កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឱ្យក្រុមហ៊ុនប្រេងឥន្ធនៈនិងក្រុមហ៊ុនឧស្ម័នប្រើប្រាក់ចំណេញដ៏ច្រើនមិនធ្លាប់មានពីមុនមកដែលពួកគេទទួលបានពីការលក់ប្រេងឥន្ធនៈនិងឧស្ម័នដើម្បីបញ្ចុះតម្លៃសម្រាប់ពលរដ្ឋអាមេរិកាំងនិងបង្កើនផលិតកម្ម បើមិនដូច្នេះទេពួកគេត្រូវបង់ពន្ធខ្ពស់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Biden អំពាវនាវដូច្នេះ នៅចំពេលដែលលោកកំពុងដោះស្រាយបញ្ហាសាំងឡើងថ្លៃដើម្បីទាក់ទាញអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីដែលនឹងធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។
នៅក្នុងសុន្ទរកថាថ្លែងនៅសេតវិមាន លោក Biden បានរិះគន់ក្រុមហ៊ុនប្រេងឥន្ធនៈធំៗថាទទួលបានប្រាក់ចំណេញខ្ពស់ នៅពេលដែលពលរដ្ឋអាមេរិកាំងដែលកំពុងធុញទ្រាន់នឹងបញ្ហាអតិផរណាត្រូវចំណាយច្រើនសម្រាប់ការចាក់សាំងបំពេញរថយន្តរបស់ពួកគេ។
លោក Biden បាននិយាយថា ឧស្សាហកម្មប្រេងឥន្ធនៈ «មិនបានធ្វើតាមការតាំងចិត្តរបស់ខ្លួននៅក្នុងការវិនិយោគនៅក្នុងសហរដ្ឋអាមេរិកនិងនៅក្នុងការគាំទ្រពលរដ្ឋអាមេរិកាំងនោះទេ»។ លោកបានបន្ថែមថា ប្រាក់ចំណេញដែលក្រុមហ៊ុនទាំងនេះទទួលបានគឺមានចំនួន «ខ្ពស់បំផុតដែលមិនគួរឱ្យជឿ»។
លោក Biden បានបញ្ជាក់ថា «ប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងនេះគឺជាលាភដែលទទួលបានដោយចៃដន្យពីសង្គ្រាម» របស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុនទាំងនេះមានកាតព្វកិច្ចនៅក្នុងការដោះស្រាយបញ្ហាសាំងឡើងថ្លៃនេះ។
លោកលើកឡើងដូច្នេះថា៖ «ប្រសិនបើក្រុមហ៊ុនទាំងនេះមិនចាត់វិធានការលើរឿងនេះទេ ពួកគេត្រូវបង់ពន្ធខ្ពស់លើប្រាក់ចំណេញហួសកម្រិតរបស់ពួកគេ ហើយនឹងប្រឈមនឹងការដាក់កំហិតផ្សេងៗទៀត»។
លោកបានបន្ថែមថា សេតវិមាននឹងធ្វើការជាមួយនឹងសភាដើម្បីពិចារណាលើជម្រើសទាំងនេះនិងជម្រើសដទៃទៀត និងថា «វាដល់ពេលដែលក្រុមហ៊ុនទាំងនេះបញ្ឈប់ការទទួលបានប្រាក់ចំណេញពីសង្គ្រាម» នេះហើយ៕
លោក Biden អំពាវនាវឱ្យក្រុមហ៊ុនប្រេងឥន្ធនៈបញ្ឈប់ការកេងចំណេញពីសង្គ្រាមនៅអ៊ុយក្រែន
- Reuters
វ៉ាស៊ីនតោន —