បាតុករថៃរាប់ពាន់នាក់ ដែលដាក់រូបទាជ័រផ្លុំខ្យល់ពណ៌លឿងពីលើក្បាលរបស់ពួកគេ បាននាំគ្នាទៅទីស្នាក់ការកងយោធាជាន់ខ្ពស់មួយកន្លែងនៅក្នុងប្រទេសថៃ កាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេទាមទារឲ្យមានការដាក់កំហិតលើអំណាចរបស់ព្រះមហាក្សត្រ។
ដោយស្រែកបន្ទរថា «ពន្ធរបស់ខ្ញុំ ពន្ធរបស់ខ្ញុំ» ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅទីស្នាក់ការកងវរសេនាធំថ្មើរជើងទី ១១ ដែលជាកងយោធាជាន់ខ្ពស់ស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលជាក្សត្រដ៏មានអំណាច និងសម្បូរទៅដោយទ្រព្យសម្បត្តិហូរហារ។
បាតុករម្នាក់អាយុ ២៧ ឆ្នាំ បាននិយាយថា៖ «យោធាក្នុងប្រទេសនេះ មិនដែលការពារប្រជាពលរដ្ឋទេ ប៉ុន្តែតែងតែការពាររាជវង្សានុវង្សព្រះមហាក្សត្រ»។
ដោយបំពាននឹងបម្រាមបែបប្រពៃណី ក្រុមបាតុករបានដៅគោលដៅលើគ្រប់ផ្នែកទាំងអស់នៃអំណាចរបស់ព្រះមហាក្សត្រ Vajiralongkorn ដែលមានដូចជាទ្រព្យសម្បត្តិរបស់ព្រះអង្គចំនួន ២ ពាន់ ៣ រយលានដុល្លារនៅក្នុងធនាគារ ទីស្នាក់ការយោធាដែលព្រះអង្គចូលចិត្ត និងស្ថានភាពនៃការគង់ប្រថាប់របស់ព្រះអង្គក្នុងប្រទេសអាល្លឺម៉ង់ជាដើម។ ក្រុមបាតុករកំពុងដាក់សម្ពាធឲ្យព្រះមហាក្សត្រឈប់គាំទ្រលោកនាយករដ្ឋមន្ត្រី Prayuth Chan-Ocha។
ពួកគេកំពុងទាមទារឲ្យលោក Prayuth ចុះចេញពីតំណែង និងឲ្យមានការតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយដែលដកយោធាចេញពីនយោបាយទាំងស្រុង៕