មន្រ្តីជាង ៤០នាក់ ដែលស្ថិតក្នុងស្ថាប័នក្រោមឱវាតរបស់ក្រសួងមហាផ្ទៃ ត្រូវបណ្តេញពីក្របខណ្ឌការងារ ក្រោយរកឃើញមានសារធាតុញៀន នៅក្នុងយុទ្ធនាការតេស្តទឹកនោមរកសារធាតុញៀន ដែលជាបទបញ្ជារបស់រដ្ឋមន្រ្តីថ្មីនៃក្រសួងមហាផ្ទៃ លោក ស សុខា។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ ២០២៤ មន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារជាង ៤០នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌការងារ បន្ទាប់ពីការអនុវត្តនូវយុទ្ធនាការធ្វើតេស្តទឹកនោមពិនិត្យរកសារធាតុញៀន តាមការណែនាំរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោក ទូច សុខៈ ថ្លែងថា៖ «ជាបឋម បណ្តោះអាសន្នអាចនិយាយបានថា អ្នកដែលមានសារធាតុញៀន ហើយត្រូវបានបណ្តេញចេញពីក្របខណ្ឌមានចំនួនជាង ៤០នាក់ហើយ មកដល់ពេលហ្នឹង...ទី ១ គាត់ជាមន្រ្តីនគរបាល ហើយទីពីរគាត់ជាមន្រ្តីខាងពន្ធនាគារ»។
លោកបន្ថែមថា តួលេខទាំងអស់នេះគឺមិនមែនជាតួលេខបូកបញ្ចប់នៃការអនុវត្តយុទ្ធនាការតេស្តទឹកនោមរកសារធាតុញៀនទេ ដោយលោកថា យុទ្ធនាការនេះមិនទាន់បញ្ចប់នៅឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ អំពាវនាវឱ្យមន្រ្តីនគរបាល ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការគ្នា ការពារការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនគ្រប់ទម្រង់ទាំងអស់ ដើម្បីចូលរួមសម្អាតគ្រឿងញៀនក្នុងប្រទេស។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីពន្ធនាគារសរុប ៥នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រោយការបូកសរុបបញ្ចប់ការធ្វើតេស្តរកសារធាតុញៀនលើកទី ១ ទៅតាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកលើកឡើងថា៖ «យើងបូកសរុបលទ្ធផលធ្វើតេស្តពីដំណាក់កាលទីមួយនេះ ពីដំបូងឃើញ ៦នាក់ មានម្នាក់នៅកំពត ប៉ុន្តែពេលពិនិត្យជាក់ស្តែងទៅគាត់មានជំងឺវិកលចរិត បញ្ហាសរសៃប្រសាទ គាត់លេបថ្នាំ ថ្នាំគាត់មានផ្ទុកសារធាតុញៀន...ពាក់ព័ន្ធនឹងមន្រ្តីមានផ្ទុកសារធាតុញៀន ខាងអគ្គនាយកដ្ឋានយើងក៏សម្រេចស្នើសុំលុបឈ្មោះមន្រ្តីទាំង ៥រូប ដូចមាននៅក្នុងសេចក្តីសម្រេចរបស់ក្រសួង»។
បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃពុធ មន្រ្តីពន្ធនាគារចំនួន ៥រូប ដែលត្រូវបណ្តេញចេញពីក្របខណ្ឌនោះ រួមមានលោក ផុន វណ្ណៈ អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារនៃមណ្ឌលអប់រំកែប្រែទី១ លោក ហូ សុជាតិ មន្ត្រីនៃមណ្ឌលអប់រំកែប្រែទី១ លោក គង់ ដារ៉ា មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល លោក កេង ស៊ីឌុន មន្ត្រីនៃពន្ធនាគារខេត្តកណ្តាល និងលោក ខ្ចៅ សិរីរ័ត្ន មន្ត្រីនៃពន្ធនាគារខេត្តបន្ទាយមានជ័យ។
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសថា បើមានមន្ដ្រីនគរបាលជាតិរូបណាធ្វើតេស្ដរកឃើញសារធាតុញៀន គឺត្រូវបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយ កុំឲ្យប៉ះពាល់ជាមួយគ្រឿងញៀន។
លោកថ្លែងថា៖ «សូមប្រកាសតែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃឱ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឱ្យនៅក្នុងក្របខណ្ឌនគរបាលជាតិនោះទេ។ បើមិនយកពេលវេលានេះ ដើម្បីសម្អាតផ្ទះយើងទេយើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា បញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាមួយដែលប្រឈមខ្លាំង ដោយលោកថាអ្នកជាប់ពន្ធនាគារជាង ៥០% គឺសុទ្ធសឹងតែជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។ លោកបញ្ជាក់ទៀតថា ការបណ្តេញចេញមន្រ្តីដែលជាប់ពាក់ព័ន្ធនឹងសារធាតុញៀន គឺជារឿងដែលល្អ ប៉ុន្តែលោកថា អ្វីដែលសំខាន់គួរតែរួមគ្នាបង្រ្កាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «បើសិនមានមន្រ្តីពន្ធនាគារដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ឬសារធាតុញៀន អាហ្នឹងក៏យើងមានការបារម្ភដែរ ពីលំហូរចូលទៅក្នុងពន្ធនាគារ ដែលអាចនាំឱ្យអ្នកជាប់ឃុំហ្នឹងអាចមានការប្រើប្រាស់ទៅទៀត។ អ៊ីចឹងមន្រ្តីពន្ធនាគារត្រូវតែនៅឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនហ្នឹង។... អ៊ីចឹងអ្វីដែលសំខាន់ត្រូវតែរួមគ្នាក្នុងការទប់ស្កាត់ និងការបង្រ្កាបទៅលើបញ្ហាគ្រឿងញៀនឱ្យមានប្រសិទ្ធភាព»។
នៅក្នុងវិស័យការពារជាតិវិញ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ទាហាន ២នាក់ គឺលោក ត្រី ដារ៉ា មេបញ្ជាការរងកងកាំភ្លើងការពារអាកាសមូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងលោក រ៉េន ស៊ីណាត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានក្រសួងការពារជាតិសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកាលពីកន្លងទៅ។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បាននៅឡើយទេ។
គួរបញ្ជាក់ថា មុនចាកចេញពីអំណាច អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី ៧ ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ផ្តោតការយកចិត្តទុកដាក់លើការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រដ្ឋាភិបាលអាណត្តិថ្មី៕
វេទិកាបញ្ចេញមតិ