សមាគមធនាគារនៅកម្ពុជា (The Association of Banks in Cambodia) នឹងបង្កើតគោលការណ៍ផ្ដល់ប្រាក់កម្ចីរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃការវិនិយោគ និងចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើសង្គម និងបរិស្ថាន។
ការប្រកាសនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ នៅក្នុងពិធីសម្ពោធ និងចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមហិរញ្ញវត្ថុប្រកបដោយចិរភាពនៅកម្ពុជា ដែលជាគម្រោងគាំទ្រដោយគម្រោងភាពជាដៃគូតំបន់ទន្លេមេគង្គសម្រាប់បរិស្ថាន និងផ្ដល់ជំនួយដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID)។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខា លោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា ក្រោមកិច្ចផ្ដួចផ្ដើមនេះ ក្នុងរយៈពេល២ឆ្នាំ សមាគមនិងដៃគូពាក់ព័ន្ធនឹងធ្វើការសិក្សាដើម្បីចងក្រងបង្កើតគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព។
លោក John McGinley ដៃគូរគ្រប់គ្រង (Managing Parter) នៃក្រុមហ៊ុន Mekong Strategic Partners ដែលជាក្រុមហ៊ុនដៃគូនៅក្នុងគម្រោងហិរញ្ញវត្ថុប្រកបដោយចិរភាពមានប្រសាសន៍ថា គោលការណ៍ទាំងឡាយដែលកើតចេញពីគម្រោងនេះ នឹងនាំឲ្យមានជាគោលនយោបាយសម្រាប់ធនាគារនៅក្នុងប្រទេសកម្ពុជាក្នុងការថែរក្សាបរិស្ថាន និងលើកកម្ពស់ទំនួលខុសត្រូវសង្គមនៅក្នុងការសម្រេចចិត្តផ្ដល់ហិរញ្ញប្បទាន។
«ធនាគារនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការយល់ ឬវាស់ស្ទង់ និងកាត់បន្ថយផលប៉ះពាល់បរិស្ថានសង្គមដែលអាចកើតចេញពីហិរញ្ញប្បទាននោះ។ ដូច្នេះ វាជាការផ្ដល់ឱ្យធនាគារនូវឧបករណ៍សម្រាប់យល់ដឹង ដើម្បីធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើអ្វីជាការសមរម្យសម្រាប់ធនាគារខ្លួនឯង និងអតិថិជន»។
បើតាមលោក ឆារស៍ វ៉ាន់ ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ នឹងធ្វើឡើងដោយការស្ម័គ្រចិត្ត ដោយលោកថា គោលការណ៍នេះ មានសារៈសំខាន់ក្នុងការទប់ស្កាត់ហានិភ័យនាពេលអនាគត ក៏ដូចជាទាក់ទាញថវិកាពីបរទេសមកក្នុងវិស័យឥណទាននៅកម្ពុជា។
«ជាការស្ម័គ្រចិត្ត។ ហ្នឹងហើយបើយើងស្ម័គ្រចិត្ត យើងចង់ចូលរួម។ យើងនឹងអាចឈានទៅដល់ការការពារហានិភ័យបាន ហើយយើងទាក់ទាញដើមទុនមកពីទីផ្សារអន្តរជាតិបាន។ តែបើសិនថាយើងមិនចូលរួមនៅក្នុងហ្នឹងទេ អញ្ចឹងទីផ្សារ លុយដែលថាមកពីអន្តរជាតិហ្នឹង ក៏យើងមិនអាចទាក់ទាញបាន»។
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជាដែលបានចូលរួមនៅក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដាក់ចេញជាផែនការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតង (Green Growth Policy) ហើយធនាគារជាតិកម្ពុជា កំពុងពិចារណាក្នុងការដាក់បញ្ចូលហិរញ្ញប្បទានបៃតង (Green Financing) ទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានប្រាប់VOAថា កន្លងមក គម្រោងអភិវឌ្ឍមួយចំនួនដែលទទួលបានប្រាក់កម្ចីពីធនាគារ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមានការតវ៉ា។
លោកស្វាគមន៍គម្រោងនៃការរៀបចំបង្កើតគោលការណ៍ហិរញ្ញប្បទានប្រកបដោយចិរភាពនេះ តែលោកថា ការអនុវត្តគោលការណ៍នេះប្រកបដោយប្រសិទ្ធភាពគឺជាកត្តាសំខាន់។
«មានគោលការណ៍វាជារឿងសំខាន់ ជារឿងល្អហើយ ហើយការត្រួតពិនិត្យ ឬក៏ការតាមដានទៅលើដៃគូដែលខ្ចីហ្នឹងទៀត វាជាការប្រសើរ។ បើមិនដូច្នោះទេ វាដូចបទពិសោធកន្លងមកហ្នឹង គឺមានគោលនយោបាយល្អ មានអីល្អចឹង ក៏ប៉ុន្តែការអនុវត្តវាអត់បានទៅតាមអ្វីដែលបានចែងនៅក្នុងក្រដាសស្នាមហ្នឹង»។
លោក សៀ ភារម្យ បន្ថែមថា ខណៈដែលអាស៊ានបានធ្វើសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាត្រូវប្រឹងប្រែងកសាងមុខមាត់របស់ខ្លួនបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងការទាក់ទាញវិនិយោគិនពីបរទេស៕