ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ពួកគេកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយយល់ព្រមបញ្ជូនឯកអគ្គរដ្ឋទូតរបស់ប្រទេសពួកគេរៀងៗខ្លួនទៅប្រចាំការនៅរដ្ឋធានីវ៉ាស៊ីនតោននិងមូស្គូវិញ និងរៀបចំធ្វើកិច្ចការដើម្បីឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងថ្មីជំនួសកិច្ចព្រមព្រៀងបច្ចុប្បន្នរវាងប្រទេសទាំងពីរដើម្បីរឹតត្បិតការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប៉ុន្តែមេដឹកនាំទាំងពីរបានបង្ហាញពីទស្សនៈខុសគ្នាយ៉ាងខ្លាំងចំពោះបញ្ហាតានតឹងនិងលំបាកៗមួយចំនួន ដោយរួមមានទាំងបញ្ហាវាយប្រហារនិងការជំរិតទារប្រាក់តាមអ៊ីនធឺណិតពីប្រទេសរុស្ស៊ីផងដែរ។
លោក Putin បានទទូចជាថ្មីទៀតថា ប្រទេសរបស់លោកមិនមានជាប់ពាក់ព័ន្ធអ្វីទៅនឹងការវាយប្រហារបែបនេះទេ ថ្វីបើក្រុមស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបញ្ជាក់ថានេះជារឿងពិតក្តី។ ទោះជាយ៉ាងណាក្តី ក៏លោក Biden ថ្លែងនៅក្រោយជំនួបនោះថាលោកបានបញ្ជាក់យ៉ាងច្បាស់ទៅលោក Putin ថា ប្រសិនបើរុស្ស៊ីហ៊ានវាយប្រហារហួសកម្រិតអត់ឱនឱ្យបាន ដោយរួមមានទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិកផងនោះ នោះរដ្ឋបាលលោក Biden នឹងឆ្លើយតបវិញ ហើយ«ផលវិបាកនឹងមានលក្ខណៈអាក្រក់ធ្ងន់ធ្ងរ»។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីសនោះ លោក Biden ត្រូវអ្នកយកព័ត៌មានសួរថា តើប្រធានាធិបតីរុស្ស៊ីលោក Putin នឹងផ្លាស់ប្តូរអាក្បកិរិយារបស់លោកទេ?
លោកប្រធានាធិបតី Biden ឆ្លើយតបវិញថា៖ «ខ្ញុំបានបញ្ជាក់ហើយថាអ្វីដែលនឹងធ្វើឱ្យ[រុស្ស៊ី]ផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេនោះគឺនៅពេលពិភពលោកទាំងមូលក៏ប្រតិកម្មឆ្លើយតបវិញដែរ» ក្នុងរបៀបមួយ«ដែលធ្វើឱ្យរុស្ស៊ីត្រូវខូចមុខមាត់នៅលើឆាកអន្តរជាតិ។ ខ្ញុំមិនប្រាកដថារុស្ស៊ីនឹងផ្លាស់ប្តូរ[អាកប្បកិរិយា]អ្វីទេ ប៉ុន្តែខ្ញុំគ្រាន់តែលើកឡើងពីស្ថានភាពពិតជាក់ស្តែងមួយប៉ុណ្ណោះ»។
មេដឹកនាំទាំងពីរ ដែលបានជំរុញឱ្យមានភាពតានតឹងកើនឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីលោក Biden ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីកាលពីខែមករាមក បានអះអាងថា បើទោះបីប្រទេសពួកគេទាំងពីរមានការខ្វែងគំនិតគ្នាយ៉ាងច្រើនក្តី ក៏ការជួបប្រជុំគ្នាផ្ទាល់នេះបានទទួលផ្លែផ្កាល្អដែរ។
