ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា​អវត្តមាន​របស់​លោក Xi នៅ​ឯ​សន្និសីទ​កំពូល G20 ជា​ការ​បាត់បង់​ទាំង​ឱកាស​និង​យុទ្ធសាស្រ្ត


រូបឯកសារ៖ ប្រធានាធិបតីចិន លោក Xi Jinping ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីចិន លោក Xi Jinping ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ នៅពេល​សន្និសីទ​កំពូល G20 ចាប់ផ្តើម​នៅ​ក្នុង​រដ្ឋធានី​ញូដេលី ​នៅ​ថ្ងៃ​សៅរ​នេះ អវត្តមាន​របស់​មេដឹកនាំ​ចិន​ លោក Xi Jinping ទំនង​ជាក្លាយ​ជា​រឿងធំ​ជាង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​សាកលលោក​ជា​បន្ទាន់​ ដូចជា​ការប្រែប្រួល​អាកាសធាតុ​និង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជាដើម។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនបាន​និយាយ​ច្រើនទេ​អំពី​មូលហេតុ លោក Xi នឹង​មិន​ទៅ​ចូលរួមក្នុង​សន្និសីទ​កំពូល​នោះ។ នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ឃ្លា​នៅ​លើ​គេហទំព័រ​របស់ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​ចិន​បាន​ប្រកាស​ថា​ លោក​នាយករដ្ឋមន្ត្រី Li Qiang នឹង​ចូលរួម​សន្និសីទ​កំពូល​នោះ​ជំនួស​វិញ។ នៅឯ​សន្និសីទ​កាសែត​ក្រោយមក​នៅ​ថ្ងៃ​នោះ លោក​ស្រី Mao Ning អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន មិនបាន​និយាយ​បន្ថែម​ច្រើន​ទេ ដោយ​គ្រាន់តែ​និយាយ​ថា «ចិន​តែងតែ​ចាត់​ទុក​ថា G20 មាន​សារៈសំខាន់ ហើយ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចប្រជុំ​របស់ G20»។ ​

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​សម្រេច​របស់​លោក Xi ដើម្បី​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ធ្វើ​ឱ្យ​មាន​សំណួរ​ហើយ​នឹង​បង្ហាញ​ការ​ផ្លាស់ប្តូរ​អាទិភាព​នៃ​របៀប​វារៈ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ពួកគេ​និយាយ​ថា​ ការ​មិន​ចូលរួម​ន័យ​ថា​ ជា​ការ​បាត់បង់​ឱកាស​ដើម្បី​ទាក់ទង​ជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក​នៅ​ឯ​ជំនួប​កម្រិតខ្ពស់​បំផុត​ ហើយ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ប្រសើរឡើង។

លោក Moritz Rudolf អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​ចិន​ឈ្មោះ Paul Tsai នៅ​សាកល​វិទ្យាល័យ Yale បាន​ប្រាប់ VOA នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរសព្ទ​ថា «ចិន​ចង់​ក្លាយ​ជា​មេដឹកនាំ​នៅ​ក្នុង​វិស័យ​ការទូត​សាកល​លោក ក៏​ប៉ុន្តែ អវត្តមាន​របស់​លោក Xi ផ្ទុយ​គ្នា​ទៅនឹង​រូបភាព​នេះ»។

លោក Rudolf បាន​និយាយ​ទៀត​ថា​ ការ​សម្រេច​នេះ​ក៏​ឆ្លុះ​បញ្ចាំង​នូវការ​ផ្លាស់ប្តូរ​ការ​ផ្តោត​យកចិត្ត​ទុកដាក់​នៃ​របៀប​វារៈ​គោលនយោបាយ​ការបរទេស​របស់​ចិន​ ដែល​ផ្តល់​អាទិភាព​លើ​ការ​ទាក់ទង​ជាមួយ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែរ។

លោក Rudolf បាន​បន្ថែម​ទៀត​ថា៖ «ចាប់តាំង​ពី​សន្និសីទ​កំពូល BRICS ​និង​ពិធី​ការទូត​ផ្សេងៗទៀត រួមទាំង​សន្និសីទ​កំពូល​ចិន​និង​តំបន់​អាស៊ី​កណ្តាល​ កាលពី​ខែ​ឧសភា​ និង​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ទៅកាន់​តំបន់​មជ្ឈឹម​បូព៌ា យើង​អាច​មើលឃើញ​អាទិភាព​សម្រាប់​គោលនយោបាយ​ការបរទេស​របស់​ចិន»។ លោក​បាន​បន្ថែម​ទៀត​ថា ​ការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​ចិន​គឺ​នៅ​តំបន់​ភាគ​ខាង​ត្បូង​របស់​សាកល​លោក។

