រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ ក៏ប៉ុន្តែ ស្លាកស្នាមនៃការសម្លាប់រូបលោក Sheikh Mujibur Rahma និងក្រុមគ្រួសាររបស់លោក នៅតែមើលឃើញនៅឡើយ។ ស្នាមឈាមស្ងួតនៅលើជញ្ជាំង រន្ធគ្រាប់កាំភ្លើង មានឃើញនៅក្នុងបន្ទប់គេងដែលគ្មានមនុស្សនៅ។
ផ្ទះដាក្កា គឺជាកន្លែងដែលវីរៈបុរសឯករាជ្យបង់ក្លាដេស ឈ្មោះ Sheikh Mujibur Rahman និងគ្រួសារ រួមមានភរិយា និងកូនប្រុសអាយុ១០ឆ្នាំរបស់លោក ត្រូវបានពួកទាហានបាញ់សម្លាប់ក្នុងឆ្នាំ១៩៧៥។ ចាប់តាំងពីពេលបើកសម្ពោធជាសារមន្ទីររំឭកវិញ្ញាណក្ខន្ធ នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០មក ផ្ទះនេះបានទាក់ទាញភ្ញៀវមកទស្សនាជាច្រើននាក់។
កិច្ចការភាគច្រើន បានផ្ដោតលើការថែរក្សាទីតាំងនេះឲ្យនៅដូចសភាពដើម។ មានអាងកញ្ចក់ចិញ្ចឹមត្រី ប្រក្រតីទិនដែលបង្ហាញពីកាលបរិច្ឆេទនៃថ្ងៃសម្លាប់រង្គាលនោះ ដែលត្រូវនឹងថ្ងៃទី១៥ ខែសីហា និងវត្ថុផ្ទាល់ខ្លួនមួយចំនួនទៀត ដូចជា ប្រដាប់ដាក់ក្រែមលាបសក់របស់លោក Mujib ជាដើម។
ប៉ុន្តែ ការផ្លាស់ប្ដូរកំពុងតែធ្វើឡើង មិនមែនខាងទីធ្លាប៉ុន្មានទេ តែភាគច្រើនគឺផ្លាស់ប្តូរទៅលើទិដ្ឋភាពនៃការចូលទៅក្នុងសារមន្ទីរនេះ។ អ្នកអភិរក្សថ្មីម្នាក់ កំពុងតែរៀបចំគម្រោងសារមន្ទីរជារូបភាព ដែលអាចឲ្យមនុស្សគ្រប់គ្នាចូលទស្សនាបាន តាមរយៈប្រព័ន្ធអ៊ីនធឺណែត។
លោក Nazrul Islam Khan ដែលកាន់តំណែងជាអ្នកអភិរក្សសារមន្ទីរនេះកាលពីឆ្នាំមុន បាននិយាយថា៖ «បទពិសោធន៍មើលសារមន្ទីរនេះ (តាមអ៊ីនធឺណែត) គឺស្រដៀងគ្នានឹងបទពិសោធន៍របស់អ្នកបើកយន្តហោះ ក្នុងពេលបញ្ឆេះយន្តហោះអីចឹងដែរ។ ប្រសិនបើអ្នកចង់មកមើលសារមន្ទីរ ប៉ុន្តែនៅតំបន់ដាច់ស្រយាល ឬក៏មិនអាចមកបាន អ្នកនឹងគ្មានបញ្ហានោះទេ។ អ្នកក៏អាចទស្សនាសារមន្ទីរនេះបានគ្រប់ពេលដែលអ្នកចង់»។
លោក Khan បាននិយាយថា គម្រោងនេះ ធ្វើឡើងដោយថតរូបជាទិដ្ឋភាព៣៦០ដឺក្រេ ដែលនឹងអាចទស្សនាបាននៅលើគេហទំព័រ។ ការសម្ពោធជាលើកដំបូង នឹងធ្វើឡើងក្នុងរយៈពេលមួយខែទៀត។ លោកក៏កំពុងរៀបចំគម្រោងឲ្យមានមគ្គុទេសក៍ជាសោតកម្មផងដែរ។
ព្រឹត្តិការណ៍នៅឆ្នាំ១៩៧៥ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈរយៈពេលជិតបួនឆ្នាំ បន្ទាប់ពីបង់ក្លាដេសបានឈ្នះសង្រ្គាមប្រឆាំងប៉ាគីស្ថាន នៅតែលេចឮពេញឆាកនយោបាយទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ។
