ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​នៅ​បន្ត​ចាប់​ខ្លួន​អ្នក​ជំទាស់​គម្រោង​ CLV ​ពី​បទ​«រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់»


រូបឯកសារ៖ ប៉េអឹមឈរជាជួរ មុនត្រូវបានបញ្ជូនទៅយាមល្បាតនៅតាមមណ្ឌលបោះឆ្នោតនានានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ ប៉េអឹមឈរជាជួរ មុនត្រូវបានបញ្ជូនទៅយាមល្បាតនៅតាមមណ្ឌលបោះឆ្នោតនានានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨។

នា​ពេល​ថ្មីៗ​នេះ ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្ម​ជន​គណបក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​សង្ស័យ​ថា​ ពួកគេ​ប្រុង​ធ្វើ​សកម្ម​ភាព​កៀរគរ​កម្លាំង​មហា​ជន​ឱ្យ​ធ្វើ​បាតុកម្ម​ជំទាស់​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម​ CLV-DTA​ ដែល​កំពុង​គ្រប​ដណ្តប់​នយោបាយ​កម្ពុជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។​

អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​ចុង​ក្រោយ​នេះ​ ​រួម​មាន​ កញ្ញា​ កាត់ ស៊ីណាត ​កញ្ញា ​នឿន ស្រីណែត​ កញ្ញា​ រៀម ស្រីពេជ្រ​រតនា ​កញ្ញា ​សើន ស្រីម៉ៃ ​លោក ​ធី ថន​ និង​អ្នកស្រី​ សាក់ កន្និការ​ ដែល​ជា​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​មាន​សកម្មជន​នយោបាយ​បីរូប​ទៀត​ គឺ​លោក​ ឡោ ធន ​និង​លោក​ ស៊ុន ពិសិដ្ឋ ​ដែល​ជា​បេក្ខ​ជន​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​លោក ​មាស កុល ​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណ​បក្ស​ភ្លើង​ទៀន ​នៅ​ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន។​

ក្រោយ​ការ​ចាប់​ខ្លួន​ ពួក​គេ​ត្រូវ​បាន​ចោទពី​«រួម​គំនិត​ក្បត់​ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»។​ នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​មន្ត្រី​គណបក្ស​ជំទាស់។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ នៅ​ក្នុង​ខែ​សីហា​នេះ ​ប្រជា​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​៦០​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ និង​សាក​សួរ​ពាក់​ព័ន្ធ​គម្រោង​ កម្ពុជា​ឡាវ ​វៀតណាម ​CLV ​ដោយ​ពលរដ្ឋ​ខ្លះ​ ត្រូវ​បាន​ដោះលែង ​ហើយ​ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ នៅ​តាម​ពន្ធនាគារ​ តាម​បណ្តា​រាជ​ធានី-ខេត្ត។​

លោក​បន្ថែម​ថា​ ក្នុង​ចំណោម​មនុស្ស​៦០​នាក់​នោះ ​គឺ​មាន​បុគ្គលិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៥​នាក់ ​និង​បុគ្គលិក​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​(YRDP)​ម្នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​«រួម​គំនិត​ក្បត់ ​និង​ញុះញង់»​ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។ ​

លោក​ថ្លែង​ថា៖​ «ជា​ការ​កត់​សម្គាល់​យើង​ឃើញ​ថា ​មាន​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ដូចជា​យុវជន​ដែល​ជា​បុគ្គលិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៥​នាក់​ ដែល​ត្រូវ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៨​ និង​១៩​[ខែ​សីហា] ​ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​និង​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ម១​ និង​ម២ ​បាន​ន័យ​ថា​ មណ្ឌល​អប់រំ​កែ​ប្រែ​ទី១ ​និង​ទី២​ នៅ​ព្រៃ​ស»។​

លោក ​គង់ មុនីកា ​ដែល​ជា​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​«រហូត​មកដល់​ពេល​នេះ ​យើង​បាន​ទទួល​ដំណឹង​ថា​ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ពួក​គាត់​ថា​ បាន​ចូល​រួម​ប្រមែ​ប្រមូល​កម្លាំង​ដើម្បី​ឡើង​មក​រាជ​ធានី​ភ្នំពេញ​ជា​ដើម​ ហើយ​ដែល​ទាំង​នោះ ​គឺ​ពួក​គាត់​បាន​ធ្វើ​ការ​បដិសេធ​ថា​ ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ​ទេ»។​

បើ​តាម​លោក ​គង់ មុនីកា ​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​សៀមរាប​ម្នាក់​ទៀត​ គឺ​លោក ​នង ធារ៉ា ​ចៅ​សង្កាត់​រង​ទី២ ​នៃ​សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប​ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២១ ​ខែ​សីហា​ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​នៅ​ឡើយ​ទេ។
សមាជិក​ព្រឹទ្ធ​សភា​រូបនេះ​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​លម្ហ​សេរីភាព​នយោបាយ ​ដោយ​លើក​ឡើង​ថា ​បើ​សិន​ជា​ស្ថាន​ភាព​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ចេះ​តែ​បន្ត​បែប​នេះ​ នោះ​លម្ហ​សេរីភាព​នយោបាយ​កាន់តែ​តូច​ចង្អៀត​សម្រាប់​គណបក្ស​ប្រឆាំង។

«តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV» ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ចម្រូស​ចម្រាស​ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខណៈ​មាន​ការ​បំផុស​បំផុល​ពី​ក្រុម​អ្នក​នយោបាយ​ជំទាស់​នៅ​បរទេស​ឱ្យ​ពលរដ្ឋ​ក្រោក​ឈរ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​មួយ​នេះ ​ដោយ​ពួកគេ​លើក​ពី​ក្តី​បារម្ភ​ថា​ ខ្លាច​បាត់​បង់​ទឹកដី​ភាគ​ឦសាន​របស់​កម្ពុជា​ទៅ​កាន់​វៀតណាម ​ដូច​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​គម្រោង​នេះ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ ពាណិជ្ជ​កម្ម ​សេដ្ឋកិច្ច ​និង​ទេស​ចរណ៍​ ហើយ​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ទាំង​បី​មិន​មាន​ការ​បាត់​បង់​ឡើយ។​

ក្នុង​សំណុំ​រឿង​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម​ CLV-DTA CLV ​នេះ​ ​យុវត្តី​ម្នាក់​ទៀត​គឺ​កញ្ញា ​ឡាច ធីណា ​ដែល​ជា​បុគ្គលិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ តែត្រូវ​ដោះលែង​វិញ​ បន្ទាប់​ពី​បាន​ធ្វើ​វីដេអូ​សុំ​ទោស ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង។​ ក្រៅពី​យុវត្តី​រូប​នេះ​ យុវជន​មួយ​ចំនួន​ទៀត ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ​និង​ចោទ​ថា​ មាន​ពាក់ព័ន្ធ​គម្រោង​បាតុកម្ម​ប្រឆាំង​ គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម ​CLV-DTA CLV ​នោះ ​គឺ​ត្រូវ​បាន​ដោះ​លែង​វិញ ​បន្ទាប់​ពួក​គេ​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​បញ្ឈប់​រាល់​សកម្ម​ភាព​នានា​ដែល​ជា​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ជំនួស​មក​វិញ​ដោយ​ការ​គាំទ្រ។​

អ្នកនាំ​ពាក្យ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ លោក ​នុត សវនា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​យ៉ាង​ខ្លី​ថា​ ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦​នាក់​នោះ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធាគារ​ព្រៃស​ តាម​ដីកា​ឃុំ​ខ្លួន ​ដែល​ចេញ​ដោយ​តុលាការ។​

លោក​បញ្ជាក់​ថា៖​«បាទ​ហ្នឹង​ហើយ​ អាជ្ញាធរ​បញ្ជូន​ទៅ​តុលាការ​ហើយ។​ តុលាការ​បាន​សម្រេច​ចេញ​ដីកា​ឃុំ​ ហើយ​បញ្ជូន​ទៅ​គោល​ដៅ​អស់​ហើយ»។​

ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​សកម្ម​ជន​នយោបាយ​បក្ស​ជំទាស់​ លោក ​សេង ​សុគន្ធ​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ទាំង​៣​នាក់​នោះ​ ដោយ​លោក​គ្រាន់​តែ​ផ្តល់​ការ​ពន្យល់​ថា ​សមត្ថ​កិច្ច​អនុវត្ត​កិច្ចការ​របស់​ខ្លួន​ទៅ​តាម​ផ្លូវ​ច្បាប់។​

ដោយ​ឡែក​ក្នុង​ករណី​ចាប់​ខ្លួន​លោក​ នង ធារ៉ា ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក​ ហួត សុធី ​ប្រាប់​វីអូអេ​ថា​ លោក ​នង ធារ៉ា​ ដែល​ជា​ចៅ​សង្កាត់​រង​ទីពីរ​នៃ​សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ពិត​ជា​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ។ ​ប៉ុន្តែ​លោក​ថា​ ករណី​នេះ​មិន​ពាក់ព័ន្ធ​រឿង​ គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម​ CLV-DTA ​នោះ​ទេ​គឺ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ព្រហ្មទណ្ឌ​គំរាម​កំហែង។​

«គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម ​CLV-DTA ​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ក្នុង​ឆ្នាំ​១៩៩៩​ ដោយ​ប្រទេស​កម្ពុជា ​ឡាវ​ និង​វៀតណាម​ បាន​ឯកភាព​គ្នា​ដាក់​ខេត្ត​ចំនួន​១៣​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​ ដោយ​ក្នុង​នោះ​កម្ពុជា​ដាក់​ខេត្ត​ចំនួន​បួន​នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ​ដែល​រួម​មាន​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង។

កាលពី​ពេល​ថ្មីៗ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​ប្រទេស​ជប៉ុន​ និង​អូស្ត្រាលី​ជាដើម ​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ទាម​ទារ​តវ៉ា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម ​CLV-DTA ​នេះ​ ​ដោយ​ពួកគេ​បារម្ភ​ខ្លាច​បាត់បង់​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា ​ទៅ​ប្រទេស​វៀតណាម។​

រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ឃើញ​មាន​សកម្ម​ភាព​ប្រមូល​ផ្តុំ​ ឬ​បាតុកម្ម​ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ឡាវ ​វៀតណាម ​CLV-DTA ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​ បន្ទាប់​ពី​អាជ្ញាធរ​បង្ក្រាប ​និង​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​នោះ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG