ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ត្រាំ​ ថា​​លោក​មិន​បាន​​ទទួល​ស្គាល់​ការ​ចាញ់​ឆ្នោត​ទេ ក្រោយ​ពី​បាន​​​​ប្រើ​ពាក្យ​តាម Twitter ថា «គាត់​បាន​ឈ្នះ» ដែល​សំដៅលោក បៃដិន


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមថ្លែងសុន្ទរកថានៅសេតវិមាន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមថ្លែងសុន្ទរកថានៅសេតវិមាន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ទី​ភ្នាក់​ងារ​ព័ត៌មាន ​AP រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កំពុងខិតខំ​ទាញត្រឡប់​មក​វិញ​នូវ​ពាក្យ​សម្ដីដែលទំនង​ជា​ការ​ទទួលស្គាល់​ការ​ឈ្នះ​ឆ្នោត​របស់​គូប្រជែងលោក​គឺ​លោក ចូ បៃដិន (Joe Biden) នោះ​ ដោយ​លោក​ ត្រាំ​ បញ្ជាក់​ច្បាស់ថា​ លោក​នឹងព្យាយាមធ្វើ​ឲ្យលទ្ធផល​បោះ​ឆ្នោត​ប្រែ​ប្រួល​វិញ។​

កាលថ្ងៃ​អាទិត្យ​ លោក​ ត្រាំ​ បាន​ផ្តល់ឲ្យ​អ្នក​រិះគន់​និង​អ្នក​គាំទ្រ​ជា​ច្រើននូវ​ក្តី​សង្ឃឹម​ថា ​សេតវិមានបាន​ត្រៀម​ខ្លួន​ធ្វើ​ការងារ​ជាមួយក្រុម​អន្តរកាល​របស់​លោក Biden ប៉ុន្តែ​ក្រោយ​មកលោក​ ត្រាំ ​បញ្ជាក់​ថា ​មិន​ដូច្នេះ​ទេ។

ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក Biden​ នោះ​ក្នុង​សារ​នោះលោក​ត្រាំនិយាយ​ថា ​«គាត់ឈ្នះ​» នៅ​ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​ក្នុងបណ្តាញ Twitter ​ដោយ​លោក​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត​នោះ។

ប៉ុន្តែ នៅ​ពេល​លោកប្រធានាធីបតី​ ត្រាំ បាន​ឃើញសារ​របស់​លោកត្រូវ​បាន​គេ​បក​ស្រាយខុស​ថា លោក​ទទួល​ស្គាល់ពី​ជ័យ​ជម្នះ​របស់​លោក​ Biden​ នោះ​ លោក ត្រាំ បាន​ប្រកាស​ទាត់​ចោល​ភ្លាមៗ​នូវ​ការ​បក​ស្រាយ​នោះ។

លោក​ត្រាំ​បាន​បង្ហោះ​សារ​បក​ស្រាយ​ថា៖ «លោក ​Biden ជា​អ្នក​ឈ្នះ​ឆ្នោតតែ​ក្នុង​ក្រសែ​ភ្នែក​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​ក្លែង​ក្លាយ​ប៉ុណ្ណោះ។​ ខ្ញុំ​មិន​បាន​ប្រកាស​ទទួ​ល​ការ​ចាញ់​អ្វី​ទាំង​អស់។ យើង​មាន​ដំណើរ​ផ្លូវ​ទៅ​មុខ​ឆ្ងាយ​ទៀត។ នេះ​ជា​ការ​បោះឆ្នោត​មួយ​ ដែល​មាន​ការ​លួច​បន្លំ»។


អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ ក្នុងកម្មវិធីដែលមានឈ្មោះថា «៦០នាទី» (60 Minutes) របស់ទូរទស្សន៍ CBS បានលើកឡើងថា លោកសូមរំឭកដល់លោក ត្រាំ ថា ក្នុងនាមជាប្រធានាធិបតី លោកជាមន្ត្រីរដ្ឋការសាធារណៈមួយរូប និងជាអ្នកកាន់កាប់តួនាទីដឹកនាំបណ្តោះអាសន្នតែប៉ុណ្ណោះ។

ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ លោក ​ត្រាំ​ ហាក់​កាន់​តែខិត​ជិត​ទៅ​រក​ការ​ទទួល​ស្គាល់​នៃភាព​បរាជ័យ​របស់​លោក។ ក្នុង​ការ​ថ្លែង​មួយនៅ​សេតវិមាន​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ជុំវិញវ៉ាក់សាំង​ការពារជំងឹ​កូវីដ​១៩​ នោះ​ លោក ​ត្រាំ លើក​ឡើង​ថា ​រដ្ឋបាល​របស់​លោក​នឹង​មិនបិទសកម្មភាព​ ដើម្បី​ធ្វើ​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ នោះ​ឡើយ។​

លោក​បន្ថែម​ថា៖​ «អ្វី​ក៏​ដោយ​ដែ​ល​នឹង​កើត​មាន​ឡើង​ក្នុង​ពេល​អនាគត​ ហើយ​ តើ​វា​ជា​រដ្ឋបាល​របស់​អ្នក​ណា​នោះ​ ខ្ញុំ​គិត​ថា ​មា​ន​តែ​ពេល​វេលា​ទេ ​ជា​អ្នក​ដឹង»៕

XS
SM
MD
LG