នៅក្រោយជំនួបនោះ លោក Putin ជាអ្នកថ្លែងទៅកាន់អ្នកកាសែតមុនលោក Biden នៅក្នុងសន្និសីទសារព័ត៌មានម្នាក់ឯងមួយ ដោយលោក Putin បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរយៈពេល៣ម៉ោង ដែលលឿនជាងការរំពឹងទុកនោះ មិនមាន«អរិភាព»អ្វីនឹងគ្នាទេ។
ចំណែកលោក Biden ដែលបានធ្វើសន្និសីទសារព័ត៌មានម្នាក់ឯងដែរ ក្នុងរយៈពេលមិនយូរប៉ុន្មានក្រោយលោក Putin ថ្លែងថា មេដឹកនាំទាំងពីរបានចំណាយ«ពេលច្រើន»ពិភាក្សាអំពីបញ្ហាសន្តិសុខតាមអ៊ីនធឺណិត ហើយលោក Biden ជឿជាក់ថាលោក Putin បានយល់ច្បាស់ពីជំហររបស់សហរដ្ឋអាមេរិកលើរឿងនេះ។
លោក Biden ថ្លែងថា៖ «ខ្ញុំបានបញ្ជាក់ទៅ[លោក Putin] ថា យើង[សហរដ្ឋអាមេរិក] មានសមត្ថភាពខាងអ៊ីនធឺណិតនេះខ្លាំងណាស់។ ពិតណាស់ ប្រសិនបើ[រុស្ស៊ី] រំលោភលើបទដ្ឋានជាមូលដ្ឋាននោះ យើងនឹងឆ្លើយតបវិញ។ ខ្ញុំគិតថាសហរដ្ឋអាមេរិកមិនចង់ឱ្យមានសង្គ្រាមត្រជាក់[ឡើងវិញ]នៅពេលនេះទេ»។
លោក Putin ក៏បានបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយនឹងលោក ដោយរួមមានទាំងជោគវាសនារបស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ផងដែរ។ ប៉ុន្តែលោក Putin បានការពារការកាត់ទោសលោក Navalny ឲ្យជាប់ពន្ធនាគារ និងបង្វែរការឆ្លើយចំពោះសំណួរជាច្រើនដងអំពីការធ្វើទុក្ខអ្នកនយោបាយប្រឆាំងនេះ ដោយលោក Putin បានលើកឡើងពីភាពវឹកវរក្នុងសហរដ្ឋអាមេរិក ដែលរួមមានចលនាបាតុកម្មការពារជីវិតពលរដ្ឋស្បែកខ្មៅ ឬ Black Lives Matter និងការវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករាជាដើម។
នៅក្នុងសន្និសីទសារព័ត៌មានជិតមួយម៉ោងរបស់លោក Putin ថ្វីបើមេដឹកនាំរុស្ស៊ីរូបនេះបានបង្ហាញភាពរឹងទទឹងចំពោះសំណួរអ្នកសារព័ត៌មានអន្តរជាតិទាក់ទិននឹងបញ្ហាសិទ្ធិមនុស្សដែលភាគីអាមេរិកបានលើកឡើងនោះក៏ដោយ ក៏លោក Putin បានសម្តែងការគោរពចំពោះលោក Biden ថាជាមេដឹកនាំនយោបាយដ៏មានបទពិសោធន៍។
លោកថ្លែងថា៖ «កិច្ចប្រជុំនេះតាមពិតទៅប្រកបដោយប្រសិទ្ធផល។ គឺប្រកបដោយសាច់ការនិងចំចំណុចជាក់លាក់។ កិច្ចប្រជុំនេះមានគោលដៅសម្រេចឱ្យបានលទ្ធផល ហើយលទ្ធផលមួយនោះគឺការរុញច្រានដែននៃទំនុកចិត្ត[រវាងគ្នា]»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តាច់លែងឱ្យមានកិច្ចប្រជុំជាមួយរដ្ឋាភិបាលក្រុងមូស្គូនៅឆ្នាំ២០១៤ ដើម្បីជាការឆ្លើយតបទៅនឹងការវាយទន្ទ្រានរបស់រុស្ស៊ីយកដែនដី Crimea របស់អ៊ុយក្រែន និងចំពោះការដែលរុស្ស៊ីគាំទ្រក្រុមឧទ្ទាមផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលដោយលោក សឹង សុផាត