ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមត្ថ​កិច្ច​ចាប់​ខ្លួន​មនុស្ស​៣១​នាក់​ពាក់​ព័ន្ធ​នឹង​ការ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​ CLV


កងកម្លាំង​នគរបាលជាតិ​រាជធានីភ្នំពេញ​ត្រៀម​ខ្លួន​ចេញទៅប្រតិបត្តិការ។(Facebook/ស្នងការនគរបាលរាជធានីភ្នំពេញ)
កងកម្លាំង​នគរបាលជាតិ​រាជធានីភ្នំពេញ​ត្រៀម​ខ្លួន​ចេញទៅប្រតិបត្តិការ។(Facebook/ស្នងការនគរបាលរាជធានីភ្នំពេញ)

អ្នក​នាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាង​ថា ​សមត្ថ​កិច្ច​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​៣១​នាក់ ​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​បាតុកម្ម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ វៀតណាម​ CLV - DTA​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៨ ​ខែ​សីហា។​

លោក​ ឆាយ គឹមខឿន ​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​វីអូអេ​នៅ​ថ្ងៃទី​១៩ ​ខែ​សីហា​នេះ​ថា ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣១​នាក់​ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៨​ ខែ​សីហា។ ​ប៉ុន្តែ​លោក​សុំ​មិន​ឆ្លើយ​លម្អិត​ ដោយ​ប្រាប់​ឱ្យ​វីអូអេ​ទៅ​មើល​ព័ត៌មាន​ដែល​លោក​បាន​ប្រាប់​ស្ថាប័ន​ក្នុង​ស្រុក។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា ​AKP ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៨​ ខែ​សីហា​ បាន​ស្រង់​សម្តី​របស់​លោក​ ឆាយ គឹមខឿន ​ថា ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣១​នាក់​ ក្នុង​នោះ​ស្រី​២​នាក់​ ដែល​បាន​ធ្វើ​សកម្ម​ភាព​ប្រមូល​កម្លាំង​នៅ​តាម​គោលដៅ​ដែល​បាន​កំណត់​ ព្រមទាំង​ដកហូត​វត្ថុតាង​មួយ​ចំនួន​រួម​មាន​ដប​សាំង​ កាំបិត​ស្នៀត​ ស្នាប់ដៃ ​ដំបង ​ជំពាម​កៅស៊ូ​ និង​គ្រាប់​ដែក។ ​AKP ​ស្រង់​សម្តី​លោក​ ឆាយ គឹមខឿន ​បន្ត​ថា ​ជន​សង្ស័យ​ទាំង​នោះ​កំពុង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​សមត្ថ​កិច្ច​ និង​កំពុង​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។​ ​

គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ​ដោយ​រដ្ឋាភិបាល​ប្រទេស​ចំនួន​បី​គឺ​កម្ពុជា​ ឡាវ​ និង​វៀតណាម ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ខេត្ត​ចំនួន​១៣​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍។​ កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ គឺ​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។​

កាល​ពី​ថ្ងៃទី​១១​ ខែ​សីហា ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​កូរ៉េ​ខាងត្បូង ​ជប៉ុន​ និង​អូស្ត្រាលី​ បាន​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​តវ៉ា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​លោក ​ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋមន្រ្តី​ ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​បី​ប្រទេស​ ឬ​ CLV ​ដោយ​បារម្ភ​ពី​ការ​បាត់បង់​ខេត្ត​ភាគ​ឦសាន​ចំនួន​បួន​របស់​កម្ពុជា ​ទៅ​ប្រទេស​វៀតណាម។​

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហោះ​សារ​អំពី​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ CLV ​នេះ ​ដោយ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ ​ខែ​សីហា ​ឆ្នាំ​២០២៤។​ ចំណែក​ក្រុម​មួយ​លើ​បណ្តាញ​សង្គម​តេឡេក្រាម​ឈ្មោះ​ថា​ «រួបរួម​ដើម្បី​ជាតិ»​ ដែល​មាន​គណនី​ច្រើន​ពាន់​នាក់ ​មាន​ការ​ជជែក​គ្នា​អំពី​គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ។​

បើ​តាម​ការ​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៦ ​ខែ​សីហា ​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​១០០០​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​នៅ​មុខ​ព្រះ​បរមរាជ​វាំង ​និង​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កណ្តាល ​ដែល​ជាច្រក​ចូល​រាជធានី​ភ្នំពេញ ​ដើម្បី​ត្រួត​ពិនិត្យ​សកម្ម​ភាព​មិន​ប្រក្រតី​ណា​មួយ ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ធ្វើ​បាតុកម្ម។​

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា ​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៤​នាក់​ រួមមាន​កញ្ញា ​ខេត ស៊ីណាត ​កញ្ញា ​នឿន ស្រីណែត ​កញ្ញា​ រាម ​ស្រីពេជ្រ​រតនា ​និង​លោក ​ធី ថន ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ ហើយ​ការិយាល័យ​របស់​សមាគម​នេះ​ត្រូវ​បាន​បិទ​ទា្វរ​តាម​ដីកា​របស់​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោក​ សេង ហ៊ាង។​

