អ្នកស្រី Pornpen Khongkachonkiet ហៅ ណយ ត្រូវបានគេគំរាមជាច្រើនដងច្រើនជាងអ្វីដែលអ្នកស្រីអាចចាំបាន អ្នកស្រីក៏ត្រូវបានយាយីតាមរយៈសំណុំរឿងផ្លូវច្បាប់និងចំអកតាមអ៊ីនធឺណិត ប៉ុន្តែអ្នកស្រីនិយាយថាអ្នកស្រីនឹងមិនឈប់ការពារសិទ្ធិមនុស្សជាពិសេសនៅពេលដែលច្បាប់មិនការពារជនជាតិថៃពីការ«បាត់ខ្លួនដោយបង្ខំ»ធ្វើឡើងដោយបុគ្គលមានអំណាចលាក់មុខ។
អ្នកស្រីមិនមែនជាមនុស្សម្នាក់ទេដែលបារម្ភពីរឿងនេះ។
ជនជាតិថៃដែលប្រឆាំងនឹងរដ្ឋាភិបាល៩នាក់បានបាត់ខ្លួនពីការជ្រកកោននៅបរទេសតាំងពីឆ្នាំ២០១៦ ហើយសាកសពពីររបស់បុគ្គលដែលស្វែងរកការជ្រកកោននៅប្រទេសឡាវត្រូវបានគេរកឃើញនៅទន្លេមេគង្គក្នុងឆ្នាំ ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមកកាន់វីអូអេ លោក Brad Adams នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីបានសំដៅដល់«ការភ្ញាក់ដឹងខ្លួនថា បុគ្គលមានអំណាចលាក់មុខធ្វើប្រតិបត្តិការនៅខាងក្រៅច្បាប់ក្នុងប្រទេសថៃហើយលើសពីការដែលអាចគ្រប់គ្រងបានរបស់រដ្ឋាភិបាលឬសភា»។
អ្នកស្រី Pornpen ដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជា គឺជាអ្នកការពារសិទ្ធិមនុស្សនិងអ្នកតស៊ូមតិផ្នែកច្បាប់ ដែលកំពុងរៀបចំខ្លួនដើម្បីជួយក្រុមគ្រួសាររបស់លោក Wanchalearm Satsaksit សកម្មជនថៃអាយុ៣៨ឆ្នាំដែលបានបាត់ខ្លួនតាមរាយការណ៍ថាត្រូវបានក្រុមប្រដាប់អាវុធចាប់ចូលទៅក្នុងរថយន្តមួយនៅខាងក្រៅខុនដូរបស់លោកនៅក្នុងរាជធានីភ្នំពេញកាលពីខែមិថុនា។
លោក Wanchalearm បានរត់ចេញពីប្រទេសថៃដើម្បីគេចពីការចោទប្រកាន់ដោយគណបក្សកាន់អំណាចយោធាថៃ ដែលកម្ចាត់ជនប្រឆាំងបន្ទាប់ពីខ្លួនបានកាន់អំណាចកាលពីឆ្នាំ២០១៤។ លោកគឺជាជនប្រឆាំងទី៩ហើយដែលបានបាត់ខ្លួន។
អ្នកស្រី Pornpen ត្រូវបានគេស្គាល់តាមរយៈឈ្មោះ ណយ គឺជានាយកនៃមូលនិធិ Cross Cultural Foundationដែលជាអង្គការសិទ្ធិមនុស្សក្នុងប្រទេសថៃបាននិយាយថា៖«អ្នកអាចផ្តល់សំណងគ្រួសារ និងស្វែងរកសាកសពជនរងគ្រោះនានា ប៉ុន្តែមានតែការណ៍ពិតទេដែលអាចបញ្ចប់រឿងនេះនិងអាចផ្តល់នូវសន្តិភាពផ្លូវចិត្តបាន»។
អ្នកស្រី Pornpen តែងតែមានវត្តមាននៅក្នុងផ្នែកដ៏លំបាកបំផុតមួយនៃប្រទេសថៃ ដូចជាការស្វែងរកការរំលោភបំពានសិទ្ធិមនុស្សពីមុនៗតាមរយៈជនរងគ្រោះ តាមដានដំណើរការតុលាការដែលមានភាពយឺតយ៉ាវ និងដោយការទាក់ទាញចំណាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយលើករណីដែលរដ្ឋ ប៉ូលិស និងកងទ័ពបានលះបង់ចោល ឬមានចេតនាមិនខ្វល់ខ្វាយនឹងសំណុំរឿងណាមួយ។
អ្នកស្រី Pornpen និយាយថាអ្នកស្រីស៊ាំហើយក្នុងសួរសំណួរពិបាកៗដល់បុគ្គលកំពុងកាន់អំណាចទាំងនោះ។ មានចាប់តាំងពីលោក Porjalee Rakchongcharoen ឬហៅថា Billy ដែលជាសកម្មជនសិទ្ធិដីធ្លីជនជាតិភាគតិចការ៉ែនដែលបានបាត់ខ្លួនក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ាការចោទប្រកាន់របស់រដ្ឋអំពីការធ្វើទារុណកម្មប្រឆាំងនឹងអ្នកជាប់ឃុំម៉ូស្លីម ក្នុងតំបន់ភាគខាងត្បូងដែលសំបូរដោយជនម៉ូស្លីមទីដែលការបះបោរកំពុងបន្តកើតមានឡើង និងករណីរបស់លោក Wanchalearm។
អ្នកស្រីនិយាយថា៖ «ខ្ញុំត្រូវបានគេគំរាមច្រើនដងរាប់មិនអស់។ មានមនុស្សទូរស័ព្ទមកខ្ញុំហើយនិយាយថា តើអ្នកមិនមែនជាពុទ្ធសាសនិកថៃទេឬ ហេតុអ្វីបានជាអ្នកជួយជនម៉ូស្លីម? អ្នកមិនមែនជាជនជាតិថៃឬ»?