លោក Mujib ត្រូវបានគេស្គាល់ថា ជាអ្នកផ្ដួចផ្ដើមបង្កើតឲ្យមានចលនាឯករាជ្យដំបូងនៅប្រទេសបង់ក្លាដេស។ ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនលោកដាក់នៅក្នុងពន្ធនាគារ នៅអំឡុងពេលការបង្រ្កាបរបស់ប៉ាគីស្ថានលើការប្រឆាំងបះបោរនៅឆ្នាំ១៩៧១ ក៏ប៉ុន្តែ ក្រោយពេលលោកត្រូវបានដោះលែង លោកបានត្រឡប់ទៅដឹកនាំសង្រ្គាមរំដោះបង់ក្លាដេស។ ក្រោយពេលឃាតកម្មនេះ មន្រ្តីយោធាជាន់ខ្ពស់ម្នាក់គឺ លោក Ziaur Rahman បានឡើងកាន់អំណាច ប៉ុន្តែក្រោយមកមន្ត្រីយោធារូបនេះ ត្រូវបានបាញ់សម្លាប់នៅឆ្នាំ១៩៨១។
លោកស្រី Hasina Wajed កូនស្រីម្នាក់របស់លោក Mujib ដែលនៅរស់ ហើយបច្ចុប្បន្នជានាយករដ្ឋមន្រ្តីបង់ក្លាដេស បានដឹកនាំគណបក្ស Awami League របស់ឪពុកលោកស្រី។ រីឯលោកស្រី Khaleda Zia ដែលជាភរិយារបស់លោក Ziaur Rahman បានដឹកនាំគណបក្សប្រឆាំងដ៏ធំមួយ ឈ្មោះគណបក្សជាតិបង់ក្លាដេស។ ទោះបីជាប្រទេសបង់ក្លាដេស មានប្រជាជនមូស្លីមច្រើនក៏ដោយ ក៏ចក្ខុវិស័យមិនចម្រុះសាសនានិយមរបស់គណបក្ស Awami League បានប៉ះទង្គិចនឹងចក្ខុវិស័យទំនោរសាសនានិយមរបស់គណបក្សជាតិបង់ក្លាដេស (BNP)។
លោក Joseph Allchin អ្នកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ «សមុទ្រមួយ ទន្លេច្រើន» (Many Rivers, One Sea) បាននិយាយអំពីការបះបោរផ្នែកយោធាឥស្លាម នៅក្នុងប្រទេសបង់ក្លាដេស ថា៖ «លោក Sheikh Mujib គឺជារូបវ័ន្តបុគ្គល តំណាងឲ្យជាតិសាសន៍តែមួយរបស់បង់ក្លាដេស។ ប៉ុន្តែ សារៈសំខាន់របស់លោក ត្រូវបានបំប៉ោងឡើងដោយគណបក្សកាន់អំណាច Awami League ដើម្បីហេតុផលនយោបាយ ហើយត្រូវបានថយចុះដោយគណបក្សស្ដាំនិយម ឬសាសនានិយមជាតិបង់ក្លាដេស (BNP) ដែលដឹកនាំដោយរដ្ឋាភិបាល»។
លោក Joseph បានបន្តថា៖ «លោក Mujib ដែលជាអ្នកបង្កើតគណបក្ស បាននាំកេរ្តិ៍ឈ្មោះឲ្យបក្ស Awami Leagueតាមរយៈការដឹកនាំរបស់លោក ក្នុងការជំរុញឲ្យមានឯករាជ្យពីប្រទេសប៉ាគីស្ថាន។ យ៉ាងណាមិញ មនុស្សជាច្រើនយល់ថា អំពើឃាតកម្មលើរូបលោក បានជួយពង្រឹងឥទ្ធិពលបន្ថែមដល់ឋានៈរាជវង្សដ៏ខ្លាំងក្លារបស់នាយករដ្ឋមន្រ្តីបង់ក្លាដេសបច្ចុប្បន្នដែលជាកូនស្រីរបស់លោក គឺលោកស្រី Sheikh Hasina ។
ជោគវាសនារបស់ជនដែលត្រូវចោទប្រកាន់ពីបទលបធ្វើឃាតលោក Mujib នៅឆ្នាំ១៩៧៥នោះ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ ខណៈដែលការគ្រប់គ្រងអំណាចបានផ្លាស់ប្ដូរពីដៃមួយទៅដៃមួយ ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងទៅនេះ។ ហើយអ្នករួមគំនិតមួយចំនួន ត្រូវបានផ្តល់តំណែងខាងការទូតឲ្យជាដើម។
លោកស្រី Hasina បានយកចិត្តទុកដាក់លើករណីនេះ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩៦ ប៉ុន្តែ រហូតដល់ឆ្នាំ២០១០ ទើបមានបុរសប្រាំនាក់ត្រូវបានព្យួរក ពីបទឧក្រិដ្ឋដែលពួកគេបានប្រព្រឹត្ត។ មួយឆ្នាំមុន គណបក្ស Awami League បានគ្រប់គ្រងរដ្ឋាភិបាលវិញ ដោយពង្រឹងការគ្រប់គ្រងនេះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ ដែលគណបក្សប្រឆាំងបានធ្វើពហិកាមិនចូលរួម។