លោក​បានបន្ថែមថា៖ «អាទិភាព​នៃ​គោល​នយោបាយ​ការបរទេស​របស់​ចិន​ គឺ​មិន​មែន​នៅឯ​សន្និសីទ​កំពូល G20 ពីព្រោះ​វា​មិន​មែន​ជា​វេទិកា​ដែល​ចិន​អាច​ទទួលអត្ថប្រយោជន៍​ច្រើន​នោះ​ទេ។ វា​ជា​ការ​កាន់តែ​ងាយស្រួល​ឡើង​សម្រាប់​ចិន ក្នុងការ​ផ្តល់​អាទិភាព​លើ​កិច្ចប្រជុំផ្លូវ​ក្រវ៉ាត់​ពាណិជ្ជកម្ម​នៅពេល​ខាង​មុខ​ ដែល​ជា​ទីកន្លែង​ដែល​ចិន​នឹង​ប្រារព្ធ​ខួប​លើក​ទី ១០»។

ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ខួប​លើក​ទី ១០​ នៃកិច្ចប្រជុំ​នេះ​ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ នៅ​ខែ​ក្រោយ​នេះ។

រូបឯកសារ៖ មេដឹកនាំនៃប្រទេសប្រេស៊ីល ចិន ឥណ្ឌា និងរុស្ស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ៥ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ មេដឹកនាំនៃប្រទេសប្រេស៊ីល ចិន ឥណ្ឌា និងរុស្ស៊ី ចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS លើកទី ៥ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។

មិត្ត​ជិតស្និទ្ធ​ជា​អាទិភាព

ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ជាង​មួយ​ទសវត្ស​កន្លង​ទៅ​នេះ លោក Xi មិន​ដែល​ខកខានចូល​រួម​កិច្ចប្រជុំ​កំពូល G20 ម្តងណា​ទេ។ នៅ​ឆ្នាំ​នេះ ថ្វី​បើ​ចិន​បានដក​វិធានការ​តឹងតែង​បង្ការការ​ឆ្លង​ជំងឺ​កូវីដ១៩​ និង​មាន​ការ​ចាប់​ផ្តើម​អាណត្តិ​ទី​ ៣ ​របស់​ប្រធានាធិបតី​ចិន​ដែល​ខុស​ពី​ប្រពៃណី​កន្លង​មក​ក្តី ក៏​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក Xi ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង។​

មក​ទល់​នឹង​ពេល​នេះ លោក Xi បាន​ចាកចេញ​ពី​ប្រទេស​ចិន​តែ​ពីរ​ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​នេះ គឺ​ម្តង​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​មូស្គូ​ដើម្បី​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាល​ពីខែ​មីនា និង​ថ្មីៗ​នេះ​លោក​ទើប​បាន​ទៅ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រទេស​ BRICS នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ ប្រទេស​ទាំង​ពីរ​ដែល​លោក Xi បាន​ធ្វើ​ដំណើរ​ទៅ​សុទ្ធ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន។​

អ្នកស្រី Yun Sun នាយិកា​កម្មវិធី​ចិន​នៅ​មជ្ឈមណ្ឌល Stimson ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរសព្ទថា៖ «ដើម្បី​ឱ្យ​លោក Xi ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​មួយ សូម្បី​តែ​ដើម្បី​[ចូលរួម]វេទិកា​ពហុភាគី​មួយ​ក្តី វា​តម្រូវ​ឱ្យ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​នោះ​មាន​ទំនាក់ទំនង​ទ្វេភាគី​ល្អ​បង្គួរ​ដែរ​ជាមួយ​នឹង​ប្រទេស​ចិន‍»។​

ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​ពី​ប្រពៃណី​នេះ រួម​មាន​ការ​ចូលរួម​របស់​លោក Xi នៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូណេស៊ី និង​ការ​ចូលរួម​របស់​លោក​នៅ​កិច្ចប្រជុំ APEC នៅ​ប្រទេស​ថៃ​កាល​ពីឆ្នាំ​ ២០២២។

អ្នកស្រី Yun Sun បន្ថែម​ថា៖ «ប្រទេស​ទាំង​នេះ​មាន​ទំនាក់ទំនង​ល្អ​បង្គួរ​ជាមួយ​ចិន ដូច្នេះ​ខ្ញុំ​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ ដែល​លោក Xi សម្រេច​មិន​ចូល​រួម​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌា»។

អ្នកស្រី Yun Sun និង​អ្នក​វិភាគ​ដទៃ​ទៀត​យល់​ថា​ ភាព​តានតឹងដែល​មិន​ទាន់​ដោះស្រាយ​បាន​រវាង​ចិន​និង​ឥណ្ឌា​ បាន​រួម​ចំណែក​ដល់​អវត្តមាន​របស់​លោក Xi នៅ​កិច្ចប្រជុំ G20។

អ្នកស្រី Yun Sun​ ថ្លែង​ថា៖ «តាម​ទស្សនៈ​របស់​ចិន ឥណ្ឌា ​មិន​ធ្វើការ​ជាមួយ​ចិន​ទេ‍។ ចិន​បាន​ត្អូញត្អែរ​ថា ឥណ្ឌា​បាន​ប្រើ​កិច្ចប្រជុំ G20 និង​កិច្ចប្រជុំ​ទាក់ទង​ផ្សេង​ទៀត​ ដើម្បី​ជំរុញ​ការ​ទាមទារ​របស់​ខ្លួន​ចំពោះ​ដែនដី​មាន​ជម្លោះ‍»។​

