ប្រធានាធិបតីអាមេរិកលោក Biden ធ្វើដំណើរទៅអឺរ៉ុបនៅថ្ងៃពុធដើម្បីប្រជុំជាមួយអង្គការអូតង់ សហភាពអឺរ៉ុប និងក្រុមប្រទេស G-7 ក្នុងគោលបំណងបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
សេតវិមានថា ទស្សនកិច្ចនេះមានបំណងសម្រេចឲ្យបានច្រើនក្នុងពេលដ៏ខ្លី ដោយលោក Biden នឹងប្រជុំជាមួយអង្គការអូតង់នៅថ្ងៃព្រហស្បតិ៍។
អ្នកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន ថា៖ «លោក Biden នឹងបញ្ជាក់ឡើងវិញអំពីការតាំងចិត្តរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តអូតង់និងចំពោះការការពារទឹកដីអូតង់។ បន្ទាប់មក លោកនឹងចូលរួមកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពិភាក្សាអំពីក្ដីបារម្ភរួមរឿងអ៊ុយក្រែន ដែលក្នុងនោះរួមមានទាំងកិច្ចប្រឹងប្រែងនៅក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ការគាំទ្រផ្នែកមនុស្សធម៌ដល់អ្នករងគ្រោះពីសង្គ្រាម និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងសង្គ្រាមនេះ។ នៅថ្ងៃដដែលនោះ លោកនឹងចូលរួមកិច្ចប្រជុំក្រុមប្រទេស G-7ដើម្បីពិភាក្សាបន្ថែមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងអំពីទណ្ឌកម្មដែលយើងកំពុងដាក់លើរុស្ស៊ី»។
ក្រៅពីការដាក់ទណ្ឌកម្មលើរុស្ស៊ី អាមេរិកក៏បានផ្តល់ជំនួយយោធានិងមនុស្សធម៌ចំនួន ១៣ ពាន់ ៦ រយលានដុល្លារដល់អ៊ុយក្រែនផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានសុំឲ្យអាមេរិកបង្កើតតំបន់ហាមឃាត់ការហោះហើរលើអ៊ុយក្រែន ប៉ុន្តែមិនបានជោគជ័យ។
លោកព្រមានថា រុស្ស៊ីនឹងមិនបញ្ឈប់ត្រឹមអ៊ុយក្រែននោះទេ។ ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Lviv គឺមានចម្ងាយតែ ៨០ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ។
លោក Zelenskyy ថា៖ «[រុស្ស៊ីនឹងវាយប្រហារបន្ទាប់លើ] ប្រទេសឡេតូនី លីទុយអានី អេស្ដូនី ម៉ុលដាវី ហ្សកហ្ស៊ី និងប៉ូឡូញ។ បន្ទាប់មក ពួកគេនឹងសម្រុករហូតដល់ជញ្ជាំងក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់»។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើទស្សនកិច្ចទៅកាន់តំបន់បាល់ទិកកាលពីពេលថ្មីៗនេះ ដើម្បីស្តាប់ក្តីបារម្ភរបស់បណ្ដាប្រទេសនៅតំបន់នោះ។ រដ្ឋមន្ត្រីការពារជាតិឡេតូនីលោក Artis Pabriksថា ប្រទេសសមាជិកអូតង់នៅជិតអ៊ុយក្រែនចង់ឃើញការប្រែប្រួល។
លោកថា៖ «យើងត្រូវការវត្តមានជួរមុខបែបផ្សេងសម្រាប់ប្រទេសទាំងអស់ចាប់ពីភាគខាងត្បូងតួកគីរហូតដល់ភាគខាងជើងតំបន់បាល់ទិក។ ហើយយុទ្ធសាស្ត្រការពាររបស់អូតង់គួរតែធ្វើឡើងតាមវិធីផ្សេង»។
រដ្ឋមន្ត្រីការបរទេសឡេតូនីលោក Edgars Rinkevicsថា អឺរ៉ុបខាងកើតយល់ថា មិនមានដំណោះស្រាយភ្លាមៗដើម្បីបញ្ចប់សង្គ្រាមនេះទេ។
លោកថ្លែងថា៖ «ជំហររបស់យើងគឺថា អ៊ុយក្រែនគួរតែជាអ្នកសម្រេចអំពីកិច្ចព្រមព្រៀងដែលខ្លួនចង់បាន គឺមិនត្រូវដាក់ពេលកំណត់បង្ខំអ៊ុយក្រែននោះទេ ដោយសារតែរុស្ស៊ីជាអ្នកវាយប្រហារអ៊ុយក្រែន។ ហើយយើងត្រូវតែជួយអ៊ុយក្រែនការពារអធិបតេយ្យភាពរបស់ខ្លួន មិនត្រូវព្យាយាមដាក់បង្ខំឲ្យមានកិច្ចព្រមព្រៀងណាមួយដែលមិនមែនជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់អ៊ុយក្រែននោះឡើយ។ ដូច្នេះ ខ្ញុំគ្រាន់តែចង់មានទស្សនៈប្រាកដនិយមតែប៉ុណ្ណោះ។ ខ្ញុំគិតថា វាអាចត្រូវចំណាយពេលខ្លះ»។
ប៉ុន្តែអ្នកវិភាគនានាឆ្ងល់ថាតើការពិភាក្សាដែលគ្មានវត្តមានអ៊ុយក្រែនឬរុស្ស៊ីចូលរួមនេះនឹងមានប្រយោជន៍បែបណា។
លោក James Nixeyប្រធានកម្មវិធីរុស្ស៊ីនិងអាស៊ីអឺរ៉ុបនៃអង្គការ Chatham House ថា៖ «ខ្ញុំយល់ថា ដំណោះស្រាយចំពោះសង្គ្រាមនេះពិបាកនឹងសម្រេចបាន ដោយហេតុថា គោលដៅសំខាន់របស់រុស្ស៊ីគឺត្រូវធ្វើឲ្យប្រាកដថា អ៊ុយក្រែនមិនអាចក្លាយជាសមាជិករបស់អង្គការអូតង់ ហើយបើការក្លាយជាសមាជិករបស់អង្គការអូតង់នេះគឺពិតជាគោលបំណងនិងមហិច្ឆតាដ៏ចម្បងរបស់អ៊ុយក្រែនមែន នោះអង្គការអូតង់មិនអាចជួយដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននេះបាននោះឡើយ»។
បន្ទាប់ពីទស្សនកិច្ចនេះ លោក Biden នឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាសូរី ប្រទេសប៉ូឡូញនៅថ្ងៃសុក្រ។ រដ្ឋធានីនោះមានចម្ងាយតិចជាង ១.០០០ គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន៕