ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អ៊ុយក្រែន​ខ្លះ​ថា នឹង​ប្រយុទ្ធ​តបត​វិញ​ជាមួយ​រុស្ស៊ី បន្ទាប់ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន


មនុស្ស​ម្នា ដើរ​ចេញ​ពី​រថភ្លើង​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​កៀវ កាលពី​ព្រលឹម​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
មនុស្ស​ម្នា ដើរ​ចេញ​ពី​រថភ្លើង​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​កៀវ កាលពី​ព្រលឹម​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រថយន្ត​បន្ត​កន្ទុយ​គ្នា​ជា​ជួរ​នៅ​លើ​ដង​ផ្លូវ​ចេញ​ពី​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​យោធា​រុស្ស៊ី​បាន​ឈ្លានពាន​ប្រទេស​នេះ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹក។

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នេះ​ បាន​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា ការ​ភ័យខ្លាច​ដ៏​ខ្លាំង​បំផុត​របស់​ក្រុម​បស្ចិម​ប្រទេស​អំពី​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត​របស់​ប្រទេស​មួយ​លើ​ប្រទេស​មួយ​ទៀត​នៅ​ទ្វីប​អឺរ៉ុប​តាំងពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក ក្លាយជា​ការពិត។

លោក Aleksander ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់​ដែល​កំពុង​ចាកចេញ​ពី​រដ្ឋធានី​កៀវ​តាម​រថយន្ត​ជាមួយ​នឹង​កូនៗ​របស់​លោក បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​នាំ​កូន​របស់​ខ្ញុំ​ចាកចេញ​ទៅ​ឲ្យ​ឆ្ងាយ ហើយ​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ​ដើម្បី​វាយ​ប្រយុទ្ធ​នឹង​ការ​វាយ​ប្រហារ​នេះ។ ទោះជា​យ៉ាង​ណា​ក៏ដោយ អ៊ុយក្រែន​នឹង​ឈ្នះ»។

លោក Sergey ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់​ទៀត បាន​និយាយ​ថា លោក​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​ភ័យ​ខ្លាច នៅ​ពេល​លោក​បាន​ដឹង​ថា ប្រទេស​របស់​លោក​កំពុង​ត្រូវបាន​ឈ្លានពាន។

លោក Sergey និយាយ​ដូច្នេះ​ថា៖ «យើង​ធ្លាប់​សង្ឃឹម​ថា រឿង​នេះ​នឹង​មិន​កើតឡើង​ទេ។ វា​ជា​ការ​គិត​មិន​ដល់ ដែល​បុគ្គល​មាន​សតិ​នឹងនរ​ម្នាក់​បាន​សម្រេច​ចិត្ត​ធ្វើ​រឿង​ដូច្នេះ»។

ទោះបីជា​មាន​ទុទ្ទិដ្ឋិនិយម​ក្តី ពលរដ្ឋ​អ៊ុយក្រែន​ភាគច្រើន​បាន​បង្ហាញ​ការ​ជម្នះ​ប្រឆាំង​តបត​វិញ។

អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ម្នាក់ ដែល​មិន​បាន​បញ្ជាក់​ឈ្មោះ បាន​និយាយ​ថា៖ «រុស្ស៊ី​នឹង​មិន​បញ្ឈប់​អ្វី​ដែល​ខ្លួន​បាន​ចាប់ផ្តើម​នោះទេ។ … ពួកគេ​នឹង​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​បំផ្លាញ​ពួកយើង​និង​ប្រទេស​ជាតិ​របស់​យើង ប៉ុន្តែ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ​ជា​ដាច់ខាត»។

គ្រាប់​មីស៊ីល​របស់​យោធា​រុស្ស៊ី​ បាន​បាញ់​ចំ​ទីក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ អ៊ុយក្រែន​បាន​រាយការណ៍​ថា កង​យោធា​រុស្ស៊ី​បាន​សម្រុក​តាម​ផ្លូវ​គោក​ឆ្លងកាត់​ព្រំដែន​ចូល​ទៅក្នុង​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន​ដូចជា​ទីក្រុង Chernihiv ទីក្រុង Kharkiv និង​ទីក្រុង Luhansk ជាដើម និង​បាន​សម្រុក​តាម​ផ្លូវ​ទឹក​ចូល​ទៅ​ដល់​ទីក្រុង Odessa និង​ទីក្រុង Mariupol ដែល​ជា​ទីក្រុង​ជាប់​សមុទ្រ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។

ស្នូរ​សំឡេង​ផ្ទុះ​ ត្រូវ​បាន​ឮ​ឡើង​មុន​ពេល​ថ្ងៃ​រះ​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ សំឡេង​គ្រាប់​កាំភ្លើង​និង​ស៊ីរ៉ែន​ក៏​បាន​លាន់​ឮ​ពេញ​ទីក្រុង​ផងដែរ ហើយ​ផ្លូវ​ជាតិ​ចេញពី​ទីក្រុង​កៀវ​ត្រូវ​បាន​កកស្ទះ នៅពេល​ដែល​ពលរដ្ឋ​អ៊ុយក្រែន​ព្យាយាម​ភៀសខ្លួន​ចេញ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ថ្លែងថា គោល​បំណង​របស់​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin គឺ​បំផ្លាញ​ប្រទេស​អ៊ុយក្រែន៕

ប្រែ​សម្រួល​ដោយអ្នកនាង ទែន សុខស្រីនិត

XS
SM
MD
LG