ការវិនិយោគរបស់ឥណ្ឌានៅក្នុងប្រទេសវៀតណាមបានកើនដល់ចំនួន ២ ពាន់លានដុល្លារអាមេរិក ហើយពាណិជ្ជកម្មទ្វេភាគីមានចំនួន ១០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំដែលគិតត្រឹមខែមិនាកន្លងទៅនេះ ហើយនឹងបន្តកើនឡើងរហូតដល់ចំនួន ១៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២០ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Radha Krishnan អនុប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅក្នុងប្រទេសវៀតណាម។
លោក Radha Krishnan បាននិយាយថា៖ «មកទល់នឹងពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសឥណ្ឌា និងវៀតណាម នៅត្រឹមឆ្នាំ ២០២០ ខាងមុខ គឺអាចសម្រេចបានយ៉ាងងាយស្រួលជាទីបំផុត។ ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំ ចុងក្រោយនេះ ការនាំចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌា មានការកើនឡើងជាបន្តបន្ទាប់»។
វៀតណាមមានដៃគូពាណិជ្ជកម្មជាច្រើន
កាលពីឆ្នាំមុន ប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើននូវ «ភាពជាដៃគូយុទ្ធសាស្ត្រ» ដោយផ្ដល់លទ្ធភាពឲ្យប្រទេសវៀតណាមអាចចូលទៅក្នុងទីផ្សាររបស់ឥណ្ឌាបានបន្ថែមទៀត ហើយប្រទេសទាំងពីរនឹងទម្លាក់ពន្ធលើទំនិញនាំចូលនៅក្នុងឆ្នាំ ២០២២ ដែលនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចំនួនពាណិជ្ជកម្មសរុបទាំងនោះមិនអាចផ្គូផ្គងជាមួយនឹងទំហំពាណិជ្ជកម្មរបស់ប្រភពវិនិយោគជាយូរមកហើយរបស់ប្រទេសវៀតណាម ដែលមានដូចជាកោះតៃវ៉ាន់ ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិននោះទេ។ ប៉ុន្តែ ការរីកចម្រើនរបស់ប្រទេសឥណ្ឌា និងវៀតណាម បានផ្ដល់ឱកាសឲ្យវៀតណាមចូលទៅកាន់ទីផ្សាររបស់ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតទីពីរនៅលើពិភពលោក ដោយជួយកាត់បន្ថយនូវការពឹងផ្អែកទៅលើប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសវៀតណាម។
ប្រទេសចិន និងវៀតណាមមានគម្រោងសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ១ រយពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៦ កន្លងទៅនេះ ប៉ុន្តែភាគីទាំងពីរមានជម្លោះជាមួយគ្នាពាក់ព័ន្ធនឹងកោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង។ ជម្លោះរបស់ពួកគេបានបង្កឲ្យមានការប៉ះទង្គិចគ្នានៅក្នុងឆ្នាំ ១៩៧៤ ឆ្នាំ ១៩៨៨ និងឆ្នាំ ២០១៤។
លោក Frederick Burke ដែលសហការជាមួយនឹងក្រុមហ៊ុនច្បាប់អន្តរជាតិ Baker McKenzie នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បាននិយាយថា៖ «រដ្ឋាភិបាលវៀតណាមមិនចង់ឲ្យមានការវិនិយោគគ្មានតុល្យភាព ដែលប្រទេសណាមួយ ឬតំបន់ណាមួយមានឥទ្ធិពលជាងគេនោះទេ ដោយហេតុថា វាអាចធ្វើឲ្យអ្វីៗផ្សេងទៀតមិនមានតុល្យភាព ដែលក្នុងនោះមានដូចជា គោលនយោបាយការបរទេស និងនយោបាយក្នុងប្រទេសជាដើម»។
លោកបានបន្ថែមថា៖ «បើនិយាយពីអ្នកដែលគិតអំពីបញ្ហាយុទ្ធសាស្ត្រវិញ ពួកគេប្រហែលជាចង់ឲ្យឥណ្ឌាមានវត្តមានបន្ថែមទៀតនៅលើទីផ្សារពាណិជ្ជកម្មពិភពលោក ដោយហេតុថាឥណ្ឌាប្រហែលជាស្ថិតនៅពីក្រោយប្រទេសចិន។ ប្រទេសនីមួយៗចង់ធ្វើឲ្យមានតុល្យភាពជាមួយនឹងប្រទេសឥណ្ឌា និងប្រទេសចិន និងចង់ធ្វើជាមិត្តភក្ដិជាមួយនឹងប្រទេសទាំងពីរ។ នេះជាស្ថានការណ៍ដ៏ប្រសើរបំផុត»។
