ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តាមទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពី «ការបង្កើនយោធា» របស់រដ្ឋាភិបាលរុស្ស៊ីនៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែន និងនៅក្នុងតំបន់ Crimea។ លោក Biden បានស្នើឲ្យរុស្ស៊ី «បន្ធូរបន្ថយភាពតានតឹង»។ នេះបើយោងតាមការបញ្ជាក់របស់សេតវិមាន។
សេតវិមានបានលើកឡើងដូច្នេះថា៖ «លោកប្រធានាធិបតី Biden បានបញ្ជាក់អំពីការតាំងចិត្តមិនងាករេរបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន»។
សេតវិមានមិនបានបញ្ជាក់អំពីប្រតិកម្មរបស់លោក Putin ចំពោះការលើកឡើងរបស់លោក Biden នេះទេ។
រុស្ស៊ីបានភ្ជាប់យកតំបន់ Crimea របស់ប្រទេសអ៊ុយក្រែននៅឆ្នាំ ២០១៤។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសបានថ្កោលទោសការដណ្ដើមកាន់កាប់នេះ ប៉ុន្តែមិនបានធ្វើអ្វីដើម្បីរារាំងនោះទេ។
ចាប់តាំងពីពេលនោះមក ក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន បានប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្សប្រហែល ១៣.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធនៅប្រទេសអ៊ុយក្រែន ដែលក្នុងនោះ អ្នកស្លាប់ប្រហែល ១ ភាគ ៤ គឺជាជនស៊ីវិល។
សហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា កាលពីពេលថ្មីៗនេះ រុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រហែល ៤.០០០ នាក់នៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន។
យោងតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន លោក Biden បានស្នើឲ្យមានកិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី «នៅក្នុងប្រទេសទី ៣ នៅក្នុងពេលប៉ុន្មានខែខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហានានាដែលសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីប្រឈម»៕