អ្នកទិតៀនបានរិះគន់លោកស្រី Hasina ថា យកវិញ្ញាណក្ខន្ធលោក Mujib មកជាឧបករណ៍ដើម្បីឲ្យមនុស្សគោរព។ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ គ្រូបង្រៀនចំនួន១៣នាក់ ត្រូវបានជាប់ទោសពីបទបះបោរ ដោយសារតែពួកគេបានធ្វើការប្រៀបធៀបមន្រ្តីគណបក្សប្រឆាំងទៅនឹងលោក Mujib។
ប៉ុន្តែ ទោះបីជាដឹងថា គណបក្ស Awami League អាចត្រូវលើកទឹកចិត្តឲ្យរក្សាកេរតំណែលរបស់លោក Mujib ដើម្បីធានាដល់ផលប្រយោជន៍ក្នុងការបោះឆ្នោតក៏ដោយ ក៏អ្នកនិពន្ធឈ្មោះ Salil Tripathi ដែលបានសម្ភាសបុរសម្នាក់ក្នុងចំណោមអ្នកប្រឆាំងលោក Mujib បានអះអាងថា សង្រ្គាមដើម្បីឯករាជ្យភាព នឹងមានអាយុ៥០ឆ្នាំ នៅឆ្នាំ២០២១ខាងមុខនេះ ហើយមនុស្សជំនាន់មួយ នឹងធំដឹងក្តីឡើងដោយមិនសូវចងចាំអំពីរឿងនេះ ឬអំពីឃាតកម្មនៅឆ្នាំ១៩៧៥នោះទេ។
លោក Salil Tripathi បាននិយាយថា៖ «ឃាតកម្មដ៏រន្ធត់ទៅលើគ្រួសាររបស់លោកស្រី Hasina គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលលោកស្រី មិនចង់ឲ្យប្រទេសជាតិភ្លេចនោះទេ។ ការផ្ដល់នូវលទ្ធភាពចូលទៅកាន់សារមន្ទីរ ទោះបីជាតាមប្រព័ន្ធអ៊ីនធឺណែតក៏ដោយ ក៏រឿងនេះគឺជាសញ្ញាល្អមួយ»។ លោកបាននិយាយបន្ថែមថា ព័ត៌មានពេញលេញអំពីសង្រ្គាមដើម្បីឯករាជ្យ និងអំពីរឿងរ៉ាវដែលបង្កឲ្យសង្គ្រាមនេះកើតឡើង ក៏ជាមានសារៈសំខាន់ដែរ។
លោកបានបន្តថា៖ «ការតស៊ូរវាងអ្នកឲ្យតម្លៃសំខាន់លើសាសនា និងអ្នកដែលមើលឃើញថា ប្រទេសបង់ក្លាដេសជាអាណាចក្រមិនទំនោរលើសាសនានិយម ដែលមានភាសាជាការកំណត់អត្តសញ្ញាណជាតិ នៅតែបន្តកើតមាន។ នោះហើយគឺជាជម្លោះដ៏សំខាន់។ ការរក្សាកេរដំណែលរបស់លោក Mujibur Rahman ឲ្យនៅរស់ គឺជាផ្នែកមួយនៃបញ្ហាដ៏ធំជាងនេះ។
នៅពេលត្រូវបានសួរពីការណ៍ដែលមិនអាចរិះគន់បានជាសាធារណៈជុំវិញរឿងទាញយកប្រយោជន៍ពីលោក Mujib នោះ លោក Khan ដែលអ្នកអភិរក្សសារមន្ទីរនេះ បាននិយាយថា លោកបានផ្តោតការយកចិត្តទុកដាក់លើការតាក់តែងបន្ថែមទៀតលើសារមន្ទីរ។
លោក Khan បាននិយាយថា៖ «ពេលខ្ញុំចាប់ផ្ដើមគ្រប់គ្រងសារមន្ទីរនេះ ខ្ញុំរៀបចំសៀវភៅសន្ទរកថាដែលលោកបានថ្លែងនៅថ្ងៃផ្សេងៗគ្នា»។ លោក Khan បាននិយាយដោយប្រើឈ្មោះមួយសម្រាប់លោក Mujib មានន័យថា «មិត្តរបស់បង់ក្លាដេស»។
លោក Khan បានបន្តថា៖ «ខ្ញុំបានរៀបរៀងកាលបរិច្ឆេទ ដើម្បីឲ្យងាយរកឃើញ តាមប្រធានបទ និងតាមបញ្ហាដែលលោកបានលើកឡើង ហើយនិងកាលបរិច្ឆេទនៃការលើកឡើងនោះ»៕
ប្រែសម្រួលដោយ សើ សាយ្យាណា