ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​ពិចារណា​ការ​ផ្អាក​យក​ពន្ធ​សហព័ន្ធ​លើ​ប្រេង​ឥន្ធនៈ


រូបឯកសារ៖ តម្លៃប្រេង​ឥន្ធនៈលើសពី ៨ ដុល្លាក្នុងមួយហ្កាឡុង (៣,៧លីត្រ) ត្រូវបានដាក់ផ្សាយនៅស្ថានីយ៍ Chevron ក្នុងទីក្រុង Los Angeles រដ្ឋ California ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ តម្លៃប្រេង​ឥន្ធនៈលើសពី ៨ ដុល្លាក្នុងមួយហ្កាឡុង (៣,៧លីត្រ) ត្រូវបានដាក់ផ្សាយនៅស្ថានីយ៍ Chevron ក្នុងទីក្រុង Los Angeles រដ្ឋ California ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក ​Joe Biden​ មាន​គម្រោង​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ស្តីពី​តម្លៃ​ប្រេង​ឥន្ធនៈ​ និង​ការ​ប៉ះ​ពាល់​ផ្នែក​សេដ្ឋកិច្ច​ ដោយ​សារ​សង្គ្រាម​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​ ខណៈ​លោក​កំពុង​ពិចារណា​ថា ​ តើ​គួរ​គាំទ្រ​ការ​ផ្អាក​ពន្ធ​សហព័ន្ធ​លើ​ប្រេង​ឥន្ធនៈ​នៅ​ទូទាំង​ប្រទេស ​ឬ​យ៉ាង​ណា​នោះ។​

លោក​ Biden​ បាន​និយាយ​ថា​ ​លោក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​មុន​ដំណាច់​សប្តាហ៍​នេះ។

ពន្ធ​សហព័ន្ធ​សម្រាប់​ប្រេង​ឥន្ធនៈ​គឺ​ប្រមាណ​១៨,៤​សេន​ក្នុង​មួយ​ហ្កាឡុង​ ឬ​ប្រមាណ​ជាង​៣,៧​លីត្រ។​ លុយ​ពន្ធនេះ​គឺ​សម្រាប់​គម្រោង​ធ្វើ​ផ្លូវ។​

ប្រេង​សាំង​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិកនៅ​ពេល​នេះ​គឺ​ប្រមាណ​ជា​៥​ដុល្លារ​ក្នុង​មួយ​ហ្កាឡុង។ តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ជុំវិញ​ពិភពលោក​បាន​ឡើង​ខ្លាំង​ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ដោយ​សារ​តម្រូវ​ការ​ប្រើ​ប្រាស់កើន​ឡើង​ ផលិត​កម្ម​មាន​ការ​ប្រឈម ​ហើយនឹង​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ ដែល​ជា​អ្នក​ផលិត​ប្រេង​ដ៏​សំខាន់។​ ទាំង​នេះ​ជា​កត្តា​ចម្បង​ ដែល​ធ្វើ​ឱ្យ​ប្រេង​សាំង​ឡើង​ថ្លៃ។

អ្នក​នាំ​ពាក្យ​សេតវិមាន លោក​ស្រី​ Karine Jean-Pierre ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ថា​ បញ្ហា​នេះ​ជា​អទិភាព​សម្រាប់​លោក​ Biden ​ ហើយ​ជម្រើស​ជា​ច្រើន​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា។​ ​

លោក​ស្រី​បន្ត​ថា​ «លោក​ប្រធានាធិបតី​នឹង​ធ្វើ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​លោក​អាច​ធ្វើ​បាន​ ដើម្បី​សម្រាល​ការ​លំបាក ​និង​សម្ពាធ​លើ​ពល​រដ្ឋ​អាមេរិកកាំង​ ទាក់​ទង​នឹង​តម្លៃ​ប្រេង​សាំង»។ ​

អ្នក​ជំទាស់​ការ​ផ្អាក​ពន្ធប្រេង​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​សមាជិក​សភា​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ផង​ដែរ​ បាន​លើក​ឡើង​ថា​ ការ​ផ្អាក​នេះ​នឹង​មិន​អាច​ជួយ​ដោះ​ស្រាយ​ការ​ផ្គត់​ផ្គង់​ប្រេង​នោះ​ឡើយ​ ហើយ​វា​ធ្វើ​ឱ្យ​បាត់​ថវិកា​សម្រាប់​តម្រូវ​ការ​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ផង​ដែរ៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​The Associated Press និង Reuters)

XS
SM
MD
LG