ប្រធានទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធទទួលបន្ទុកកិច្ចការសេវាកម្មទូទៅ (GSA) បានទទួលស្គាល់ថា លោក Joe Biden ជា «អ្នកឈ្នះជាក់ស្ដែង» នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៣ ខែវិច្ឆិកា។
លោកប្រធានាធិបតី Donald Trump ដែលបដិសេធមិនព្រមសុខចិត្តចុះចាញ់ការបោះឆ្នោត បាននិយាយកាលថ្ងៃចន្ទថា លោកកំពុងប្រាប់ក្រុមរបស់លោកឲ្យសហការលើកិច្ចការដំណាក់កាលអន្តរកាលនេះ ប៉ុន្តែប្ដេជ្ញាថានឹងបន្តពាក្យបណ្ដឹងរបស់លោកតទៅទៀត។
ការណ៍នេះអនុញ្ញាតឲ្យមានការចាប់ផ្ដើមនៃការផ្ទេរអំណាចរបស់រដ្ឋបាលលោក Trump និងអនុញ្ញាតឲ្យលោក Biden អាចសម្របសម្រួលជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធនានាលើកិច្ចការផ្សេងៗសម្រាប់ការឡើងកាន់អំណាចជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករាខាងមុខ។
មន្ត្រីមួយរូបបានឲ្យដឹងថា ប្រធានទីភ្នាក់ងារ GSA អ្នកស្រី Emily Murphyបានធ្វើការសម្រេចដូច្នេះ បន្ទាប់ពីកិច្ចប្រឹងប្រែងរបស់លោក Trump នៅក្នុងការធ្វើឲ្យមានការប្រែប្រួលដល់លទ្ធផលបោះឆ្នោតក្នុងរដ្ឋសំខាន់ៗមួយចំនួន បានទទួលបរាជ័យ ជាពិសេសនៅក្នុងរដ្ឋ Michigan កាលពីថ្ងៃចន្ទម្សិលមិញ ដែលរដ្ឋនេះបានប្រកាសលទ្ធផលផ្លូវការថា លោក Biden ជាអ្នកឈ្នះ។
អ្នកស្រី Murphy បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់លោក Biden ដូច្នេះថា៖ «សូមដឹងថា ខ្ញុំបានសម្រេចដូច្នេះដោយឯករាជ្យ ផ្អែកលើច្បាប់ និងការពិតជាក់ស្ដែងដែលមាន។ ខ្ញុំមិនដែលរងសម្ពាធទោះដោយផ្ទាល់ ឬមិនផ្ទាល់ក៏ដោយ ពីមន្ត្រីអង្គនីតិប្រតិបត្តិណាម្នាក់ទេ ដែលក្នុងនោះមានទាំងអ្នកដែលធ្វើការនៅសេតវិមាន ឬនៅទីភ្នាក់ងារ GSA ផងដែរ ទាក់ទិនទៅនឹងទម្ងន់ ឬក៏ពេលវេលានៃការសម្រេចចិត្តរបស់ខ្ញុំនេះ»៕