ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចៅក្រម​ច្រានចោល​ពាក្យ​បណ្ដឹង​របស់​លោក Trump ដែល​ចង់​ឲ្យ​បញ្ឈប់​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​រដ្ឋ Pennsylvania


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​មួយ​ពី​សួន Rose Garden នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ថ្លែង​សុន្ទរកថា​មួយ​ពី​សួន Rose Garden នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រី​ក្នុង​រដ្ឋPennsylvania អាច​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ​បាន ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​បង្ហាញ​ថា លោក Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ ជា​អ្នក​ឈ្នះ​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​រដ្ឋ​នេះ ជាង ៨ ម៉ឺន​សំឡេង។ នេះ​បើ​យោង​តាម​សាលក្រម​របស់​តុលាការ​សហព័ន្ធ​មួយ​កាល​ពី​ថ្ងៃសៅរ៍។ ការ​សម្រេច​នេះ​បាន​បង្អាក់​មួយ​ទៀត​ដល់​កិច្ច​ប្រឹងប្រែង​របស់​យុទ្ធនាការ​របស់​លោក Trump ដែល​ចង់​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​គ្មាន​សុពលភាព។

លោក Matthew Brann ចៅក្រម​តុលាការ​សហព័ន្ធ​ប្រចាំ​ក្រុង Williamsport រដ្ឋ Pennsylvania បាន​ច្រានចោល​ពាក្យ​បណ្ដឹង​របស់​យុទ្ធនាការ​លោក Trump។ នៅ​ក្នុង​សាលក្រម​នោះ លោក Brann បាន​និយាយ​ថា យុទ្ធនាការ​របស់​លោក Trump បាន​បង្ហាញ «អំណះអំណាង​ផ្លូវ​ច្បាប់​ដែល​មិន​ត្រឹមត្រូវ និង​ការ​ចោទ​ប្រកាន់​បែប​ប៉ាន់ស្មាន... ដោយ​គ្មាន​ភស្តុតាង»។

សាលក្រម​របស់​តុលាការ​បាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​សហរដ្ឋ​អាមេរិក អំណះអំណាង​នេះ​មិន​មែន​ជា​ហេតុ​ផល​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដក​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ណា​ម្នាក់​បាន​ទេ នេះ​មិន​ចាំបាច់​និយាយ​ដល់​ពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​ជា​រដ្ឋ​មាន​ប្រជាពលរដ្ឋ​ច្រើន​បំផុត​ទី ៦ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ផង។ ពលរដ្ឋ ច្បាប់ និង​ស្ថាប័ន​របស់​យើង​ទាមទារ​ឲ្យ​មាន [ភស្តុតាង] ច្រើន​ជាង​នេះ»។

លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump និង​អ្នកស្រី Jenna Ellis ដែល​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​របស់​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump បាន​ចាត់ទុក​សេចក្ដី​សម្រេច​នេះ​ថា​ជា​ដំណើរ​វិវត្តន៍​វិជ្ជមាន​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ​កាន់តែ​លឿន​ទៅកាន់​តុលាការ​កំពូល។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ ពួកគេ​បាន​និយាយ​ថា ពួកគេ​នឹង​ព្យាយាម​ស្វែងរក​វិធី​ពន្លឿន​ពាក្យ​បណ្ដឹង​នេះ​ទៅកាន់​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មណ្ឌល​ទី ៣ របស់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​អះអាង​ថា ការ​ការពារ​ដោយ​ស្មើគ្នា​នៅ​ក្រោម​ច្បាប់​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បំពាន​នៅ​ពេល​ដែល​ស្រុក​នានា​នៅ​ក្នុង​រដ្ឋ Pennsylvania ប្រើ​វិធីសាស្ត្រ​ផ្សេង​គ្នា​នៅ​ក្នុង​ការ​ជូន​ដំណឹង​ដល់​អ្នក​បោះឆ្នោត​នៅ​មុន​ការ​បោះឆ្នោត អំពី​បញ្ហា​បច្ចេកទេស​ទាក់ទិន​នឹង​សន្លឹកឆ្នោត​របស់​ពួកគេ​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍។

អ្នកស្រី Kathy Boockvar លេខាធិការ​រដ្ឋ Pennsylvania និង​ស្រុក​ចំនួន ៧ ដែល​លោក Biden នាំ​មុខ​នៅ​ក្នុង​រដ្ឋ Pennsylvania ដែល​យុទ្ធនាការ​របស់​លោក Trump បាន​ប្ដឹង បាន​អះអាង​ថា លោក Trump ធ្លាប់​បាន​អះអាង​ស្រដៀង​គ្នា​នេះ​ដែរ​កាល​ពី​លើក​មុន និង​បាន​ចាញ់​រួច​មក​ហើយ៕

XS
SM
MD
LG