ស.រ.អា.បានសម្តែងកង្វល់យ៉ាងខ្លាំងហើយនិយាយថា ខ្លួនមានការទាក់ទងជិតដិតជាមួយរដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ាអំពីស្ថានការណ៍នៅក្នុងរដ្ឋ Rakhine នាផ្នែកពាយ័ព្យនៃប្រទេសនេះ ដែលនៅទីនោះពួកជនអំបូររ៉ូហ៊ីងយ៉ា កាន់សាសនាឥស្លាម រាប់ម៉ឺននាក់បានត្រូវបង្ខិតបង្ខំឱ្យរត់គេចខ្លួនឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសបង់ក្លាដែស។
អ្នកស្រី Heather Nauert អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អ.បាននិយាយទៅកាន់ពួកអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសិទសារព័ត៌មាននៃក្រសួងការបរទេសអំពីបញ្ហាប្រទេសភូមា។
អ្នកស្រី Nauert បាននិយាយថា៖ «យើងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីស្ថានការណ៍នាំឱ្យមានអំពល់នៅក្នុងរដ្ឋ Rakhine នាប៉ែកខាងជើងនៃប្រទេសភូមា។ នៅទីនោះមានបន្លាស់ទីរបស់អ្នកស្រុកក្នុងមូលដ្ឋានច្រើនក្រាស់ក្រែលក្រោយពីមានការ
ចោទប្រកាន់អំពីការរំលោភលើសិទ្ធិមនុស្ស ដោយមានរួមបញ្ចូលការដុតភូមិជាច្រើនរបស់ពួកជនអំបូររ៉ូហ៊ីងយ៉ា និងអំពើហិង្សាត្រូវធ្វើឡើងដោយកងកម្លាំងសន្តិសុខនិងដោយក្រុមជនស៊ីវិលប្រដាប់អាវុធផងដែរ។
អ្នកស្រី Nauert បាននិយាយដែរថា «ជាថ្មីទៀត យើងថ្កោលទោសការវាយប្រហារដ៏ប្រល័យលើកងសន្តិសុខភូមា ក៏ប៉ុន្តែយើងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការអំពាវនាវដល់កងកម្លាំងទាំងនោះឱ្យបញ្ចៀសកុំឱ្យមានអំពើហិង្សាថែមទៀតនិងការពារប្រជារាស្ត្រក្នុងមូលដ្ឋានតាមវិធីដែលសមស្របជាមួយវិធានច្បាប់ និងការគោរពពេញលេញដល់សិទ្ធិមនុស្ស។ យើងសុំដល់មនុស្សគ្រប់គ្នាក្នុងប្រទេសភូមា ដោយរួមបញ្ចូលទាំងជននៅក្នុងរដ្ឋ Rakhine ផងដែរឱ្យជៀសវាងកុំធ្វើសកម្មភាពទាំងឡាយណាដែលបង្កើនភាពតានតឹងនៅទីនោះ»៕