ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងខែកញ្ញាខាងមុខនេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់វៀតណាម លើប្រធានបទសំខាន់ៗ រួមមាន បច្ចេកវិទ្យានិងសេដ្ឋកិច្ច ស្ថិរភាពតំបន់ និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងស្វះស្វែងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតក្នុងតំបន់នេះ ដែលចិនកំពុងមានឥទ្ធិពលខ្លាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សេតវិមានបាននិយាយថា លោក Biden នឹងជួបជាមួយអគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងមេដឹកនាំជាន់ខ្ពស់វៀតណាមដទៃទៀត នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ មុនពេលលោកបន្តដំណើរទៅកាន់រដ្ឋ Alaska សហរដ្ឋអាមេរិក ដើម្បីចូលរួមទិវារំឭកខួបការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានបំណងកាន់តែខ្លាំងក្នុងការបង្កើនទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងហាណូយ ដោយចាត់ទុកប្រទេសនេះថា ជាដៃគូដ៏សំខាន់នៅក្នុងតំបន់ នៅចំពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន កំពុងមានភាពល្អក់កករកាន់តែខ្លាំង។ ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមក៏ត្រូវថ្លឹងថ្លែងនូវប្រតិកម្មពីប្រទេសចិនក្បែរខាងរបស់ខ្លួនផងដែរ ខណៈដែលចិនកាន់តែបង្ហាញសកម្មភាពគឃ្លើន។
រដ្ឋបាលរបស់លោក Biden មានបំណងពង្រឹងទំនាក់ទំនងអាមេរិកក្នុងតំបន់អាស៊ី ហើយលោក Biden នឹងធ្វើដំណើរទៅដល់ប្រទេសវៀតណាម ក្រោយពីដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសឥណ្ឌាពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនឬ G20 នៅទីនោះ។ ទោះបីជាយ៉ាងនេះក្តី ក៏លោក Biden មិនចូលរួមកិច្ចប្រជុំអាស៊ាននៅដើមខែកញ្ញានោះឡើយ ដោយលោកចាត់តាំងឱ្យអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ចូលរួមប្រជុំជំនួសវិញ។
ក្នុងពេលស្ថិតក្នុងរដ្ឋធានីហាណូយ លោក Biden និងមន្ត្រីវៀតណាមនឹងពិភាក្សាគ្នាអំពីការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញនូវសេដ្ឋកិច្ចវៀតណាមមួយដែលផ្អែកលើនវានុវត្តន៍និងបច្ចេកវិទ្យាជឿនលឿន។ នេះបើតាមសេតវិមាន ដែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពីលោក Biden បានប្រកាសពីផែនការទស្សនកិច្ចរបស់លោកនៅដើមខែនេះ។
ក្រសួងការបរទេសវៀតណាម បាននិយាយនៅថ្ងៃអង្គារនេះថា ដំណើរទស្សនកិច្ចដោយមេដឹកនាំនៃប្រទេសទាំងពីរ នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក៕
លោក Biden នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅខែក្រោយ ខណៈក្រុងវ៉ាស៊ីនតោនស្វះស្វែងបង្កើនទំនាក់ទំនងក្នុងតំបន់
- Reuters
វ៉ាស៊ីនតោន —