ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃអាទិត្យនេះ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ដែលវៀតណាមចង់បង្កើនការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។ នេះគឺជាសញ្ញាមួយបង្ហាញថា ការប្រកួតប្រជែងជាមួយប្រទេសចិនកំពុងតែធ្វើឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងនៅទូទាំងតំបន់អាស៊ី។
លោកប្រធានាធិបតី Biden មានមោទនភាពដែលវៀតណាមកំពុងតែកែប្រែស្ថានភាពរបស់ខ្លួនឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់សហរដ្ឋអាមេរិក។ បណ្ដាប្រទេសផ្សេងទៀតដែលវៀតណាមបានពង្រីកទំនាក់ទំនងរបស់ខ្លួនជាមួយដល់កម្រិតខ្ពស់បំផុតនេះ ក៏រួមមានទាំងប្រទេសចិននិងរុស្ស៊ីផងដែរ។ ការបង្កើនទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកដល់កម្រិតខ្ពស់បំផុតដូចគ្នានេះបង្ហាញថា វៀតណាមចង់ពង្រីកមិត្តភាពរបស់ខ្លួន ខណៈដែលសហរដ្ឋអាមេរិកនិងអឺរ៉ុបស្វែងរកជម្រើសរោងចក្រក្នុងប្រទេសផ្សេង ក្រៅពីរោងចក្រនៅក្នុងប្រទេសចិន។
លោកប្រធានាធិបតី Biden បានទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យនេះ។ លោកបានមានប្រសាសន៍កាលពីខែមុននៅឯទីកន្លែងរៃអង្គាសប្រាក់មួយក្នុងទីក្រុង Salt Lake City សហរដ្ឋអាមេរិក ថា វៀតណាមមិនចង់បានសម្ព័ន្ធភាពផ្នែកការពារជាតិជាមួយនឹងសហរដ្ឋអាមេរិកនោះទេ «ប៉ុន្តែពួកគេចង់បានទំនាក់ទំនងផ្សេងៗទៀត ដោយសារពួកគេចង់ឱ្យចិនដឹងថា ពួកគេមិននៅឯកោនោះទេ» ហើយពួកគេអាចជ្រើសរើសដៃគូរបស់ខ្លួនបាន។ លោកប្រធានាធិបតីបានសម្រេចឈប់សំចតនៅប្រទេសវៀតណាមក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 ដែលត្រូវបានបញ្ចប់នៅថ្ងៃអាទិត្យនេះ។
ដោយសេដ្ឋកិច្ចចិនចាប់ផ្ដើមថយចុះរួមទាំងការពង្រឹងអំណាចរបស់ប្រធានាធិបតីចិនលោក Xi Jinping លោក Biden មើលឃើញនូវឱកាសក្នុងការទាញយកប្រទេសជាច្រើនថែមទៀត ដែលរួមមានវៀតណាម និងកម្ពុជាផងដែរ ឱ្យមកចូលក្នុងគន្លងរបស់សហរដ្ឋអាមេរិកវិញ។
លោក Biden បានពន្យល់កាលពីខែមុនអំពីវៀតណាមថា៖ «យើងឃើញថា យើងកំពុងស្ថិតក្នុងស្ថានភាពមួយដែលការផ្លាស់ប្ដូរទាំងអស់នេះនៅទូទាំងពិភពលោកកំពុងតែកើតឡើង»។ លោកបានថ្លែងទៀតថា៖ «ហើយប្រសិនបើយើងឆ្លាត យើងមានឱកាសមួយដើម្បីផ្លាស់ប្ដូរស្ថានភាពនេះបាន»។
លោក Biden ត្រូវបានទទួលស្វាគមន៍នៅក្នុងប្រទេសវៀតណាមដោយមានរៀបចំកម្មវិធីយ៉ាងអធិកអធមមួយនៅខាងក្រៅអគារវិមានប្រធានាធិបតីពណ៌លឿងទុំនៅវៀតណាម។ កុមារជាច្រើននាក់ឈរតម្រង់ជួរដោយមានគ្រវីទង់ជាតិសហរដ្ឋអាមេរិកនិងវៀតណាម ហើយលោក Biden ឈរមើលការដើរក្បួនរបស់ទាហានវៀតណាមផងដែរ។ លោកប្រធានាធិបតីបានឈរគ្រវីដៃទៅកាន់កុមារទាំងនោះ មុនពេលដែលលោកឡើងជិះរថយន្ដ limousine របស់លោក ហើយធ្វើដំណើរទៅកាន់ទីស្នាក់ការកណ្តាលរបស់បក្សកុម្មុយនិស្ដ ដើម្បីជួបជាមួយនឹងអគ្គលេខាធិការបក្សលោក Nguyễn Phú Trọng។
លោក Jon Finer ប្រធានទីប្រឹក្សារងទទួលបន្ទុកផ្នែកសន្ដិសុខជាតិរបស់លោក Biden ថ្លែងថា ស្ថានភាពទំនាក់ទំនងបច្ចុប្បន្ននេះរវាងសហរដ្ឋអាមេរិកនិងវៀតណាមបង្ហាញពីទំនាក់ទំនងភាពជាដៃគូកម្រិតខ្ពស់បំផុតរបស់វៀតណាមនៅក្នុងភាពជាដៃគូអន្តរជាតិ។
ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងវៀតណាមបានចាប់ផ្ដើមកើនឡើងចាប់តាំងពីឆ្នាំ ២០១៩មក។ ក៏ប៉ុន្តែ វានៅមានកម្រិតទៅលើថាតើទំនាក់ទំនងនេះអាចកាន់តែប្រសើរឡើងបានប៉ុណ្ណា ប្រសិនបើគ្មានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងជំនាញរបស់កម្មករ និងអភិបាលកិច្ចរបស់វៀតណាមនោះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា