លោក Joe Biden ដែលគេព្យាករណ៍ថាជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ត្រូវគេរំពឹងថានឹងតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីដំបូងៗរបស់លោកនៅថ្ងៃអង្គារស្អែក។ ក្នុងចំណោមនោះ គេបានរាយការណ៍ថា លោក Antony Blinken ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេស អាចជាជម្រើសរបស់លោក Biden នៅក្នុងការតែងតាំងឲ្យដឹកនាំក្រសួងការបរទេស។
លោក Blinken មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Biden បន្ទាប់ពីបម្រើការងារនៅក្នុងតួនាទីផ្នែកសន្តិសុខជាតិជាន់ខ្ពស់នៅពេលដែលលោក Biden ធ្វើជាអនុប្រធានាធិបតីក្នុងអំឡុងពេលនៃរដ្ឋបាលរបស់លោកប្រធានាធិបតី Barack Obama។ ការតែងតាំងលោក Blinken ដែលត្រូវបានគេរំពឹងទុកនេះ ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានជាច្រើនកាលពីយប់ថ្ងៃអាទិត្យ។
ក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីដែលត្រូវគេរំពឹងទុកនោះ អ្នកស្រី Linda Thomas-Greenfield អតីតឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការទ្វីបអាហ្វ្រិក អាចត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ហើយលោក Jake Sullivan អាចត្រូវបានតែងតាំងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden។
ស្របពេលដែលលោក Biden កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលដើម្បីក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅក្នុងពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ខាងមុខ លោកប្រធានាធិបតី Donald Trump បានបដិសេធពុំព្រមសុខចិត្តចុះចាញ់ការបោះឆ្នោត។
កាលពីថ្ងៃអាទិត្យម្សិលមិញ លោក Trump បានប្រាប់អ្នកគាំទ្ររបស់លោកតាម Twitter ថា៖ «យើង នឹងរកឃើញសន្លឹកឆ្នោតដែលមានការលួចបន្លំក្នុងចំនួនដ៏ច្រើន។ ...តស៊ូឲ្យបានខ្លាំងក្លា ក្រុមសាធារណរដ្ឋ»។
ក៏ប៉ុន្តែ ការប្រយុទ្ធខាងផ្លូវច្បាប់របស់លោក Trump មិនទទួលបានផ្លែផ្កាអ្វីទេកន្លងមក ដោយក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកបានចាញ់ ឬក៏បានដកចេញនូវពាក្យបណ្តឹងចំនួន ៣៤ ដែលអះអាងថាមានការលួចបន្លំនៅក្នុងការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតនៅតាមបណ្តារដ្ឋដែលមានការប្រជែងខ្លាំងសំខាន់ៗណាដែលលោក Biden ត្រូវបានគេព្យាករណ៍ថាបានឈ្នះ៕