ក្រោយពីការធ្វើបានល្អជាងការរំពឹងទុកពីសំណាក់សមាជិកសភាគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីកាលពីថ្ងៃទី៨ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងបោះជំហានចូលក្នុងសប្តាហ៍ដ៏មមាញឹកមួយពាក់ព័ន្ធផ្នែកការទូតជាមួយនឹងមេដឹកនាំបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូប៉ាស៊ីហ្វិក ខណៈពេលមានការប្រជែងគ្នាកាន់តែខ្លាំងជាមួយចិន បញ្ហាសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនូវភាពគឃ្លើនពីកូរ៉េខាងជើង។
ខាងក្រោមនេះជាចំណុចគោលសំខាន់ៗ ដែលលោក Joe Biden ត្រូវផ្តោតលើអំឡុងពេលទស្សនកិច្ចរបស់លោកនៅកម្ពុជា និងឥណ្ឌូណេស៊ី។
កិច្ចប្រជុំកំពូល និងជំនួបទ្វេភាគី
លោក Biden នឹងមកដល់រាជធានីភ្នំពេញនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា បន្ទាប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប។
នៅកម្ពុជា លោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកជាមួយនឹងមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំវាងអាស៊ាននិងដៃគូពិភាក្សាដទៃទៀតដូចជា អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន ណូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក។
លោក Biden ក៏នឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានអាស៊ានទាំង ១០ប្រទេសនាឆ្នាំនេះ និងជាមេដឹកនាំកាន់តំណែងយូរអង្វែងជាងគេក្នុងតំបន់ ដែលបានកាន់អំណាចនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៨៥មក។ លោក Biden នឹងបន្តធ្វើដំណើរទៅកាន់កោះ Bali ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងក្រុមមេដឹកនាំប្រទេស G-20 នៅលើពិភពលោក។
នាថ្ងៃចន្ទ លោក Biden ត្រៀមជួបជាមួយមេដឹកនាំចិនលោក Xi Jinping ដែលនេះជាជំនួបដោយផ្ទាល់ដំបូង ចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំ ២០២១មក។ លោក Biden នឹងជួបជាមួយនឹងប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ម្ចាស់ផ្ទះកិច្ចប្រជុំ G-20 ក៏ដូចជា នាយករដ្ឋមន្រ្តីអង់គ្លេសថ្មីលោក Rishi Sunak និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ដែលទើបចូលកាន់តំណែងនាពេលថ្មីៗនេះ។ លោកនឹងចូលរួមក្នុងជំនួបទ្វេភាគី និងត្រីភាគីជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន និងប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាពីការគំរាមកំហែងដែលកំពុងបន្តមានពីកូរ៉េខាងជើង។
បញ្ហាសន្តិសុខ
សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ការបង្កើនយោធាចិននៅតំបន់សមុទ្រចិនខាងត្បូងនិងច្រកសមុទ្រកោះតៃវ៉ាន់ និងការគំរាមកំហែងមីស៊ីលនិងនុយក្លេអ៊ែរពីកូរ៉េខាងជើង នឹងជាចំណុចផ្តោតសម្រាប់លោក Biden អំឡុងពេលទស្សនកិច្ចរបស់លោក ស្របពេលលោកស្វះស្វែងរកចំណុចសហប្រតិបត្តិការពាក់ព័ន្ធនឹងបញ្ហាប្រឈមឆ្លងព្រំដែនដូចជា ការប្រែប្រួលអាកាសធាតុ ការបញ្ចៀសពីការរាតត្បាតជំងឺនាពេលអនាគត និងសន្តិសុខស្បៀងអាហារនិងថាមពលនៅលើសាកលលោក។
នេះនឹងជាការទូតប្រកបដោយចំណោទមួយ ខណៈលោក Biden ព្យាយាមប្រជែងប្រឆាំងនឹងឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍ និងពង្រឹងក្រុមសម្ព័ន្ធដើម្បីកាត់ផ្តាច់រដ្ឋាភិបាលក្រុងមូស្គូពីឆាកអន្តរជាតិ។ បណ្តាប្រទេសនៅក្នុងតំបន់កំពុងពឹងផ្អែកលើរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីវឌ្ឍនភាពសេដ្ឋកិច្ច ប៉ុន្តែត្រូវការការពារផ្នែកសន្តិសុខពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការដំឡើងសាច់ដុំផ្នែកយោធារបស់ចិន។
បណ្តាប្រទេសខ្លះពឹងផ្អែកលើតួនាទីរបស់រុស្ស៊ីជាអ្នករក្សាលំនឹង ខណៈមានការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ ប្រភពធំបំផុតនៃភាពភ័យខ្លាចនៅក្នុងតំបន់គឺការកើនឡើងភាពតានតឹងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងទៅតាមលោក Evan Laksmana អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
លោកបានប្រាប់វីអូអេថា៖ «តើអ្វីកើតឡើង ប្រសិនបើរឿងអ្វីមួយកើតឡើងលើកោះតៃវ៉ាន់ ហើយសហរដ្ឋអាមេរិកស្នើចូលទៅកាន់សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន? តើពួកគេនឹងអនុញ្ញាតឱ្យអាមេរិកចូលឬទេ ហើយបើដូច្នេះមែន តើនេះនឹងធ្វើឱ្យយើងមានការប្រឈមជាមួយចិនឬទេ? នេះជាអ្វីដែលតំបន់នេះមិនទាន់មានចម្លើយនៅឡើយទេ»។
