ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​មេដឹកនាំ​ហ្វាំងឡង់​និង​ស៊ុយអែត ​បន្ទាប់​ពី​ការ​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​​របស់​អង្គការ​អូតង់


អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ចូល​រួម​ក្នុង​ពិធី​មួយ​ដើម្បី​កត់សម្គាល់​ការ​ដាក់ពាក្យ​របស់​ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិកភាព​អូតង់​ នៅ​ទី​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២។
អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ចូល​រួម​ក្នុង​ពិធី​មួយ​ដើម្បី​កត់សម្គាល់​ការ​ដាក់ពាក្យ​របស់​ប្រទេស​ស៊ុយអែត​និង​ហ្វាំងឡង់​ចូល​ជា​សមាជិកភាព​អូតង់​ នៅ​ទី​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ទទួល​ប្រធានាធិបតី​ហ្វាំងឡង់​លោក Sauli Niinisto និង​នាយករដ្ឋមន្ត្រី​ស៊ុយអែត​លោក​ស្រី Magdalena Andersson ដើម្បី​ជួប​ប្រជុំនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ នៅ​សេតវិមាន​ ស្តី​ពី​ការ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់អង្គការ​អូតង់​របស់​ប្រទេស​ទាំង២ ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ និង​បញ្ហា​សន្តិសុខ​នៅ​អឺរ៉ុប។

លោក Biden កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សរសើរ​អ្វី​ដែល​លោក​បាន​ហៅ​ថា ជា​«ការ​សម្រេចចិត្ត​ដ៏​សំខាន់» មួយ​របស់​ប្រទេស​ស៊ុយអែត ​និង​ហ្វាំងឡង់​ បន្ទាប់​ពី​ប្រទេស​ទាំង​២នេះ​ បាន​ដាក់​ពាក្យ​ជា​ផ្លូវការ​សុំ​ចូលជា​សមាជិក នៅ​ក្នុង​សម្ពន្ធភាព​យោធា​របស់​អង្គការ​អូតង់​ ដើម្បី​ឆ្លើយតប​ដល់​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

លោក Biden បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សូម​ស្វាគមន៍​យ៉ាងកក់ក្តៅ​និង​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ដល់​ការ​ដាក់​ពាក្យសុំចូល​ជា​ប្រវត្តិសាស្ត្រ​មក​ពី​ប្រទេស​ហ្វាំងឡង់​និង​ស៊ុយអែត​សម្រាប់​សមាជិកភាព​នៅ​ក្នុង​អង្គការ​អូតង់​នេះ​ ហើយ​យើង​រំពឹង​ថា នឹង​ធ្វើការ​ជាមួយ​សភា​សហរដ្ឋអាមេរិក​និង​សម្ពន្ធមិត្ត​អង្គការអូតង់​របស់​យើង ​ដើម្បី​នាំ​ហ្វាំងឡង់​និង​ស៊ុយអែត​ចូលទៅ​ក្នុង​សម្ពន្ធមិត្ត​ការពារ​ប្រទេស​ដ៏​ខ្លាំងជា​ប្រវត្តិសាស្ត្រ​នេះ​ឱ្យ​បាន​ឆាប់​រហ័ស»។

នៅឯ​ជំនួប​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​ប្រាប់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស៊ុយអែត​លោក Peter Hultqvist ថា៖ «យើង​រំពឹង​ដល់​ការ​រួមវិភាគទាន​របស់​លោក​ដល់​សម្ពន្ធមិត្ត​អង្គការ​អូតង់​នេះ»។

លោក Hultqvist បាន​មាន​ប្រសាសន៍​ថា ស៊ុយអែត​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​ជ្រើសរើស​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ការផ្តល់​សន្តិសុខ​សម្រាប់​ខ្លួន។

លោក Hultqvist បាន​ថ្លែង​បន្ត​ទៀត​ថា៖ «នេះ​ជា​ពេល​វេលា​នៅ​ពេល​ដែលប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​និង​អាមេរិក​ខាង​ជើង​ត្រូវ​រួបរួម​គ្នា ​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី»។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ធ្វើ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ដែល​ត្រូវ​បាន​ឈរ​អម​ដោយ​ឯកអគ្គរដ្ឋទូត​នៃប្រទេសហ្វាំងឡង់​និង​ឯកអគ្គ​រាជទូត​នៃ​ប្រទេស​ស៊ុយអែត ​បន្ទាប់ពី​បាន​ទទួល​លិខិត​ដាក់​ពាក្យ​សុំ​ចូល​ជា​ផ្លូវការ​របស់​ប្រទេស​ទាំង២​នេះរួច​មក។

លោក Stoltenberg មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ថ្ងៃ​ដ៏​ល្អ​មួយ​ក្នុង​ពេលវេលា​ដ៏​សំខាន់​សម្រាប់​សន្តិសុខ​របស់​យើង។ សម្ពន្ធមិត្ត​ទាំង​អស់​បាន​ព្រមព្រៀង​ពី​ការ​ពង្រីក​អង្គការ​អូតង់​ដ៏​សំខាន់​នេះ។ យើង​ទាំង​អស់​គ្នា​បាន​ព្រមព្រៀង​ថា យើង​ត្រូវតែ​រួបរួម​គ្នា។ ហើយ​យើង​ទាំង​អស់​គ្នា​យល់ស្រប​ថា នេះ​ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​ដែល​យើង​ត្រូវតែចាប់​យក»៕

XS
SM
MD
LG