លោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេព្យាករណ៍ថា ជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានរិះគន់ខ្លាំងៗកាលពីថ្ងៃព្រហស្បតិ៍ទៅលើលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចំពោះការបដិសេធពុំព្រមសុខចិត្តចុះចាញ់ការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ និងចំពោះការរារាំងក្រុមការងាររៀបចំដំណើរការផ្ទេរអំណាចរបស់លោក មិនឲ្យទទួលបានព័ត៌មានសំខាន់ៗពីរដ្ឋាភិបាលអំពីការរាតត្បាតនៃវីរុសកូរ៉ូណា។
លោក បៃដិន បាននិយាយអំពីលោក ត្រាំ ថា៖ «វាជាការពិបាកដើម្បីប្រមើលមើលថា បុរសរូបនេះគិតយ៉ាងដូចម្តេចនោះ។ ខ្ញុំមានទំនុកចិត្តថា លោកដឹងថា លោកមិនបានឈ្នះការបោះឆ្នោតនេះទេ។ លោកនឹងមិនឈ្នះការបោះឆ្នោតនេះទេ ហើយយើងនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុខ»។ លោក បៃដិន បានមានប្រសាសន៍ទៀតថា៖ «ខ្ញុំមិនដឹងថា គោលបំណងរបស់លោក គឺជាអ្វីទេ។ ប៉ុន្តែអ្វីដែលលោក ត្រាំ កំពុងធ្វើនេះ វាជ្រុលហួសហេតុពេកហើយ»។
លោកអតីតអនុប្រធានាធិបតី បៃដិន បានមានប្រសាសន៍ទៀតថា មន្ទីរពេទ្យនៅទូទាំងប្រទេស កំពុងឃើញមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ មុនពេលថ្ងៃឈប់សម្រាកបុណ្យថ្លែងអំណរគុណ Thanksgiving និងបុណ្យណូអែល មកដល់ ដោយបានដាក់សម្ពាធយ៉ាងខ្លាំង«លើមន្ទីរពេទ្យ និងបុគ្គលិកពេទ្យ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច»។
លោក បៃដិន បានប្រាប់មេដឹកនាំកំពូលៗនៃសមាគមជាតិអភិបាលរដ្ឋថា៖ «លោកអ្នក ត្រូវការជំនួយ ហើយខ្ញុំចង់ឲ្យលោកអ្នកដឹងថា ខ្ញុំនឹងក្លាយជាដៃគូរបស់លោកអ្នកនៅក្នុងសេតវិមាន»។
ការឆ្លងជំងឺកូវីដ១៩ ថ្មីរាប់សែនករណី កើតឡើងជារៀងរាល់ថ្ងៃនៅក្នុងសហរដ្ឋអាមេរិក ហើយចំនួនមនុស្សស្លាប់វិញ គឺមានលើសពី ២ សែន ៥ ម៉ឺននាក់ ដែលជាចំនួនច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងពិភពលោក។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក៕