ក្រសួងមហាផ្ទៃកំពុងស៊ើបអង្កេតលើករណីដែលក្រុមហ៊ុនមួយបានប្តឹងលោក កឹម ជាតិ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដែលទើបត្រូវបានដកចេញពីតំណែង ក្នុងសំណុំរឿងចោទប្រកាន់យកស្រាក្រុមហ៊ុន និងទាមទារក្រុមហ៊ុនឱ្យបង់លុយចំនួន ១០ ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការមិនបិទអាជីវកម្មក្រុមហ៊ុនមួយឈ្មោះថា ឈីវទីម៉ិច គ្រុប (Chhivtimex Group)។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ។
កាលពីចុងសប្តាហ៍ លោក កឹម ជាតិ ដែលមានតួនាទីជាអនុប្រធាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ត្រូវបានព្រះមហាត្សក្រ ឡាយព្រះហត្ថលេខា បញ្ចប់មុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ ដែលវីអូអេទទួលបាន។
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ និងស៊ើបអង្កេតលើករណីលោក កឹម ជាតិ។
លោកថ្លែងថា៖ «យើងត្រូវពិនិត្យមើលថាតើទីមួយ គាត់ពិតជាបានយកស្រាគេមកមែន [ឬ]មិនមែន។ ទី ២ គាត់ពិតជាបានយកលុយពីគេមែន [ឬ]មិនមែន? យើងត្រូវតែរកអាហ្នឹងឱ្យឃើញសិន។ អ៊ីចឹង ក្នុងដំណាក់កាលនេះ គឺ[ក្រសួងមហាផ្ទៃ]កំពុងតែស៊ើបអង្កេត ស្រាវជ្រាវដើម្បីរកការណ៍ពិតឱ្យឃើញ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបន្ថែមថា ការបញ្ចប់មុខតំណែងរបស់លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដោយសារពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបំពេញតួនាទី និងភារកិច្ច តាមបែបបទរដ្ឋបាល។ លោកថា ការបញ្ចប់តំណែង លោក កឹម ជាតិ មិនទាន់អាចសន្និដ្ឋានថា ពាក់ព័ន្ធករណីព្រហ្មទណ្ឌដែលលោក កឹម ជាតិ កំពុងរងការចោទប្រកាន់នោះទេ លុះត្រាក្រសួងមហាផ្ទៃស្រាវជ្រាវឱ្យច្បាស់ជាមុនសិន។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កឹម ជាតិ បាននៅឡើយទេ។ ប៉ុន្តែលោកធ្លាប់បានបញ្ជាក់ក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទៅកាន់លោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយថា ខ្លឹមសារនៃពាក្យបណ្តឹងរបស់ក្រុមហ៊ុន «គ្មានភស្តុតាង បំផ្លើសខុសពីការណ៍ពិត»។
លោក មៀច សុផាន់ណា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកមិនទាន់មានអ្វីអត្ថាធិប្បាយជុំវិញករណីនេះនៅឡើយទេ។
មេធាវីការពារក្តីឱ្យក្រុមហ៊ុន ឈីវទីម៉ិច គ្រុប បានដាក់ពាក្យបណ្តឹងមួយទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៣ ដោយប្តឹងលោក កឹម ជាតិ អនុប្រធានគណៈកម្មាធិការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងក្រុមការងាររបស់អង្គភាពនេះ ពាក់ព័ន្ធនឹងការយកស្រារបស់ក្រុមហ៊ុនចំនួន ៤៨ ដប និងជំរិតទារលុយចំនួន ១០ ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការមិនបិទផ្អាកដំណើរការអាជីវកម្ម កាលពីឆ្នាំ ២០២១។ នេះបើតាមពាក្យបណ្តឹង និងការអះអាងរបស់លោកមេធាវី អ៊ូច សុភត្រា ដែលបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃចន្ទនេះ។
