ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ផ្តល់​ភ្លើងខៀវ​ឱ្យ​កម្ពុជា​ចូល​ធនាគារ​AIIB


រូបឯកសារ៖ អ្នក​បើក​ម៉ូតូ​ម្នាក់​បើក​តាមផ្លូវនៅខាងមុខ​​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។
រូបឯកសារ៖ អ្នក​បើក​ម៉ូតូ​ម្នាក់​បើក​តាមផ្លូវនៅខាងមុខ​​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។

រដ្ឋសភាកម្ពុជា​បាន​អនុម័ត​«សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី‍» នៅ​ថ្ងៃពុធ​នេះ​ដោយ​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​កាន់អំណាច​និង​គណបក្ស​ជំទាស់​ចំនួន​៩៣​រូប​ក្នុង​ចំណោម​​៩៨​រូប​ដែលមាន​វត្តមាន។

រដ្ឋសភាកម្ពុជា​បាន​អនុម័ត​«សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់​ព្រម​លើ​កិច្ច​ព្រម​ព្រៀង​ ស្តី​ពី​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី‍» នៅ​ថ្ងៃពុធ​នេះ​ដោយ​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​កាន់អំណាច​និង​គណបក្ស​ជំទាស់​ចំនួន​៩៣​រូប​ក្នុង​ចំណោម៩៨​រូប​ដែលមាន​វត្តមាន។

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ​ហៅកាត់​ថា​ AIIB ( Asian Infrastructure Investment Bank ) គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ពហុភាគី​របស់​ប្រទេស​ចិន​មាន​គោលដៅ​គាំទ្រ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ ធនាគារ​នេះ​ មាន​ទីស្នាក់​ការ​កណ្តាល​នៅ​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​និង​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៥។

លោក​ចាន់ សុផល​អ្នក​វិភាគ​សេដ្ឋកិច្ច​ ​និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ ​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ត្រូវ​ការ​វិនិយោគ​ទុន​ច្រើន​ទៀត​ចំ​ពោះ​កិច្ច​អភិវឌ្ឍ​នានា​ដោយ​ចំពោះ​គឺវិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ហើយ​ផល​ចំណេញ​ដែល​ផ្តល់​ដោយ​ធនាគារ​ថ្មី​នេះ​ មិន​មែន​សម្រាប់​តែ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​តំបន់​អាស៊ី​ទាំង​មូល​ផងដែរ។

«បើសិនជា​ក្នុង​ទ្វីបអាស៊ី​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធកាន់​តែ​ច្រើន ​មាន​ការផ្សារភ្ជាប់គ្នា​តាម​ផ្លូវ​ថ្នល់ ​និង​រទេះភ្លើង ​កំពង់​ផែ​ច្រើន ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការចរាចរណ៍​ទំនិញ​ សេវាកម្ម​ ហើយ​វា​នឹង​ជំរុញកំណើន​សេដ្ឋកិច្ច​ក្នុង​ទ្វី​បអាស៊ី ​ ហើយ​វា​នឹងជួយ​ដល់​កម្ពុជា​ផង​ដែរ។ ក្នុង​ទ្រឹស្តី​សេដ្ឋកិច្ច​ យើង​ចង់​ឲ្យ​ប្រទេស​ជុំវិញ​ខ្លួន​យើង​ជឿនលឿន។ ​យើង​ក៏​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ដែរ »។

ទន្ទឹម​នឹង​ផល​ចំណេញ​នៅ​ចំពោះ​មុខ​ដែល​កម្ពុជា​ទទួល​បាន​ ​លោក​ ចាន់ ​សុ​ផល​ក៏​មើល​ឃើញ​ពីក្តី​បារម្ភ​អំពីស្តង់​ដា​នៃ​ការ​ផ្តល់​ប្រាក់កម្ចី​ដែល​លោក​មើល​ឃើញ​ថា​លក្ខខណ្ឌ​ផ្តល់​ប្រាក់​កម្ចី​មាន​ភាព​ធូរ​រលុង​បើ​ប្រៀប​ធៀប​ទៅ​ធនាគារ​ផ្សេង។

«ជាទូទៅអ្នក​ផ្តល់​ប្រាក់​កម្ចី​គេមាន​លក្ខខណ្ឌ​យ៉ាងហោច​ក៏ត្រូវ​បំពេញ​តម្រូវការ​មួយ​ចំនួន។ បើ​សិនជា​ធនាគារ​ពិភពលោក​ ឬ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ច្រើន​តែ​មាន​លក្ខខណ្ឌ​តឹង​តែង​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស គិតគូរ​ពី​ផលប៉ះពាល់​បរិស្ថាន។ ហើយ​ធនាគារ​ ហេដ្ឋា​រចនាសម្ព័ន្ធ​នេះ​ដឹកនាំ​ដោយ​ចិន​នេះ ​អាច​ថា​មានភាព​ងាយ​ស្រួល​ជាង​ អីចឹង​អាច​ថា​មាន​ភាព​ចន្លោះ​ប្រហោង​ខ្លះ​ដោយ​ខ្វះ​ការ​គិតគូរ​ពី​សុវត្ថិភាព​ដល់​គ្រប់វិស័យ»។