បន្ថែមពីលើនេះ លោក Biden នឹងមកដល់អាស៊ី ខណៈមានការបង្កើនសកម្មភាពយោធាពីកូរ៉េខាងជើង រួមមានការបង្ហោះមីស៊ីល និងការហោះយន្តហោះយោធានៅជិតព្រំដែនជាមួយកូរ៉េខាងត្បូង។
នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ លោក John Kirby នាយកយុទ្ធសាស្រ្តផ្នែកទំនាក់ទំនងប្រចាំក្រុមប្រឹក្សាសន្តិជាតិនៃសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកត្រៀមលក្ខណៈសម្រាប់ភាពគឃ្លើនកាន់តែច្រើនជាងមុនពីលោក Kim Jong un ខណៈលោក Biden ស្ថិតនៅក្នុងតំបន់អាស៊ី រួមមានការធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងពីសំណាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាប់តាំងពីឆ្នាំ ២០១៧មក។
ការរក្សាតុល្យភាព
នៅក្រុងភ្នំពេញ អាស៊ាននឹងរៀបចំកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗជាមួយដៃគូនានារួមមាន ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang នឹងចូលរួមក្នុងកិច្ចប្រជុំទាំងនេះនៅក្រុងភ្នំពេញ ស្របពេលរដ្ឋាភិបាលក្រុងមូស្គូបានបញ្ជូនរដ្ឋមន្រ្តីការបរទេសលោក Sergey Lavrov។
កិច្ចប្រជុំទាំងនេះនឹងផ្តល់ជាមាគ៌ាមួយដើម្បីឱ្យប្លុកអាស៊ានគ្រប់គ្រងលើប្រធានបទពាក់ព័ន្ធនឹងជម្លោះនានា រួមមាន ជម្លោះដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូងដែលមានក្នុងចំណោមបណ្តាប្រទេសសមាជិកខ្លះជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង ការធ្វើរដ្ឋប្រហារដោយយោធានៅមីយ៉ាន់ម៉ា និងឥឡូវនេះ សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន។
បណ្តាប្រទេសអាស៊ានមានកម្រិតទំនាក់ទំនងពាណិជ្ជកម្មនិងសន្តិសុខផ្សេងៗគ្នាជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងមូស្គូ។ ដូចនឹងបញ្ហាការប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងចិនដែរ ប្រទេសអាស៊ានព្រួយបារម្ភថា ផលប្រយោជន៍របស់ខ្លួនអាចរងការប៉ះពាល់ដោយសារការប្រជែងគ្នារវាងបស្ចឹមលោក និងរដ្ឋាភិបាលក្រុងមូស្គូ។
អ្នកស្រី Stacie Goddard សាស្រ្តាចារ្យផ្នែកអំណាចនយោបាយនៅសាកលវិទ្យាល័យ Wellesley College បានប្រាប់វីអូអេថា៖ «បណ្តាប្រទេសទាំងនេះនឹងមានភាពស្ទាក់ស្ទើរនៅក្នុងការធ្វើអ្វីមួយ ដែលអាចប៉ះពាល់ដល់តុល្យភាពនេះ»។
ដំណើរទស្សនកិច្ចរបស់លោក Biden នឹងជំរុញបន្ថែមពីលើកិច្ចប្រជុំកំពូលពិសេសនាខែឧសភា ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ ជាទីដែលលោកបានប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមសមល្មមដើម្បីពង្រឹងការប្រឡូកជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ រួមមានក្នុងបរិបទដែនទឹកផងដែរ។
លោក Biden នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាយុទ្ធសាស្រ្តពេញលេញអាស៊ាន-អាមេរិក ដែលជាកិច្ចព្រមព្រៀងស្រដៀងគ្នាមួយទៅនឹងកិច្ចព្រមព្រៀងដែលអាស៊ានបានចុះហត្ថលេខាជាមួយចិនកាលពីឆ្នាំ ២០២១។
ពាណិជ្ជកម្ម និងការវិនិយោគ
លោក Marc Mealy អនុប្រធានជាន់ខ្ពស់ផ្នែកគោលនយោបាយប្រចាំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកនិងអាស៊ាន (U.S.-ASEAN Business Council) បានប្រាប់វីអូអេថា ក្រុមធុរកិច្ចមានសុទិដ្ឋិនិយមថា កិច្ចប្រជុំនេះនឹងបង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗ រួមមានកិច្ចប្រឹងប្រែងសម្រួបសម្រួលផ្នែកថាមពល ពាណិជ្ជកម្មឌីជីថល និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យរឹងមាំជាងមុន។
លោក Mealy កត់សម្គាល់ថា ដៃគូពាណិជ្ជកម្មកំពូលទាំង ២០ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រួមមាន សមាជិកអាស៊ានចំនួនបួនប្រទេសដូចជា វៀតណាម សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ក៏ត្រៀមនឹងជំរុញលើផ្នែកពាណិជ្ជកម្មអាស៊ាន-ចិន «ទម្រង់ ៣.០» ជាមួយនឹងមេដឹកនាំប្លុកអាស៊ានផងដែរ។
លោក Biden នឹងផ្តល់ជម្រើសពីសហរដ្ឋអាមេរិក ក្នុងទម្រង់ជាកិច្ចព្រមព្រៀងរចនាសម្ព័ន្ធដើម្បីវឌ្ឍនភាពសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់ចេញកាលពីខែឧសភា។ កិច្ចព្រមព្រៀងនេះមិនរួមបញ្ចូលការអនុញ្ញាតឱ្យចូលទៅក្នុងទីផ្សារ ឬការបន្ទាបពន្ធនោះទេ ដែលទាំងនេះជា អ្វីដែលបណ្តាប្រទេសក្នុងតំបន់ចង់បាន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា