ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងលក់រថក្រោះប្រភេទ M1 Abrams ចំនួន ២៥០ គ្រឿងឲ្យប្រទេសប៉ូឡូញ សម្រាប់ពង្រឹងសន្ដិសុខនៅក្នុងប្រទេសនេះ ចំពេលដែលមានការកើនឡើងភាពតានតឹងជាមួយនឹងរុស្ស៊ី ជុំវិញបញ្ហាអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាសូវីកាលពីថ្ងៃសុក្រថា លោក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភាអំពីបំណងនៃការលក់រថក្រោះនេះហើយ។
លោក Austin ថ្លែងថា៖ «ពេលវេលាជាក់លាក់នៃការដឹកជញ្ជូនរថក្រោះទាំងនេះ កំពុងស្ថិតក្រោមការពិភាក្សា»។
ប្រទេសប៉ូឡូញបានប្រកាសផែនការទិញរថក្រោះពីសហរដ្ឋអាមេរិកនេះកាលពីរដូវក្ដៅឆ្នាំមុន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៦ ពាន់លានដុល្លារ ប៉ុន្តែការលក់រថក្រោះនេះចេះតែត្រូវបានពន្យារពេល។
លោក Austin បានមានប្រសាសន៍ថា ការទិញរបស់ប្រទេសប៉ូឡូញនេះក៏នឹងជួយ«ធានានូវការចែកចាយមួយកាន់តែមានសមធម៌»នៃការទទួលខុសត្រូវផ្នែកការពារក្នុងចំណោមក្រុមសម្ព័ន្ធមិត្តរបស់អង្គការអូតង់ (NATO) ផងដែរ»។
លោក Austin បានថ្លែងអំណរគុណដល់ប្រទេសប៉ូឡូញដែលបានទទួលទាហានសហរដ្ឋអាមេរិកបន្ថែមចំនួន ៤.៧០០ នាក់ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតប ប្រសិនបើរុស្ស៊ីលុកលុយអ៊ុយក្រែន។ មានកងកម្លាំងសហរដ្ឋអាមេរិកចំនួនពី ៩ពាន់ ទៅ ១ម៉ឺននាក់ក្នុងប្រទេសប៉ូឡូញ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បញ្ជាឲ្យបញ្ជូនកងកម្លាំងទៅឈរជើងបន្ថែមទៀតកាលពីដើមខែនេះមក៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reuters។
អាមេរិកនឹងលក់រថក្រោះ២៥០គ្រឿងឲ្យប៉ូឡូញ
![រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ចូលរួមពិធីត្រួតពលមុនជួបក្រសួងការពារជាតិ នៅទីក្រុងវ៉ាសូវូ ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។](https://gdb.voanews.com/c4310000-0aff-0242-fb43-08d9f2ef62e8_w250_r1_s.jpg)
វ៉ាសូវី/វ៉ាស៊ីនតោន —