ធនាគារ​នេះ​ ​មាន​ដើមទុន​សរុប​ចំនួន​១០០​ពាន់​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​។ ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​ចិត្ត​ដាក់​ទុន​វិនិយោគ​ចំនួន​៦២,៣លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ស្មើនឹង​០,០៦៣៥%​នៃ​ដើម​ទុន​សរុប​។

កម្ពុជា​ចាត់​ទុក​ AIIB​ ជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់​ថ្មី​មួយ​ទៀត​ ដូច​គ្នាទៅនឹង​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែរ ​សម្រាប់​បំពេញ​បន្ថែម​តម្រូវការ​សេដ្ឋកិច្ច​ និង​កិច្ច​អភិវឌ្ឍ​របស់​កម្ពុជា។​

ការ​ចូល​ជា​សមាជិក​របស់កម្ពុជានេះ បាន​រួម​ចំណែក​លើក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ជំរុញ​ការតភ្ជាប់​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​អាស៊ី ​ព្រមទាំង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ខាង​វិស័យ​ធនាគារ ​និង​កិច្ច​អភិវឌ្ឍ​នានា។ នេះ​បើ​យោង​តាម​របាយការណ៍​មួយចេញ​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ ដឹក​នាំ​ដោយ​ លោក ជាម យៀប​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ចុងឆ្នាំ​២០១៥។

​លោក​សុន ឆ័យ​សមាជិក​រដ្ឋ​សភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ថា ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ សមាជិកភាព​នៃ​ធនាគារ​នេះ​ផ្តល់​ជា​ផល​វិជ្ជមាន​ច្រើន ជាពិសេស​នៅពេល​ដែល​កម្ចី​ពី​បរទេស​នៅ​តែ​ចាំបាច់​សម្រាប់​កម្ពុជា។ មួយ​វិញ​ទៀត​កម្ចី​ពី​ធនាគារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ ​នឹង​អនុញ្ញត​ឲ្យ​កម្ពុជា​ទទួល​បាន​សាច់​ប្រាក់​មក​ធ្វើ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដោយ​ខ្លួន​ឯង។

យ៉ាងណាក៏ដោយ​ លោក​ សុន​ ឆ័យ​ ទាមទារ​ឲ្យ​មាន​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព​និង​តម្លាភាព។

«ការ​យកលុយ​គេ​មក​សង់​ដោយខ្លួន​យើង​មួយចំនួន​នោះ​ក៏​គ្មាន​គុណភាព​ដែរ។​ ថ្នល់​នៅ​កម្ពុជា​ ប្រជា​ពលរដ្ឋ​ខ្មែរ​និយាយ​រត់មាត់​ហើយ​ថា​ ថ្នល់​ដដែល​ហ្នឹង​សាងសង់​ជាប់ៗ​ជានិច្ច។ ចឹង​បាន​យើង​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច​ ឲ្យ​ធានា​គុណភាព​ ឲ្យ​មាន​តម្លាភាព‍»។​

លោក ​អ៊ិន ចាន់នី ​អគ្គនាយក​ធនាគារ​អេស៊ីលីដា​ ឲ្យ​ដឹង​ថា​ការចូល​ជា​សមាជិក​ក្នុង​ធនាគារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​នឹង​ផ្តល់​ជា​ផល​ចំណេញ​ដោយ​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា ​និង​អាច​មាន​ជា​ផល​វិជ្ជមាន​ដោយ​ប្រយោល​ចំពោះ​វិស័យ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ។​ ​

«កាល​ណា​មាន​ប្រយោជន៍​ទៅ​ដល់​ប្រទេស​ទៅ ​គឺ​ធនាគារ​ក្នុង​ស្រុក​អាច​មាន​អត្ថប្រយោជន៍​ពី​លំដាប់​ប្រទេស​ហ្នឹង។ ឧទាហរណ៍​ដូច​ធនាគារ​ពិភព​លោក មាន​តែ​ប្រទេស​ទេ​ដែល​អាច​ខ្ចីបុល​ពីធនាគារ​ពិភព​លោក​បាន។ ប៉ុន្តែ​ថ្មីៗ​នេះ​ ធនាគារ​ពិភពលោក​មានPrivate Sector Arm [ផ្នែក​វិស័យ​ឯកជន​] ដែល​ជា​ចំណែក​មួយ​គាំទ្រ​វិស័យ​ឯកជន។ ហើយ​ខ្ញុំ​គិត​ថា ​ទៅ​មុខ​ទៀត​ធនាគារ​AIIB​ ក៏​អាច​បើក​ច្រក​សម្រាប់​ធនាគារ​ឯកជន​បាន​ទទួល​អត្ថប្រយោជន៍»។

នេះ​គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ទី២​របស់​ប្រទេស​កម្ពុជា​ដែល​បាន​ចូលរួម​បង្កើត​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ពហុភាគី​ បន្ទាប់​ពី​ចូលជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​តាំង​ពីឆ្នាំ១៩៦៦។

យ៉ាងណាក៏ដោយ​ ប្រទេស​ចិន​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​កម្ពុជា​បាន​ផ្តល់​កម្ចី​ទាំង​ឥតសំណង​ និង​ការប្រាក់ទាប​ជាច្រើន​មក​កម្ពុជា​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ជំនាញ​បាន​ព្រមាន​រដ្ឋាភិបាល​ថាគួរ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​កម្ចី​ពី​ប្រទេស​ចិន៕

XS
SM
MD
LG