អ្នកស្រីនិយាយថា ពេលវេលាតែមួយដែលរំខានអ្នកស្រីនោះ គឺបណ្តឹងពីបទបរិហារកេរ្តិ៍ដែលក្រោយមកត្រូវបានទម្លាក់ចោលដោយយោធាពាក់ព័ន្ធនឹងរបាយការណ៍មួយតាំងពីឆ្នាំ២០១៦ ដែលចោទប្រកាន់អំពីការធ្វើទារុណកម្មជនម៉ូស្លីមម៉ាឡេស៊ីក្នុងភាគខាងត្បូងបំផុតនៃប្រទេសថៃនៅព្រំដែនជាមួយប្រទេសម៉ាឡេស៊ី។ ការបរិហារកេរ្តិ៍បុគ្គលណាម្នាក់ឬស្ថាប័នណាមួយអាចនឹងត្រូវជាប់ទោសរហូតដល់ពីរឆ្នាំក្នុងប្រទេសថៃ។
អ្នកស្រីនិយាយថា៖ «នៅពេលនោះខ្ញុំខ្លាចពីព្រោះបើសិនជាខ្ញុំត្រូវគេចោទប្រកាន់ តើអ្នកណានឹងជួយពួកគេ? ខ្ញុំបានទាញមនុស្សដែលគ្មានកំហុសទាំងនេះចូលទៅក្នុងគ្រោះមហន្តរាយ»។
ក្រោយមកសំណុំរឿងនោះ ត្រូវបានច្រានចោលអំឡុងពេលដែលអន្តរជាតិដាក់សម្ពាធ។
អ្នកស្រី Pornpen ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាកំពុងដើរចូលដែនដីគ្រោះថ្នាក់ម្តងទៀតហើយ។
គ្រួសារលោកWanchalearm ជឿថារដ្ឋាភិបាលថៃដឹងថាមានអ្វីកើតឡើងលើសកម្មជនរូបនោះដែលបានសើចចំអកដាក់រដ្ឋាភិបាលថៃរបស់លោក Prayuth Chan-ocha លើគេហទំព័រហ្វេសប៊ុកពីប្រទេសកម្ពុជា។
អ្នកស្រី Pornpen រួមដំណើរជាមួយបងស្រីរបស់លោក Wanchalearm និងមេធាវីរបស់អ្នកស្រីមកប្រទេសកម្ពុជាជាមួយនឹងភស្តុតាងដែលអ្នកស្រីសង្ឃឹមថានឹងជំរុញឲ្យមានការស៊ើបអង្កេតលើជោគវាសនារបស់ប្អូនប្រុសរបស់អ្នកស្រី។
ការបាត់ខ្លួនរបស់លោក Wanchalearm បានក្លាយជាបដាមួយក្នុងចលនាតវ៉ាថៃមួយដើម្បីបំបែកតំណភ្ជាប់រវាងអំណាចនិងនិទណ្ឌភាព។
អ្នកស្រីប្រាប់វីអូអេមុននឹងចាកចេញថា៖«ការបាត់ខ្លួនដោយបង្ខំគឺមិនមែនអ្នកណាក៏អាចធ្វើបានទេ។ វាត្រូវការរៀបចំកម្រិតខ្ពស់ដោយអ្នកដែលមានអំណាច ដោយសារវាជារឿយៗរួមបញ្ចូលការចាប់ខ្លួនការធ្វើទារុណកម្ម ការសម្លាប់ ការបំផ្លាញភស្តុតាងនិងបំបាត់សាកសព»។
អ្នកស្រីនិយាយថាការមិនមានសាកសពឲ្យតម្រុយថាមានរឿងអាក្រក់កើតឡើង ហើយអ្នកស្រីគិតថាអាជ្ញាធរនឹងមិនស្វែងរកសាកសពនោះ។
អ្នកស្រីនិយាយថា៖«អាជ្ញាធរថៃចាត់ទុកករណីបាត់ខ្លួនដោយបង្ខំដូចជាការបាត់កាបូបលុយឬបាត់កង់។ គ្មានការស៊ើបអង្កេតអ្វីឡើយ។ វាជាការងាររបស់ខ្ញុំកាតព្វកិច្ចរបស់ខ្ញុំដើម្បីស្វែងរកការពិត។ នៅពេលដែលខ្ញុំរកឃើញការពិតហើយនោះ ខ្ញុំត្រូវតែជួយ»។
ការបះបោរចេញពីចិត្ត
អ្នកស្រីនិយាយថាអ្នកស្រីមានស្មារតីរើបំរះតាំងពីកុមារ។ អ្នកស្រីរំលឹកនៅពេលដែលអ្នកស្រីសួរម្តាយកាលពីអាយុ៦ឆ្នាំថាហេតុអ្វីបានជាអ្នកស្រីត្រូវក្រាបថ្វាយបង្គុំនៅមុខសមាជិកគ្រួសាររាជវង្សមួយដែលជាទម្លាប់មួយក្នុងប្រទេសថៃ។