វៀតណាមមានពាណិជ្ជកម្មរឹងមាំ និងជម្លោះជាបន្តជាមួយចិន
ប្រទេសវៀតណាមពឹងផ្អែកលើប្រទេសចិនសម្រាប់ទំនិញទីផ្សារដែលមានតម្លៃថោកជាច្រើនហូរហៀរ ក៏ដូចជាវត្ថុធាតុដើមនានា សម្រាប់ផលិតកម្មនាំចេញ។ ប្រទេសកុម្មុយនិស្តទាំងពីរបានវាយប្រយុទ្ធគ្នានៅក្នុងសង្គ្រាមព្រំដែននៅក្នុងទសវត្សរ៍ ១៩៧០ គឺក្នុងរយៈពេលដ៏ខ្លីមួយបន្ទាប់ពីវៀតណាមខាងត្បូងបានបាត់បង់ប្រជុំកោះ Paracel ទៅឲ្យចិន។ ប្រជុំកោះនោះជាផ្នែកមួយនៃសមុទ្រចិនខាងត្បូង។
កាលពីឆ្នាំ ២០១៤ ការតំឡើងអណ្ដូងខួងយកប្រេងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ភាគខាងកើតនៃប្រទេសវៀតណាម បានបណ្ដាលឲ្យមានឧបទ្ទវហេតុបុកទូក និងកុបកម្មដ៏ប្រល័យប្រឆាំងនឹងចិនកើតឡើង។ កាលពីខែមិថុនាកន្លងទៅនេះ មន្ត្រីយោធាចិនមួយរូបបានបង្រួមដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសវៀតណាម ពេលដែលវៀតណាមរុករកប្រេងនៅក្នុងសមុទ្រចិនខាងត្បូង។
លោក Radha Krishnan បានបញ្ជាក់ថា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសឥណ្ឌាបានធ្វើការវិនិយោគផ្នែកកសិកម្ម ផ្នែកសម្លៀកបំពាក់ និងផ្នែកឱសថនៅក្នុងប្រទេសវៀតណាម។ លោកបានបន្ថែមថា បច្ចេកវិទ្យាជាន់ខ្ពស់របស់ឥណ្ឌាដែលមានតម្លៃទាបបានជួយដល់កសិដ្ឋាននៅក្នុងប្រទេសវៀតណាមនៅក្នុងរដូវប្រាំង បានជួយផលិតស្ករ និងជួយដល់ដំណើរការផលិតគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុន Tata Power of India ដែលជាក្រុមហ៊ុនថាមពលអគ្គិសនីរបស់ប្រទេសឥណ្ឌា មានរោងចក្រផលិតថាមពលអគ្គិសនីមួយដែលមានទឹកប្រាក់ចំនួន ១ ពាន់ ៨ រយលានដុល្លារអាមេរិក នៅក្នុងប្រទេសវៀតណាម។
អស់រយៈពេល ៣ ឆ្នាំ កន្លងមកនេះ សាខានៅបរទេសរបស់សាជីវកម្មប្រេង និងឧស្ម័នធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌា បានធ្វើការជាមួយនឹងសាជីវកម្មផលិតកម្មរុករក PetroVietnam ដើម្បីស្វែងរកប្រេង និងឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Radha Krishnan បាននិយាយថា ជនជាតិឥណ្ឌាប្រហែល ៨ ម៉ឺននាក់ ធ្វើដំណើរទៅទស្សនាប្រទេសវៀតណាមជារៀងរាល់ឆ្នាំ ដែលជារឿយៗក្នុងឋានៈជាភ្ញៀវទេសចរស្វែងរកឱកាសធ្វើអាជីវកម្ម ហើយជនជាតិវៀតណាមចំនួន ២ ម៉ឺននាក់ ពេលខ្លះធ្វើដំណើរក្នុងឋានៈជាភ្ញៀវទេសចរធម្មតាទៅទស្សនាកន្លែងព្រះពុទ្ធសាសនានានាក្នុងប្រទេសឥណ្ឌា។
ឥណ្ឌាមានមូលហេតុផ្ទាល់ខ្លួនក្នុងការពង្រឹងចំណងទាក់ទងពាណិជ្ជកម្មជាមួយនឹងវៀតណាម
សម្រាប់ប្រទេសឥណ្ឌាផ្ទាល់វិញ ប្រទេសនេះមានគោលបំណងចង់ប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងទ្វីបអាស៊ី។ កាលពីចុងខែសីហាកន្លងទៅនេះ មហាអំណាចអាស៊ីទាំងពីរបានបន្ធូរបន្ថយនូវភាពតានតឹងយោធារយៈពេលជាងពីរខែរបស់ពួកគេនៅក្នុងប្រទេសប៊ូតង់។ ប្រទេសចិនបានទាមទារកាន់កាប់តំបន់ដែលមានជម្លោះនោះ ហើយប្រទេសប៊ូតង់បានអំពាវនាវឲ្យឥណ្ឌាជួយនៅពេលដែលចិនបានចាប់ផ្ដើមអនុវត្តគម្រោងផ្លូវល្បឿនលឿនមួយនៅតំបន់ជម្លោះនោះ។
