ប្រទេសប៊ែលហ្ស៊ិកបានយល់ព្រមទទួលយកលោក Laurent Gbagbo អតីតប្រធានាធិបតីកូតឌីវ័របន្ទាប់ពីគាត់ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC សម្រេចឲ្យរួចពីការចោទប្រកាន់ដ៏គួរឲ្យរន្ធត់។
លោកត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិដោះលែងដោយមានលក្ខខណ្ឌថា លោកត្រូវតែនៅប្រទេសដែលទទួលឲ្យគាត់ស្នាក់នៅ។ លោកក៏មិនត្រូវបានអនុញ្ញាតឱ្យទាក់ទងសាក្សីណាមួយក្នុងសំណុំរឿងរបស់លោក ឬមិនអាចនិយាយជាសាធារណៈអំពីសំណុំរឿងនេះទេ។
លោក Emmanuel Altit មេធាវីរបស់លោក Gbagbo បានថ្លែងតវ៉ាមិនបានជោគជ័យដែលថា ការដោះលែងដោយមានលក្ខខណ្ឌនេះផ្ទុយនឹងគោលការណ៍នៃការសម្រេចថា កូនក្តីលោករួចពីការចោទប្រកាន់នោះ។
លោក Karl Lagatie អ្នកនាំពាក្យប្រទេសប៊ែលហ្សិកបាននិយាយថា រដ្ឋាភិបាលរបស់លោកទទួលលោក Gbagbo ពីព្រោះវាគឺជាផ្នែកមួយនៃក្របខ័ណ្ឌគាំទ្រយុត្តាធិការតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ កាលពីនៅថ្ងៃទី១៥ខែមករា លោក Gbagbo និងសហចុងចោទរបស់លោកគឺលោក Charles Ble Goude បានរួចពីការចោទប្រកាន់បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប៉ុន្តែតុលាការ ICC បានបដិសេធមិនដោះលែងពួកគេរហូតដល់មានប្រទេសទទួលពួកគេ។
ចៅក្រមបាននិយាយថា សំណុំរឿងចោទប្រកាន់នេះមានសក្ខីកម្មខ្សោយណាស់ មិនអាចភ្ជាប់អ្នកទាំងពីរទៅនឹងអំពើហិង្សានៅក្នុងប្រទេសកូឌីវ័រកាលពីឆ្នាំ ២០១០ និងឆ្នាំ២០១២ ទាក់ទងនឹងការបោះឆ្នោតដែលមនុស្សប្រហែល៣ពាន់នាក់បានស្លាប់នោះទេ។ រដ្ឋអាជ្ញាគ្រោងនឹងប្តឹងឧទ្ធរណ៍៕