មេធាវី អ៊ូច សុភត្រា បន្ថែមថា ការណ៍ដែលក្រុមហ៊ុនឱ្យលុយទៅក្រុមការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលបានចុះពិនិត្យឃ្លាំងក្រុមហ៊ុនកាលពីឆ្នាំ ២០២១ ដោយសារមន្ត្រីព្រមានបិទឃ្លាំងអាជីវកម្មរបស់ក្រុមហ៊ុន ដែលធ្វើឱ្យក្រុមហ៊ុនព្រួយបារម្ភអំពីដំណើរការអាជីវកម្ម ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។
លោកមេធាវីប្រាប់វីអូអេថា៖ «គេថា បើយើងអត់ឱ្យ[លុយ] គេនឹងបិទឃ្លាំងរបស់យើងហ្នឹង។ អ៊ីចឹងឃ្លាំងហ្នឹង ជាអាជីវកម្មរបស់យើងនៅហ្នឹង»។
ពាក្យបណ្តឹងរបស់លោកមេធាវី អ៊ូច សុភត្រា ដែលប្តឹងទៅកាន់អគ្គាធិការក្រសួងមហាផ្ទៃរៀបរាប់ថា៖ «កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងាររបស់អង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោក កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បានចូលមកក្នុងទីតាំងឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុនកូនក្តីខ្ញុំបាទ ដោយចោទប្រកាន់ថា ផលិតផលរបស់ក្រុមហ៊ុនកូនក្តីខ្ញុំបាទ មានដូចជាស្រាចម្រុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់ ហើយតម្រូវឱ្យដកហូតស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឱ្យបិទសៀលលើទ្វារឃ្លាំងមិនឱ្យក្រុមហ៊ុនកូនក្តីខ្ញុំបាទធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជាថ្នូរនឹងការបើកឱ្យដំណើរការអាជីវកម្មធម្មតាវិញ។ ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន កូនក្តីខ្ញុំបាទក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឱ្យក្រុមឯកឧត្តម កឹម ជាតិ តាមការទាមទារនៅល្ងាចថ្ងៃដដែល និងបង្គាប់ឱ្យតំណាងក្រុមហ៊ុនផ្តិតមេដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលិខិតនោះ ពុំមានចុះលេខចេញរបស់លេខាធិការដ្ឋានជាផ្លូវការឡើយ»។
មូលហេតុដែលក្រុមហ៊ុនទើបប្តឹងមកអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ កាលពីដើមខែតុលា ឆ្នាំ ២០២៣ នេះ ដោយសារតែក្រុមហ៊ុនទើបតែឃើញក្រសួងមហាផ្ទៃផ្សព្វផ្សាយឱ្យអ្នកទទួលរងភាពអយុត្តិធម៌ ដោយគណៈកម្មាធិការនេះ មកដាក់ពាក្យប្តឹងនៅអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ។ នេះបើតាមពាក្យបណ្តឹង។
លោក អ៊ូច សុភត្រា ដែលជាមេធាវីការពារក្តីឱ្យក្រុមហ៊ុន ឈីវទីម៉ិច គ្រុប បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់ទទួលបានស្រា និងលុយចំនួន ១០ ម៉ឺនដុល្លារអាមេរិកត្រឡប់មកវិញឡើយ។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីតំណាងរបស់ក្រុមហ៊ុនឈីវទីម៉ិចគ្រុបបាននៅឡើយទេ។ ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប ត្រូវបានគ្រប់គ្រងដោយឧកញ៉ាម្នាក់ឈ្មោះ ដួង តិច ដែលលោកក៏បានបង្កើតក្រុមហ៊ុនមួយទៀតឈ្មោះថា រ៉ូហ្វាខេម គ្រុប (Roffa Cam Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប។ ក្រុមហ៊ុននេះបាននាំចូលផលិតផល ដូចជាស្រា ភេសជ្ជៈ និងផលិតផលវេជ្ជសាស្រ្តជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រចមួយស្តីពីការផ្អាកសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយបានប្រគល់ភារកិច្ចជូនអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