ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អតីត​តំបន់​បឹងកក់​តវ៉ា​គប់​ពងទា​ដាក់​ធនាគារ​ពិភពលោក


រូបស្លាកធនាគារ​ពិភពលោក​នៅ​តំបន់អាស៊ីកណ្តាល។
រូបស្លាកធនាគារ​ពិភពលោក​នៅ​តំបន់អាស៊ីកណ្តាល។

អតីត​អ្នកភូមិ​បឹងកក់​ជាង​៦០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៦៩​គ្រួសារ ​ដែល​បាន​ទទួល​សំណង​ចំនួន​៨.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​លុយ​ខ្មែរ​២​លាន​រៀល​ បាន​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ច័ន្ទ ​នៅ​មុខ​ការិយាល័យ​របស់​ធនាគារ​ពិភពលោក។

អតីត​អ្នកភូមិ​បឹងកក់​ជាង​៦០​នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៦៩​គ្រួសារ ​ដែល​បាន​ទទួល​សំណង​ចំនួន​៨.០០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ និង​លុយ​ខ្មែរ​២​លាន​រៀល​ បាន​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តងទៀត​ កាលពី​ថ្ងៃ​ច័ន្ទ ​នៅ​មុខ​ការិយាល័យ​របស់​ធនាគារ​ពិភពលោក។​

ពួកគាត់​បាន​និយាយ​ថា ពួកគាត់​ចង់ឲ្យ​ធនាគារ​ពិភព​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ដោយ​ចោទ​ថា ​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​ឃុបឃិត​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​រំលោភ​សិទ្ធិ​កាន់កាប់​ដីធ្លី​ និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់ ដោយ​ការ​ដាក់​សម្ពាធ ​និង​បង្ខំ​ឲ្យ​ពួក​គាត់​ទទួល​សំណង​មិន​យុត្តិធម៌។

ក្រៅពី​ស្រែក​ទាមទារ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​នេះ​ដោះស្រាយ​ការ​ទាមទារ​ដោយ​ធ្វើការ​ចរចា​ជាថ្មី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ ស៊ូកាគូអ៊ីន ​ពួកគាត់​ដែល​ភាគ​ច្រើន​ជាស្ត្រី​បាន​យក​ពង​មាន់​ពង​ទា​គប់ស្លាក​សញ្ញា​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​នេះ។​

អ្នកស្រី​ ស៊ា សារ៉េត​ តំណាង​បាតតុករ​បាន​ប្រាប់​ VOA​ ថា ​អតីត​អ្នក​ភូមិ​បឹងកក់​ ខឹង​នឹង​ធនាគារ​ពិភព ​ព្រោះ​ធនាគារ​នេះ​មិន​អនុវត្ត​គម្រោង​ឆ្នាំ​២០០៦​ ដែល​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​គ្រោង​ផ្តល់​ប្រាក់កម្ចី​២៦លាន​ដុល្លារ​ ឲ្យ​រដ្ឋាភិបាល​ធ្វើប្លង់​កម្មសិទ្ធិ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ​នេះ។​ ពួកគាត់​ចង់​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​ឲ្យគាត់​ទទួល​បាន​សំណង​បន្ថែម​ពី​លើ​សំណង​ ដែល​ពួក​គាត់​ទទួល​ទាំង​បង្ខំ​នោះ។

លោកស្រី​ ស៊ា សារ៉េត​បានបន្ថែម​ថា៖​«World Bank​ [ធនាគារ​ពិភព​លោក] ​វា​បាន​ប្រើ​ប្រាក់​កម្ចី​ទៅ​ឲ្យ​រដ្ឋាភិបាល​ ធ្វើការ​បណ្តេញ​ពួកខ្ញុំ​ចេញ​ពី​តំបន់​បឹងកក់»។​