សមាជិក​គណបក្ស​ឆន្ទៈ​ខ្មែរ​បី​នាក់​ និង​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ម្នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មិន​មាន​បញ្ជាក់​ពី​មូលហេតុ​ផង​ដែរ។​ គណបក្ស​ទាំង​២​នេះ​ចាត់​ទុក​ការ​ចាប់​សមាជិក​បក្ស​របស់​ខ្លួន​ថា​ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ​ ដែល​ផ្ទុយ​ពី​ច្បាប់ ​និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា។​

វីអូអេ​បាន​ព្យាយាម​សួរ​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​សមាជិក​គណបក្ស​នយោបាយ​ទាំង​ពីរ​ ប៉ុន្តែ​លោក ​ឆាយ គឹមខឿន​ អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ឆ្លើយ​ថា ​ពួកគេ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ទាំង​៣១​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ក្នុង​ហ្នឹង​៣១​ហ្នឹង​មាន​ទាំង​អស់​ហ្នឹង​ហើយ​ តែ​គ្រាន់​ថា​ សមត្ថ​កិច្ច​គេ​កំពុង​ធ្វើការ​ ក្មួយ​គ្រាន់តែ​ចង់​សួរ​លម្អិត​ទាល់តែ​ចាំ​ដល់​ពេល​តុលាការ​ចេញ​សាលក្រម​ទៅ»។​ ​

លោក ​យិន ម៉េងលី ​អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​និង​ដីធ្លី ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រាប់​វីអូអេ​ថា ​ការ​ចាប់​ខ្លួន​មនុស្ស​ទាំង​កណ្តាល​យប់​ដោយ​មិន​មាន​មូលហេតុ​ និង​ដីកា​កោះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ។​

លោក​ថ្លែង​ថា៖​ «កាល​ណា​នាំ​ខ្លួន​មិន​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ក៏​វា​ធ្វើ​ឱ្យ​រំលោភ​ដល់​សិទ្ធិ​បុគ្គល​ រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​ រំលោភ​ទៅ​លើ​សេរីភាព​សាធារណៈ។ ​អ៊ីចឹង​ទាំង​ប្រជា​ពលរដ្ឋ ​និង​សមត្ថ​កិច្ច ​ទាំង​អស់​គ្នា​ចូល​រួម​អនុវត្ត​ឱ្យ​ខ្ជាប់​ខ្ជួន​ទៅ​តាម​ច្បាប់​ដែល​មាន​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ចែង»។​

លោក ​យិន ម៉េងលី ​បន្ថែម​ថា ​បើ​តាម​ការ​អង្កេត​របស់​សមាគម​អាដហុក​ មនុស្ស​លើស​ពី​៣០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សារ​តែ​ពាក់​ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ CLV។ ​លោក​ថា ​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឱ្យ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​លើក​ឡើង​ដែរ​ថា​ សិទ្ធិ​សេរីភាព​ពលរដ្ឋ​ត្រូវ​បាន​រឹត​បនឹ្តង​ នៅ​ពេល​ដែល​ស្ថានភាព​នយោបាយ​ស្ថិត​ក្នុង​ភាព​តានតឹង។​ លោក​ថា ​ អ្នក​ធ្វើ​នយោបាយ​ទាំងអស់​គួរតែ​គិត​ពី​ឧត្តម​ប្រយោជន៍​ និង​ប្រជាជន​ជា​ធំ ​ជា​ជាង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ បន្ទាប់ពី​ទាញ​ប្រជាជន​យក​ទៅ​ធ្វើជា​ឧបករណ៍​នយោបាយ​សម្រាប់​ខ្លួន។​

លោក​ថ្លែង​ថា៖​ «សិទ្ធិ​ និង​សេរីភាព​វា​ហាក់​ដូចជា​មាន​ការ​ប្រទាក់​គ្នា​ជាមួយ​ និង​នយោបាយ​ នៅ​ពេល​ដែល​ស្ថានភាព​មាន​ភាព​តានតឹង​ អ៊ីចឹង​អា​សិទ្ធិ​និង​សេរីភាព​របស់​ពលរដ្ឋ​វា​ហាក់បី​ដូច​ជា​ត្រូវ​បាន​រឹតត្បិត​ផង​ដែរ»។​

«តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV» ​នេះ​ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ចម្រូស​ចម្រាស​មួយ​ ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា​ទៅ​កាន់​វៀតណាម ​ដូច​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ​គម្រោង​នេះ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម ​សេដ្ឋកិច្ច ​និង​ទេស​ចរណ៍​ ហើយ​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ទាំង​បី​មិន​មាន​ការ​បាត់បង់​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG