្សបីនាក់ កាសែត Financial Times បាននិយាយថា សេតវិមានបានបង្ហាញការព្រួយបារម្ភអំពីការធ្វើដំណើរទស្សនកិច្ចនេះ។ កាសែតនេះបានដកស្រង់សម្តីប្រភពពីរដែលនិយាយថា មានការខ្វែងគំនិតគ្នានៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកថា តើអ្នកស្រី Pelosi គួរទៅតៃវ៉ាន់ឬយ៉ាងណា។
មន្ត្រីមួយចំនួនជឿថា បើធ្វើទស្សនកិច្ចកាលពីខែមេសាគឺសមហេតុផលជាង ព្រោះកាលណោះគឺមិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ីចាប់ផ្តើមការលុកលុយអ៊ុយក្រែន។ ប្រទេសចិនបានបញ្ជូនយន្តហោះប្រយុទ្ធឆ្លងច្រកសមុទ្រតៃវ៉ាន់ក្នុងខែនេះដោយចិនបានអះអាងថាមានការបង្កហេតុ។ ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Rick Scott ដែលជាសមាជិកជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋនិងជាសមាជិកនៃគណៈកម្មាធិការកិច្ចការការពារជាតិរបស់ព្រឹទ្ធសភា។
ព័ត៌មាននៃដំណើរទស្សនកិច្ចនៅខែសីហារបស់អ្នកស្រី Pelosi កើតឡើងបន្ទាប់ពីប្រទេសចិនកាលពីថ្ងៃចន្ទបានស្នើឱ្យសហរដ្ឋអាមេរិកលុបចោលជាបន្ទាន់នូវការលក់ជំនួយបច្ចេកទេសយោធាជាសក្តានុពលដល់កោះតៃវ៉ាន់តម្លៃប្រមាណជា១០៨លានដុល្លារ៕