ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់ប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zeleskiy នៅឯជំនួបនៅសេតវិមានកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នៅតែ«តាំងចិត្តដ៏មុតមាំដល់អធិបតេយ្យភាពប្រទេសអ៊ុយក្រែនប្រឈមនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី»នៅភាគខាងកើត។
សេតវិមានបានប្រកាសការគាំទ្រដ៏មុតមាំដល់អធិបតេយ្យភាពរបស់អ៊ុយក្រែនលើឧបទ្វីប Crimea ដែលរដ្ឋាភិបាលក្រុងម៉ូស្គូ បានភ្ជាប់យកដោយឯកតោភាគីនៅឆ្នាំ២០១៤ ដែលបានបណ្តាលឲ្យមានការបន្តជម្លោះរវាងរដ្ឋជិតខាងនេះ។
បន្ទាប់ពីជំនួបបានបញ្ចប់ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «សហរដ្ឋអាមេរិកមិនដែល ហើយនឹងមិនទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីនៅក្នុងតំបន់ Crimea ទេ ហើយបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងដល់ការប្រឹងប្រែងជាអន្តរជាតិ រួមមានចែងនៅក្នុងសន្ធិសញ្ញា Normandy Format ដែលមានគោលបំណងចរចាដោយផ្អែកលើច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយការទូតសម្រាប់ជម្លោះដែលដឹកនាំដោយរុស្ស៊ីនៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន»។
សហរដ្ឋអាមេរិក ក៏បានប្រកាសការផ្តល់កញ្ចប់ជំនួយខាងសន្តិសុខថ្មីដែលមានទឹកប្រាក់៦០លានដុល្លារ រួមមានការបន្ថែមប្រព័ន្ធប្រឆាំងរថពាសដែក Javelin និងគ្រឿងសព្វាវុធផ្សេងៗទៀត។
មេដឹកនាំទាំង២ ក៏បានពិភាក្សាពីគោលនយោបាយថាមពល និងអាកាសធាតុ ការខំប្រឹងប្រែងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន សេចក្តីប្រាថ្នារបស់អ៊ុយក្រែនធ្វើជាសមាជិកអង្គការអូតង់ និងបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 រវាងរុស្ស៊ី និងអឺរ៉ុប ដែលអ៊ុយក្រែនជំទាស់៕