ការខិតខំរយៈពេលមួយខែដើម្បីបំពេញតំណែងជាន់ខ្ពស់នៅឯសាកលវិទ្យាល័យទីក្រុងហុងកុងបានក្លាយជាចំណុចសំខាន់សម្រាប់ក្រុមអ្នករិះគន់ដែលនិយាយថា វា បានបង្ហាញថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុងព្យាយាមពង្រីកឥទ្ធិពលខាងនយោបាយនៅក្នុងដែនដីមួយដែលមានការពេញចិត្តនឹងស្វ័យភាពកាន់តែខ្លាំងឡើងៗ។
កាលពីខែធ្នូ គណៈកម្មាធិការស្រាវជ្រាវរបស់សាកលវិទ្យាល័យបានទទួលស្គាល់លោក Johannes Chan ជាសាស្រ្តាចារ្យ ហើយនិងជាអតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យច្បាប់ ជាជម្រើសរបស់ខ្លួនដើម្បីក្លាយជាសាកលវិទ្យាធិការរងរបស់សាកលវិទ្យាល័យនោះ។
នៅសប្តាហ៍នេះ បន្ទាប់ពីពន្យារពេលអស់៩ខែ ក្រុមប្រឹក្សាសាកលវិទ្យាល័យបានច្រានចោលការតែងតាំងលោក Chanជាសាកលវិទ្យាធិការរងម្នាក់ក្នុងចំណោមសាកលវិទ្យាធិការរង៥នាក់នៅក្នុងការបោះឆ្នោតសម្ងាត់ដែលមាន១២សម្លេងទល់នឹង៨សម្លេងដោយគ្មានការពន្យល់។ ក្រុមប្រឹក្សានោះរួមមាននិស្សិត និងបុគ្គលិកសាកលវិទ្យាល័យ ក៏ប៉ុន្តែភាគច្រើននៃសមាជិកក្រុមប្រឹក្សានេះមកពីស្ថាប័នដទៃ រួមមានសមាជិកដែលបានជ្រើសតាំងដោយប្រធាននីតិប្រតិបត្តិដែលលម្អៀងទៅរដ្ឋាភិបាលទីក្រុងប៉េកាំង។
នៅក្នុងប្រវត្តិសាស្រ្តរបស់សាកលវិទ្យាល័យ មិនដែលមានការបដិសេធការតែងតាំងគណៈកម្មាធិការសា្រវជ្រាវទេ។ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោត ប្រធានសមាគមនិស្សិត ដែលបានអង្គុយក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាបានបង្ហាញថា លោក Chan ត្រូវបានបដិសេធដោយមូលហេតុពាក់ព័ន្ធនានាដូចជា លោកមិនមានសញ្ញាបត្របណ្ឌិតហើយការតែងតាំងលោកនឹងបណ្តាលឲ្យមានការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសាកលវិទ្យាល័យ។
លោក Chan ជាមេធាវីការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ និងជាសាស្រ្តាចារ្យដែលគាំទ្រលទ្ធិប្រជាធិបតេយ្យហើយមានទំនាក់ទំនងជាមួយលោក Benny Tsai ដែលជាសាស្រ្តាចារ្យច្បាប់ម្នាក់ទៀត ដែលជាអ្នកគាំទ្រម្នាក់ដ៏សំខាន់នៃចលនា Occupy Central Movement គាំទ្រលទ្ធិប្រជាធិបតេយ្យ៕