រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានធ្វើដំណើរទៅដល់ទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃអង្គារនេះ ដើម្បីជួបពិភាក្សាជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលហៅថាអូតង់ លើបញ្ហាមួយចំនួនដូចជា បញ្ហាកសាងកម្លាំងយោធារបស់ប្រទេសរុស្ស៊ីនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងកិច្ចប្រតិបត្តិការរបស់ក្រុមចម្រុះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងពេល ៣ សប្តាហ៍ក្រោយមក បន្ទាប់ពីលោក Blinken បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមួយជាមួយសមភាគីមកពីបណ្តាប្រទេសដែលជាសមាជិកអង្គការអូតង់នៅក្នុងទីក្រុងប្រ៊ុចសែល។ នៅក្នុងកិច្ចប្រជុំនោះ លោក Blinken បាននិយាយអំពីអាទិភាពសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការផ្តោតលើការពង្រឹងចំណងទាក់ទងជាមួយសម្ព័ន្ធមិត្ត។
លោក Blinkenបានសរសេរនៅលើ Twitter កាលពីថ្ងៃចន្ទម្សិលមិញថា៖ «ខ្ញុំរីករាយដែលបានត្រឡប់ទៅទីក្រុងប្រ៊ុចសែលម្ដងទៀត។ សហរដ្ឋអាមេរិកតាំងចិត្តស្ថាបនាឡើងវិញនូវសម្ព័ន្ធភាព ជាពិសេសជាមួយសម្ព័ន្ធមិត្តអង្គការអូតង់។ យើងនៅតែប្រកាន់ខ្ជាប់ដដែលនូវការគាំទ្ររបស់យើងចំពោះអង្គការអូតង់ក្នុងនាមជាវេទិកាដ៏សំខាន់មួយសម្រាប់សន្តិសុខនៃបណ្ដាប្រទេសនៅសងខាងមហាសមុទ្រអាត្លង់ទិក»។
ចលនាទ័ពរបស់រុស្ស៊ីកាលពីពេលថ្មីៗនេះនៅតាមតំបន់បណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន បានបង្កើនក្តីព្រួយបារម្ភនៅក្នុងសហរដ្ឋអាមេរិកនិងទីកន្លែងផ្សេងទៀត។
លោក Blinken បាននិយាយជាមួយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg អំពីស្ថានភាពនេះកាលពីថ្ងៃចន្ទម្សិលមិញ និងបានបញ្ជាក់ថា មានការព្រមព្រៀងគ្នាទៅវិញទៅមកថា «រុស្ស៊ីត្រូវតែបញ្ចប់ការស្ថាបនាយោធាដ៏គ្រោះថ្នាក់និងភាពគឃ្លើនជាបន្តរបស់ខ្លួននៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន»។
ប្រធានបទពិភាក្សាសំខាន់មួយទៀតនៅក្នុងដំណើរទស្សនកិច្ចនេះ គឺស្ថានភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការពិភាក្សានេះនឹងធ្វើឡើងក្នុងពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលកាលបរិច្ឆេទផុតកំណត់ថ្ងៃទី ១ ខែឧសភា នៃការព្រមព្រៀងរវាងរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងក្រុមតាលីបង់ (Taliban) នៅក្នុងការដកកងទ័ពអាមេរិកាំងដែលនៅសេសសល់ចំនួន ២.៥០០ នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថាន ចូលមកដល់៕