ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ Michigan ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ថា​លោក Biden ជា​អ្នក​ឈ្នះ​នៅ​ក្នុង​រដ្ឋ​នេះ


ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​អំពី​ការ​ថែទាំ​សុខភាព នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​អំពី​ការ​ថែទាំ​សុខភាព នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Michigan បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​នៅ​ក្នុង​រដ្ឋ​នេះ​ថា លោក Joe Biden ជា​អ្នក​ឈ្នះ បើ​ទោះបីជា​លោក​ប្រធានាធិបតី Donald Trump តវ៉ា​ពី​ជ័យជម្នះ​របស់​លោក Biden ដោយ​សំអាង​លើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង​ថា​មាន​ការ​ក្លែង​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​ក៏ដោយ។

ក្រុមប្រឹក្សា​ពិនិត្យ​និង​រាប់​សន្លឹក​ឆ្នោត​ប្រចាំ​រដ្ឋ Michigan ដែល​មាន​សមាជិក​ពីរ​នាក់​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ពីរ​នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​នេះ​ក្នុង​សំឡេង ៣ ទល់​នឹង ០ ដោយ​សមាជិក​ម្នាក់​មកពី​គណបក្ស​សាធារណរដ្ឋ​បោះឆ្នោត​អនុប្បវាទ។

សម្ព័ន្ធមិត្ត​របស់​លោក Trump បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​នេះ​ពន្យារពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ចំនួន​ពីរ​សប្ដាហ៍ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​សន្លឹក​ឆ្នោត​នៅ​ក្នុង​ស្រុក Wayne នៃ​ទីក្រុង Detroit ដែល​មាន​ទំនោរ​ខ្លាំង​ទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ។

លទ្ធផល​ផ្លូវការ​បង្ហាញ​ថា លោក Biden ឈ្នះ​លោក Trump ក្នុង​រដ្ឋ Michigan ជាង ១៥០.០០០ សំឡេង ឬ ២,៨% ។ គន្លាត​នៃ​ការ​ឈ្នះ​នេះ​គឺ​ធំ​ជាង​គន្លាត​នៅ​ក្នុង​រដ្ឋ​ផ្សេង​ទៀត​ដែល​លោក Trump កំពុង​តវ៉ា​អំពី​លទ្ធផល​បោះឆ្នោត ដូចជា​រដ្ឋ Georgia រដ្ឋ Arizona និង​រដ្ឋ Wisconsin ជាដើម។

លោក Trump និង​ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់​លោក បាន​ចាត់​វិធានការ​មិន​ធម្មតា​កាល​ពី​សប្ដាហ៍​មុន ដោយ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ថ្នាក់​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​សភា​នៃ​រដ្ឋ Michigan ថាតើ​ពួកគេ​សុខចិត្ត​ចាត់​វិធានការ​ដើម្បី​កែប្រែ​លទ្ធផល​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ​ដែរ​ឬ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រោយពី​ការ​ជួប​ប្រជុំ​ជាមួយ​លោក Trump នៅ​សេតវិមាន​កាល​ពី​សប្ដាហ៍​មុន​មក មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​រដ្ឋ Michigan លោក Mike Shirkey និង​ប្រធាន​រដ្ឋសភា​រដ្ឋ Michigan លោក Lee Chatfield បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា៖ «ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ផ្នែក​ច្បាប់ យើង​នឹង​ធ្វើ​តាម​ច្បាប់ និង​ធ្វើ​តាម​នីតិវិធី​ធម្មតា​ទាក់ទិន​នឹង​អង្គ​បោះឆ្នោត​ក្នុង​រដ្ឋ Michigan»៕

XS
SM
MD
LG