មន្ត្រី​ធនាគារ​ពិភព​លោក​មិន​បាន​ចេញ​មក​ជួប​បាតុករ​ទេ។

​VOA ​បាន​ព្យាយាម​សុំ​ការពន្យល់​ពី​មន្ត្រី​ធនាគារ​ពិភពលោក​ ប៉ុន្តែ​មិន​មាន​អ្នក​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ទេ។

អតីត​អ្នករស់​នៅ​ក្នុង​សហគមន៍​បឹងកក់​ទាំងនេះ​ត្រូវ​បង្ខំចិត្ត​ទទួល​សំណង​ ហើយ​ទៅ​រស់នៅ​បុរី​សន្តិភាព​២។ ​ពួកគាត់​និយាយ​ថា ​ពួកគាត់​មិន​អាច​រស់នៅ​ទីតាំង​ថ្មី​បាន​ទេ ​ព្រោះ​ឆ្ងាយ​ពី​សាលារៀន មន្ទីរពេទ្យ ​ ហើយ​គ្មាន​ការងារ​ធ្វើ​អាច​រស់​បាន។​

អ្នកស្រី​ ទេព វន្នី ​សកម្មជន​ដែល​បានការពារ​សិទ្ធិ​រស់​នៅ​តំបន់​បឹងកក់​ ដោយ​ជោគជ័យ បង្ហាញ​ការអាណិត​អាសូរ ​ហើយ​គាំទ្រ​ការ​តវ៉ា​របស់​អតីត​អ្នក​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​នេះ។

«ពេល​ហ្នឹងគឺ​យើង​ពិបាក​នឹងសន្និដ្ឋាន​ថា ​គាត់​សម្រេច​ចិត្ត​ខុស​ ឬ​ត្រូវ​ណាស់​ ដោយសារ​តែ​ស្ថានភាព​ហ្នឹង​ វាធ្វើ​ឲ្យ​គាត់​ប្រថុយ​នឹង​ការ​ទទួល​ណា៎។ ​ ចា៎​ ទទួល​សំណង​ចាក​ចេញ ​ដោយសារ​ស្ថាន​ភាព​កាល​ហ្នុង​ក្តៅ​មែនទែន»។

​លោក សៀ ភារម្យ ​នាយក​លេខាធិការ​ដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បានប្រាប់ ​VOA​ ថា ​ការ​គប់ពងមាន់​ពងទា​ដោយ​ស្ត្រី​បឹងកក់​នេះ​ គ្រាន់តែ​ជា​ការ​បញ្ចេញ​កំហឹង​ ហើយ​មិនមែន​ជា​អំពើ​ហិង្សា​ដែល​បង្ក​គ្រោះថ្នាក់​ទេ។

«ធ្វើបាប​គាត់ ​បណ្តេញ​ពួកគាត់​ចេញ។ ​ហើយ​ឥឡូវ​ពួក​គាត់​ធ្លាក់​ខ្លួន​វេទនា​ ក្រីក្រ​ បាន​គាត់​ធ្វើ​យុទ្ធនាការ​ហ្នឹង​ ដើម្បី​ទាមទារ​រក​សំណង​បន្ថែម​នោះ​ណា៎»។

​លោកបន្ថែម​ថា​ អំពើ​ហិង្សា​ទៅលើ​ស្លាក​សញ្ញា​របស់​ធនាគារ​ពិភពលោក​នេះ​មិន​អាច​ប្រៀប​បាន​នឹង​អំពើ​ហិង្សា​ ដែល​ពួក​គាត់​ប្រឈម​កន្លង​មក​នោះ​ទេ។

​ទោះជា​យ៉ាងណា​ក្តី​ លោក​និយាយ​ថា ​វា​ជា​កា​រប្រសើរជាង​ បើសិន​បើពួក​គាត់​ធ្វើការ​តវ៉ា​ដោយ​មិន​ប៉ះពាល់​ស្លាក​សញ្ញា​នេះ៕

XS
SM
MD
LG