មន្រ្តីបោះឆ្នោតនៅទូទាំងរដ្ឋ Georgia ភាគខាងកើតសហរដ្ឋអាមេរិក កំពុងប្រឹងប្រែងមុនថ្ងៃផុតកំណត់នៅថ្ងៃពុធ ដើម្បីបញ្ចប់ការរាប់សន្លឹកឆ្នោតសរុបដោយដៃនៅក្នុងរដ្ឋនេះ។ ការរាប់សន្លឹកឆ្នោតជិត៥លានសន្លឹកឡើងវិញដោយដៃ ផ្តើមចេញពីការធ្វើសវនកម្មមួយ ដែលតម្រូវដោយច្បាប់រដ្ឋថ្មី ហើយមិនឆ្លើយតបទៅនឹងបញ្ហាដែលសង្ស័យទាក់ទងនឹងលទ្ធផលក្នុងរដ្ឋ ឬសំណូមពររាប់ឡើងវិញជាផ្លូវការទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
ពេលផុតកំណត់សម្រាប់សង្កាត់នានាបញ្ចប់ការធ្វើសវនកម្មគឺ ម៉ោង១១:៥៩នាទីយប់ ថ្ងៃពុធ គឺមុនថ្ងៃផុតកំណត់ថ្ងៃសុក្រសម្រាប់ការបញ្ជាក់តួលេខរបស់រដ្ឋនេះ។ មន្ត្រីបោះឆ្នោតនៅរដ្ឋនេះ បាននិយាយម្តងហើយម្តងទៀតថា ការរាប់សន្លឹកឆ្នោតដោយមនុស្ស គឺដើម្បីធានាថា ម៉ាស៊ីនបោះឆ្នោតថ្មីរបស់រដ្ឋនេះ គណនាសន្លឹកឆ្នោតបានត្រឹមត្រូវ ហើយមិនរំពឹងថា នឹងផ្លាស់ប្តូរលទ្ធផលទាំងមូលទេ។
ការរាប់លើកមុនបង្ហាញថា លោក ចូ បៃដិន (Joe Biden) បេក្ខជនគណបក្សប្រជាធិបតេយ្យ បាននាំមុខលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) បេក្ខជនគណបក្សសាធារណរដ្ឋ ដោយសំឡេងឈ្នះប្រមាណ ១៤.០០០ សំឡេង។ ក្រោយលទ្ធផលត្រូវបានបញ្ជាក់រួច ហើយប្រសិនបើគម្លាតរវាងបេក្ខជននៅតែស្ថិតរវាង ០,៥% នោះភាគីចាញ់ អាចស្នើសុំរាប់ឡើងវិញ។
ក្នុងរយៈពេលពីរសប្តាហ៍ ចាប់តាំងថ្ងៃបោះឆ្នោតមក លោក Brad Raffensperger លេខាធិការនៃរដ្ឋ Georgia បានរងការវាយប្រហារពីសំណាក់សមាជិករួមពីគណបក្សសាធារណរដ្ឋ និងពីលោកប្រធានាធិបតី។
សមាជិកព្រឹទ្ធសភាអាមេរិកពីររូបនៅរដ្ឋ Georgia ដែលប្រឈមនឹងការប្រកួតប្រជែងយ៉ាងប្រកិតពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៥ខែមករានោះ បានអំពាវនាវឲ្យលោក Raffensperger លាលែងពីតំណែង។
ទីភ្នាក់ងារព័ត៌មាន AP មិនទាន់បានប្រកាសអ្នកឈ្នះនៅឡើយទេ ក្នុងការប្រកួតប្រជែងនៅរដ្ឋ Georgia ទីដែលលោក បៃដិន បាននាំមុខលោកត្រាំចំនួន ០,៣%នោះ៕