មនុស្សរាប់ពាន់នាក់បានដើរក្បួនតវ៉ានៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនកាន់សាសនាឥស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក ដាក់សម្ពាធបន្ថែមទៀតលើប្រទេសមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
ការតវ៉ាលើកនេះគឺជាការតវ៉ាដ៏ធំបំផុតមួយនៃការធ្វើបាតុកម្មជាច្រើននៅក្នុងសប្ដាហ៍នេះ ដែលធ្វើឡើងដោយប្រជាពលរដ្ឋឥណ្ឌូណេស៊ីប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី។ ការតវ៉ានេះត្រូវបានរៀបចំឡើងដោយអង្គការ Islamic Defenders Front និងមានការចូលរួមពីក្រុមអង្គការឥស្លាមដែលមានទំនោរជ្រុលផ្សេងៗទៀត។
កន្លងមក អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមប្រហែល ១ សែន ២ ម៉ឺន ៥ ពាន់នាក់ បានរត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេស បន្ទាប់ពីយោធាមីយ៉ាន់ម៉ាធ្វើការបង្ក្រាបពួកគេនៅក្នុងរដ្ឋ Rakhine មក។ រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ បានបញ្ជាក់ថា ការបង្ក្រាបនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួករ៉ូហ៊ីងយ៉ាទៅលើប៉ុស្តិ៍ប៉ូលិស និងយោធាប៉ារ៉ា។
រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងប្រឈមនឹងប្រតិកម្មដ៏ខ្លាំងក្លាពីសំណាក់អ្នកបោះឆ្នោតដែលកាន់សាសនាឥស្លាម ប្រសិនបើមិនបានឆ្លើយតបឲ្យបានម៉ឺងម៉ាត់ចំពោះវិបត្តិជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ។ ប៉ុន្តែការចាត់វិធានការទាំងនេះបានគឺមានកម្រិត ដោយសារតែបណ្ដាប្រទេសអាស៊ានទាំងអស់បានឯកភាពគ្នាថានឹងជៀសវាងការរិះគន់ដោយបើកចំហចំពោះគ្នាទៅវិញទៅមក៕