ប្រទេសបង់ក្លាដែសបានចាប់ផ្តើមបញ្ជូនជនភៀសខ្លួន Rohingya ជាច្រើននាក់កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តំបន់កោះមួយដែលធ្វើឲ្យអ.ស.បនិងក្រុមសិទ្ធិមនុស្សមានការព្រួយបារម្ភខ្លាំង ព្រោះទីកោះនោះជាកន្លែងងាយប្រឈមនឹងគ្រោះថ្នាក់ខ្យល់ព្យុះស៊ីក្លូននិងទឹកជំនន់កើតមានឡើង។នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ជនភៀសខ្លួន Rohingya ប្រហែលជិត១លាននាក់ ដែលភាគច្រើនបានរត់គេចខ្លួនពីការវាយប្រហាររបស់កងទ័ពក្នុងប្រទេសមីយ៉ាន់ម៉ាដែលនៅជាប់ប្រទេសបង់ក្លាដែសក្នុងឆ្នាំ២០១៧ បានមករស់នៅក្នុងជំរំជនភៀសខ្លួនមួយចំនួនដែលគ្មានអនាម័យក្នុងភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។
ដោយមានជនភៀសខ្លួនជាច្រើនបានបដិសេធមិនព្រមត្រឡប់ទៅកាន់លំនៅដ្ឋានដើមរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ដោយគ្មានការធានាសុវត្ថិភាពនិងសិទ្ធិមនុស្ស និងដោយមានបញ្ហាក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀនកំពុងកើនមានឡើងខ្លាំងនៅតាមជំរំនោះ រដ្ឋាភិបាលប្រទេសបង់ក្លាដែសបានបញ្ចប់ភាពអត់ធ្មត់និងចាប់ផ្តើមគម្រោងផែនការរបស់ខ្លួនក្នុងការបិទជំរំទាំងនោះ។
មន្ត្រីប៉ូលិសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានរថយន្តក្រុងយ៉ាងហោចណាស់ក៏ចំនួន១០ដែរបានដឹកជញ្ជូនជនភៀសខ្លួនចេញពីជំរំជនភៀសខ្លួនក្នុងតំបន់ Cox's Bazar ឆ្ពោះទៅកាន់ទីក្រុងកំពង់ផែ Chittagong។
មន្ត្រីប៉ូលិសមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា រថយន្តក្រុងទាំង១០នោះបានដឹកជនភៀសខ្លួនប្រមាណ៤០០នាក់ទៅកាន់តំបន់កោះដែលគេបានគ្រោងទុកនោះ។
ការិយាល័យអ.ស.បក្នុងប្រទេសបង់ក្លាដែស បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងថាខ្លួន «មិនមានការពាក់ព័ន្ធ» នៅក្នុងដំណើរការផ្លាស់ប្តូរទីតាំងជនភៀសខ្លួនទាំងនោះទេហើយខ្លួនបានទទួល «ព័ត៌មានតិចតួច» ប៉ុណ្ណោះជុំវិញបញ្ហានេះ៕