រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy លោកនាយករដ្ឋមន្ត្រី Denys Shmyhal និងលោករដ្ឋមន្ត្រីការបរទេស Dmytro Kuleba។
លោក Blinken បានបង្ហោះសារក្នុង Twitter បន្ទាប់ពីមកដល់រដ្ឋធានីគាវ ប្រទេសអ៊ុយក្រែន ថា៖ «នេះគឺជាឱកាសដ៏សំខាន់ក្នុងការពិភាក្សាអំពីការបន្តការឈ្លានពានរបស់រុស្ស៊ី និងដើម្បីសង្កត់ការយកចិត្តទុកដាក់អំពីតម្រូវការដើម្បីរក្សាទាំងល្បឿននិងកិច្ចខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ជាមួយដៃគូអ៊ុយក្រែនរបស់យើង»។
កាលពីខែមុន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអឺរ៉ុប បាននិយាយថា ទាហានរុស្ស៊ីប្រមាណ ១ សែន ៥ ម៉ឺននាក់ បានប្រមូលផ្ដុំគ្នានៅតាមតំបន់ព្រំដែនរវាងប្រទេសអ៊ុយក្រែន និងក្នុងតំបន់ Crimea។
គេរំពឹងថា លោក Blinken នឹងថ្លែងសារជាថ្មីថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការបញ្ចូលឧបទ្វីប Crimea ទៅក្នុងទឹកដីរបស់រុស្ស៊ីដែលធ្វើឡើងកាលពីឆ្នាំ ២០១៤ ឡើយ ហើយអំពាវនាវឲ្យរុស្ស៊ីប្រគល់តំបន់នេះមកឲ្យប្រទេសអ៊ុយក្រែនវិញ។
លោក Blinken ក៏នឹងអំពាវនាវឲ្យប្រទេសរុស្ស៊ីរក្សាការប្ថេជ្ញាចិត្តរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk ដើម្បីបញ្ចប់ជម្លោះនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ចាប់តាំងពីឆ្នាំ ២០១៤ មករុស្ស៊ីបានគាំទ្រក្រុមបំបែកខ្លួនដែលលម្អៀងលើប្រទេសរុស្ស៊ីស្ថិតនៅភាគខាងកើតនៃតំបន់ Donbas។
លោក Blinken ក៏នឹងទំនងជាលើកឡើងពីសារ:សំខាន់នៃការជួយគាំទ្រផ្នែកសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកដល់ប្រទេសអ៊ុយក្រែនផងដែរ។
បន្ថែមលើនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ២០១៤ មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយទាំងអស់ដែលមានទឹកប្រាក់ជាង ៤ ពាន់ ៦ រយលានដុល្លារសហរដ្ឋអាមេរិក រួមមានជំនួយសន្តិសុខនិងមិនមែនសន្តិសុខផង»៕