ទោះបី​ចិន​និង​ឥណ្ឌា​បាន​ធ្វើ​ការ​សន្ទនា​គ្នា​ជា​ច្រើន​លើក​ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មាន​ជម្លោះ​ដ៏​យូរលង់​ក្តី ក៏​ផែនទី​ថ្មី​មួយ​ដែល​ត្រូវ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ផ្សព្វផ្សាយ​កាល​ពី​សប្តាហ៍​មុន បង្ហាញ​អំណះអំណាង​របស់​ចិន​លើ​ដែនដី​មាន​ជម្លោះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ធ្វើ​ការ​តវ៉ា​ខាង​ការទូត​ចំពោះ​ចិន។

ក្រៅ​ពី​ភាព​តានតឹង​មិន​ស្រាកស្រាន្ត​ជាមួយ​ឥណ្ឌា អ្នក​វិភាគ​ផ្សេង​ទៀត​គិត​ថា កិច្ចប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ទប់ទល់​នឹង​ចិន និង​ការ​គាំទ្រ​ផ្នែក​យោធា​នា​ពេល​ថ្មីៗនេះ​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​កោះ​តៃវ៉ាន់ អាច​រួម​ចំណែក​ដល់​ការ​សម្រេច​របស់​លោក Xi ក្នុង​ការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល G20។

លោក Zhiqun Zhu អ្នក​ជំនាញ​ខាង​គោលនយោបាយ​ការ​បរទេស​របស់​ចិន នៅ​សាកល​វិទ្យាល័យ Bucknell បាន​ឆ្លើយ​តប​តាម​សារ​អ៊ីមែល​មក​កាន់វីអូអ​ថា៖ «ទស្សនកិច្ច​របស់​លោក Biden ទៅ​ប្រទេស​ឥណ្ឌា និង​វៀតណាម ត្រូវ​គេ​មើល​ឃើញពី​ទី​ក្រុង​ប៉េកាំង ថា​ជា​កិច្ចប្រឹងប្រែង​ដើម្បី​ហ៊ុមព័ទ្ធ​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​បង្កើន​ជំនួយ​យោធា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដល់​កោះ​តៃវ៉ាន់‍»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ចាប់ដៃស្វាគមន៍គ្នា មុនជំនួបទ្វេភាគីមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping ចាប់ដៃស្វាគមន៍គ្នា មុនជំនួបទ្វេភាគីមួយ ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

អវត្តមាន​នៅ APEC ទៀត?

ប្រតិកម្ម​ពី​មេដឹកនាំ​នានា​ក្នុង​ពិភពលោក​ចំពោះ​អវត្តមាន​របស់​លោក Xi នៅ​ក្នុង​កិច្ចប្រជុំ G20 មាន​ភាព​ចម្រុះ ដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​សម្តែង​ការ​ខកចិត្ត​នឹង​ដំណឹង​នេះ ហើយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក Subrahmanyam Jaishankar កត់​សម្គាល់​ថា អវត្តមាន​របស់​លោក Xi នឹង​មិន​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​របស់​មេដឹកនាំ​ G20 ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​ទេ។

ថ្វី​បើ​អ្នក​សង្កេតការណ៍​ខ្លះ​ថា វា​នឹង​ជា​ការ​បាត់បង់​ឱកាស អ្នក​វិភាគ​ខ្លះ​ទៀត​យល់​ថា ការ​សម្រេច​ចិត្ត​របស់​ចិន​មិន​ចូលរួម​ជាមួយ​ប្រទេស​ជាក់លាក់​មួយ​ចំនួន ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​ទាំង​នោះ​ផ្លាស់​ប្តូរ​ឥរិយាបថ។

អ្នកស្រី Sun ពី​មជ្ឈមណ្ឌល​ Stimson ថ្លែង​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរសព្ទ​ថា៖ «ជា​ឧទាហរណ៍ ប្រសិន​បើ​គោលដៅ​គឺ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​សហរដ្ឋ​អាមេរិក អ្នក​ខ្លះ​នឹង​និយាយ​ថា ការណ៍​ដែល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​រដ្ឋមន្ត្រី​រហូត​ ៤ ​រូប​ទៅ​កាន់​ក្រុង​ប៉េកាំង​ចាប់​តាំង​ពី​ខែ​មិថុនា​មក ជា​សញ្ញា​ល្អ​មួយ​ដែល​បង្ហាញ​ថា យុទ្ធសាស្ត្រ​របស់​ចិន​កំពុង​បាន​សម្រេច‍»។

គេ​មិន​ទាន់​ដឹង​ទេ​ថា តើ​ចិន​នឹង​ប្រើ​យុទ្ធសាស្ត្រ​នេះ ចំពោះ​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ APEC ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង San Francisco នៅ​ពេល​ខាង​មុខ ឬ​យ៉ាង​ណា៕

ប្រែសម្រួលដោយលោក ជឹង ប៉ូជីន និងលោក សឹង សុផាត

XS
SM
MD
LG