អ្នកស្រីសរសើរការធំដឹងក្តីនៅក្នុងសហគមន៍ដែលត្រូវបានគេកាត់ផ្តាច់គឺជនជាតិភាគតិចការ៉ែនក្នុងសាលានៅខេត្ត Ratchaburi ដែលបានផ្តល់ការអប់រំកម្រិតដំបូងលើ«បញ្ហារចនាសម្ព័ន្ធនៅក្នុងប្រទេស»។
មហិច្ឆតាចម្បងរបស់អ្នកស្រីគឺចង់ឃើញមានការកែប្រែច្បាប់និងការចងក្រងច្បាប់ដែលប្រជាជាតិជាច្រើនមិនបានយកចិត្តទុកដាក់។
កាលពីឆ្នាំ ២០១២ ប្រទេសថៃបានចុះហត្ថលេខាលើមហាសន្និបាតអន្តរជាតិសម្រាប់ការការពារបុគ្គលទាំងឡាយណាដែលបានបាត់ខ្លួនដោយបង្ខំ ប៉ុន្តែថៃមិនទាន់ផ្តល់សច្ចាប័ននៅឡើយទេ ដោយទទូចថាខ្លួនត្រូវអនុម័តច្បាប់ក្នុងស្រុកជាមុនសិនមុនពេលចូលរួមមហាសន្និបាត។ ជាច្រើនឆ្នាំកន្លងផុតទៅហើយ ច្បាប់នេះនៅតែមិនទាន់ត្រូវបានអនុម័ត។
អ្នករិះគន់បានបន្ទោស ការរាំងស្ទះផ្នែកនយោបាយដោយសារធាតុនានានៃរដ្ឋាភិបាលដែលមានសម្ព័ន្ធភាពជាមួយកងទ័ព។
ទោះយ៉ាងណា រដ្ឋាភិបាលដែលមានទំនាក់ទំនងជាមួយនឹងយោធារបស់លោក Prayuth Chan-ocha និងក្រុមយោធាដែលលោកដឹកនាំបន្ទាប់ពីបានរឹបអូសអំណាចដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ បានជំរុញអនុម័តច្បាប់នានាតាមរយៈសភាមួយដែលពោរពេញទៅដោយសម្ព័ន្ធមិត្តរបស់ខ្លួនរួមមាននឹងសមាជិកព្រឹទ្ធសភាដែលត្រូវបានជ្រើសតាំងក្រោមច្បាប់រដ្ឋធម្មនុញ្ញដែលតាក់តែងដោយកងទ័ព។
អ្នកស្រី Pornpen និយាយថា៖«យើងមានច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ជាច្បាប់មួយដែលហាមឃាត់ការប្រមូលផ្តុំនយោបាយប៉ុន្តែជាច្បាប់មួយដែលមិនមានបំណងការពារជីវិតនិងសេរីភាពរបស់ប្រជាជនពីការធ្វើទារុណកម្មនិងការបាត់ខ្លួនដោយបង្ខំទេ»។
បន្ទាប់ពីការកាន់អំណាចយ៉ាងរអាក់រអួលអស់៦ឆ្នាំ លោក Prayuth ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពលំបាក។ ចលនាបាតុកម្មដឹកនាំដោយយុវជនកំពុងបដិសេធមិនព្រមចាកចេញពីដងផ្លូវនានាក្នុងទីក្រុងបាងកក រហូតដល់លោកចុះចេញពីតំណែង និងរហូតទាល់តែមានច្បាប់រដ្ឋធម្មនុញ្ញប្រកបដោយយុត្តិធម៌ថ្មីមួយដែលមានសិទ្ធិនានាជាស្នូលត្រូវបានតាក់តែងឡើង។
អ្នកស្រីនិយាយថា៖«យុវជននិយាយភាសាដែលខ្ញុំត្រូវរៀននៅសាលាច្បាប់ដើម្បីចេះ។ ប៉ុន្តែពួកគេបានរៀនវាក្នុងពេលមួយថ្ងៃតាមអ៊ីនធឺណិត។ ការផ្លាស់ប្តូរជិតកើតឡើងហើយ»៕
ប្រែសម្រួលដោយ ទុំ ម្លិះ