លោក ចូ បៃដិន (Joe Biden) ត្រូវបានព្យាករណ៍ថាឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Georgia ដែលជាជ័យជម្នះដ៏កម្រមួយនៅក្នុងរដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិកមួយនេះ ដែលមិនបានបោះឆ្នោតគាំទ្របេក្ខជនគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតី អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។
ទីភ្នាក់ងារព័ត៌មាន AP បានប្រកាសថា លោក បៃដិន ត្រូវបានព្យាករណ៍ថាជាអ្នកឈ្នះនៅក្នុងរដ្ឋ Georgia ដែលមានអង្គបោះឆ្នោតចំនួន ១៦ កាលពីថ្ងៃព្រហស្បត៍ម្សិលមិញ បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋនោះបាននិយាយថា ការរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីបានបញ្ជាក់ថា លោកអតីតអនុប្រធានាធិបតី បៃដិន បាននាំមុខលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដោយសន្លឹកឆ្នោតប្រមាណ ១ ម៉ឺន ២ ពាន់សន្លឹកនៃសន្លឹកឆ្នោតជិត ៥ លានសន្លឹកដែលបានរាប់។
ទីភ្នាក់ងារព័ត៌មាន AP បានប្រកាសរួចមកហើយថា លោក បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតបន្ទាប់ពីលោកបានទទួលបានប្រតិភូ ២៧០ ដែលត្រូវការដើម្បីឈ្នះ។
ជ័យជម្នះនៅក្នុងរដ្ឋ Georgia បានបង្កើនចំនួនអង្គបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសរុបទាំងអស់ដល់ទៅ ៣០៦។
ទីភ្នាក់ងារព័ត៌មាន AP មិនបានប្រកាសថាលោក បៃដិន ទទួលបានជ័យជម្នះភ្លាមៗទេនៅក្នុងរដ្ឋនេះទេ បន្ទាប់ពីមន្ត្រីរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋ Georgia បានរាប់សន្លឹកឆ្នោតរួចរាល់និងបញ្ចេញលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីដំបូងឡើយ ពីព្រោះតែជ័យជម្នះបន្តិចបន្តួចរបស់លោក បៃដិន លើលោក ត្រាំ នៅក្នុងរដ្ឋនេះគឺមានត្រឹមតែ ០,៣ ភាគរយប៉ុណ្ណោះ។
ជាទូទៅ ទីភ្នាក់ងារព័ត៌មាន AP មិនប្រកាសជ័យជម្នះរបស់គណបក្សណាមួយនៅក្នុងរដ្ឋណាមួយភ្លាមៗទេនៅពេលដែលអាចមានការរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋនោះ។
ខណៈដែលមិនមានច្បាប់ដែលតម្រូវឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋ Georgia ច្បាប់របស់រដ្ឋនេះចែងថា បេក្ខជនដែលស្ថិតនៅពីក្រោយគេក្នុងការបោះឆ្នោតនោះមានជម្រើសស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញបាន ប្រសិនបើសំឡេងឆ្នោតមានភាពខុសគ្នាតិចជាង ០,៥ ភាគរយ៕