បណ្ដាប្រទេសនានាដែលកសាងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច មិនមែនតែងតែក្លាយជាសម្ព័ន្ធមិត្តនយោបាយនោះទេ ប៉ុន្តែសម្រាប់ករណីរវាងប្រទេសឥណ្ឌា និងវៀតណាមវិញ ទំនាក់ទំនងទាំងនេះគឺនឹងធ្វើឲ្យប្រទេសទាំងពីរក្លាយជាសម្ព័ន្ធមិត្តនយោបាយជាក់ជាមិនខាន។ នេះបើតាមការបញ្ជាក់របស់លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់។ លោកបានបន្ថែមថា ប្រទេសចិននឹងមិនទំនងជាគ្រញែងខ្លួនដាក់ប្រទេសឥណ្ឌានោះទេ ដោយសារតែប្រទេសវៀតណាមកំពុងតែព្យាយាមបង្កើនទំនាក់ទំនងខ្លាំងក្លាជាងមុនជាមួយនឹងបណ្ដាប្រទេសមានឥទ្ធិពលផ្សេងៗទៀត។
លោក Alexander Huang បាននិយាយថា៖ «វាមិនចាំបាច់ទាល់តែអ្នកជាអ្នកយុទ្ធសាស្ត្រខ្លាំងក្លាណាមួយនោះទេ ដើម្បីគិតអំពីការពង្រីកទីផ្សាររបស់អ្នកឲ្យបានច្រើននោះ។ ជាការពិតណាស់ ប្រសិនបើអ្នកជាអ្នកយុទ្ធសាស្ត្រនោះ វានឹងអាចមានឥទ្ធិពលខ្លះ ប៉ុន្តែ កន្លងមក ខ្ញុំមិនដែលឃើញករណីណាមួយដែលឈានដល់កម្រិតមួយដែលនឹងផ្លាស់ប្ដូរទស្សនៈរបស់ជនជាតិចិនចំពោះប្រទេសវៀតណាមនោះទេ ដោយសារតែសហរដ្ឋអាមេរិកកំពុងតែបង្កើនទំនាក់ទំនងជាមួយនឹងវៀតណាម ហើយជប៉ុនក៏កំពុងតែបង្កើនទំនាក់ទំនងជាមួយនឹងវៀតណាមផងដែរ»។
តម្រូវការក្នុងការប្រឆាំងបានបន្តឲ្យចិនពង្រីកឥទ្ធិពលរបស់ខ្លួនបន្ថែមទៀត
ការណ៍ដែលរដ្ឋាភិបាលក្រុងប៉េកាំងចូលចិត្តបង្កសង្គ្រាម និងពង្រីកជម្លោះដែនដីនៅក្នុងសមុទ្ររហូតដល់ជម្លោះព្រំដែនជាមួយនឹងប្រទេសប៊ូតង់ បានធ្វើឲ្យបណ្ដាប្រទេសនានាដែលមិនទុកចិត្តប្រទេសចិនខិតកាន់តែចូលជិតគ្នាបង្កើតជាសម្ព័ន្ធភាពមួយ។ នេះបើតាមការបញ្ជាក់របស់លោក Mohan Malik ដែលជាសាស្ត្រាចារ្យនៃមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៅក្នុងទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋអាមេរិក។
បណ្ដាប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ដូចជាប្រទេសឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម ក៏បានព្យាយាមធ្វើឲ្យគោលនយោបាយការបរទេសមានតុល្យភាពរវាងប្រទេសចិន និងបស្ចិមប្រទេសផងដែរ ដែលជារឿយៗគឺធ្វើតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ។
គេរំពឹងថា ប្រទេសចិននៅតែរក្សាការតាមដានចំពោះទំនាក់ទំនងផ្លូវសមុទ្ររបស់ប្រទេសឥណ្ឌាជាមួយនឹងប្រទេសវៀតណាមដដែល។ លោក Radha Krishnan បាននិយាយថា ក្រុមហ៊ុនប្រេងរបស់ឥណ្ឌាអាចធ្វើការជាថ្មីឡើងវិញនៅក្នុងដែនទឹកនៃប្រទេសវៀតណាម។ លោកបានបន្ថែមថា មន្ត្រីរដ្ឋាភិបាលក្រុងហាណូយនឹងព្យាយាមការពារការវិនិយោគរបស់ឥណ្ឌានៅក្នុងដែនសមុទ្រវៀតណាម និងការវិនិយោគផ្សេងៗទៀត។
លោក Radha Krishnan បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា រឿងនេះផ្ទាល់នឹងមិនក្លាយជាបញ្ហាធំនោះទេ។ យើងមានសុទិដ្ឋិនិយមថា រដ្ឋាភិបាលទាំងពីរនឹងមានលទ្ធភាពដោះស្រាយបញ្ហានេះប្រកបដោយលទ្ធផលវិជ្ជមាន។ ខ្ញុំគិតថា ការវិនិយោគបរទេសណាមួយក៏ដោយនៅក្នុងប្រទេសវៀតណាមនឹងមិនប្រឈមនឹងគ្រោះថ្នាក់នោះឡើយ»៕
ប្រែសម្រួលដោយ ភី សុភាដា