ជនជាតិម៉ុលដាវីយ៉ាងហោចណាស់៤នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍នៅពេលដែលយន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅក្នុងសមុទ្រទល់មុខប្រទេសកូតឌីវ័រ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសន្តិសុខកូតឌីវ័រ។
លោករដ្ឋមន្រ្តីសន្តិសុខ Sidiki Diakite បានប្រាប់ពួកអ្នកយកព័ត៌មានថា មនុស្ស៦នាក់បានរងរបួស រួមមានពលរដ្ឋបារាំង៤នាក់។ ប្រភពពីសន្តិសុខជាច្រើនបានប្រាប់ឲ្យដឹងថា ពួកគេជាសមាជិកយោធាបារាំង។
ប្រភពយោធាបារាំងបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា យន្តហោះនោះបានជួលដោយទាហានបារាំងដែលជាផ្នែកមួយនៃកិច្ចប្រតិបត្តិការប្រឆាំងពួកជីហាដនៅតំបន់សាហេលនៃទ្វីបអាហ្វ្រិក។
យោងតាមអ្នកនាំពាក្យកងទ័ពបារាំងនៅប្រទេសកូតឌីវ័រដែលបានប្រាប់ឈ្មោះលោកថា Villain បាននិយាយថា យន្តហោះនោះបានដឹកទំនិញកងទ័ពបារាំង។ប៉ូលិសបាននិយាយថា មានមនុស្ស១០នាក់បានស្ថិតនៅយន្តហោះប្រើកង្ហារនោះដែលបានធ្លាក់ចូលក្នុងសមុទ្រនៅជិតចំណតយន្តហោះអន្តរជាតិនៅក្នុងទីក្រុង Abidjan ក្នុងអំឡុងមានរន្ទះដ៏ខ្លាំងនោះ។
លោក Charlemagne Bleu ស្នងការប៉ូលិសបាននិយាយថា៖ «យន្តហោះនោះមិនអាចចុះលើដីបានហើយបានធ្លាក់នៅក្នុងទឹកតែម្តង»។
ដោយជួបឧបសគ្គដោយសាររលកសមុទ្រធំៗ ពួកអ្នកពន្លត់អគ្គិភ័យនិងអ្នកមុជទឹកជួយសង្គ្រោះបានទាញយកសាកសពចេញពីយន្តហោះដែលបានដាច់ជាកំណាត់ៗ ហើយបានដាក់នៅក្បែរឆ្នេរសមុទ្រ៕