ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden សុខចិត្តជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «ជាគោលការណ៍» ប្រសិនបើរុស្ស៊ីមិនចាត់វិធានការខាងយោធាណាមួយ»។ នេះបើតាមការប្រកាសរបស់សេតវិមានកាលពីយប់ថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍មួយពីអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងធ្វើការចរចាជាមុនសិន នៅសប្តាហ៍នេះនៅទ្វីបអឺរ៉ុប។
ការទាក់ទងខាងការទូតនេះ កើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិក បានព្រមានពីការឈ្លានពានដ៏ធំមួយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដោយពួកមន្ត្រីបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់ខ្លួន បានប្រុងប្រៀបដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងលើប្រទេសរុស្ស៊ី ខណៈដែលនៅតែផ្តល់អាទិភាពលើសេចក្តីសម្រេចដោយសន្តិវិធីដល់វិបត្តិដែលបានកើតមានឡើងជាច្រើនខែមកហើយនោះ។
លោកស្រី Psaki បានបញ្ជាក់ថា៖ «យើង ជានិច្ចកាលតែងប្រុងប្រៀបខ្លួនសម្រាប់ដំណោះស្រាយការទូត។ យើងក៏ប្រុងប្រៀបខ្លួនដើម្បីដាក់ទណ្ឌកម្មដែលផ្តល់ផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីសម្រេចធ្វើសង្គ្រាមជំនួសវិញ។ ហើយ ក្នុងពេលនេះ រុស្ស៊ីទំនងជាបន្តការប្រុងប្រៀបដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែននៅពេលឆាប់ៗខាងមុខ»។
លោក Biden បានពិភាក្សាតាមទូរស័ព្ទអំពីស្ថានភាពនេះកាលពីថ្ងៃអាទិត្យជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ហើយនឹងនៅក្នុងជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក៕