ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បញ្ចេញ​ឯកសារ​គម្រោង​ CLV​ ឆ្លើយ​តប​នឹង​មន្ទិល​របស់​ពលរដ្ឋ


អ្នកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ​លើក QR Code សម្រាប់​ចូលមើល​ឯកសារ​គម្រោង​ CLV​ ឆ្លើយ​តប​នឹង​មន្ទិល​របស់​ពលរដ្ឋ ក្នុងការផ្សាយជាវីដេអូ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ (Facebook / ក្រសួងព័ត៌មាន - Ministry of Information)
អ្នកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ​លើក QR Code សម្រាប់​ចូលមើល​ឯកសារ​គម្រោង​ CLV​ ឆ្លើយ​តប​នឹង​មន្ទិល​របស់​ពលរដ្ឋ ក្នុងការផ្សាយជាវីដេអូ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។ (Facebook / ក្រសួងព័ត៌មាន - Ministry of Information)

ក្រសួង​ពាណិជ្ជ​កម្ម​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ​ហៅ​កាត់​ថា​CLV-DTA ​នៅ​លើ​គេហ​ទំព័រ​របស់​ក្រសួង​ ដោយ​មាន​ការ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ ​QR Code​ ដើម្បី​ទាញ​យក​ឯកសារ​ ដែល​មាន​ការ​ផ្តល់​សេចក្តី​ពន្យល់​អំពី​ផល​ប្រយោជន៍​ និង​ហេតុផល​ផ្សេង​ទៀត​ដែល​តម្រូវ​ឱ្យ​មាន​គម្រោង​CLV-DTA ​នេះ។​

អ្នក​តាម​ដាន​សង្គម​យល់​ឃើញ​ថា​ នេះ​គឺ​ជា​រឿង​ចាំ​បាច់​ដើម្បី​បញ្ចៀស​នូវ​ការ​ភាន់​ច្រឡំ​ ឬ​ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ប្រជាជន។​

លោក​ ប៉ា​ ច័ន្ទរឿន​ ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​ប្រាប់​វីអូអេ​ថា​ ការ​បញ្ចេញ​ឯកសារ​ CLV-DTA ​របស់​ស្ថាប័ន​រដ្ឋ ​និង​ក្រសួង​ពាក់ព័ន្ធ​គឺ​ជា​រឿង​ល្អ ​និង​ចាំ​បាច់​គួរ​តែ​ផ្សព្វ​ផ្សាយ​និង​ចែក​រំលែក​ឱ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​ប្រជា​ពលរដ្ឋ​ទទួល​បាន​មូលដ្ឋាន​ព័ត៌មាន​ក្នុង​ការ​ពិនិត្យ​ និង​វិនិច្ឆ័យ​ដើម្បី​បញ្ចៀស​រាល់​មន្ទិល​ទាំងឡាយ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​មើល​ឃើញ​ថា​ ក្រៅ​ពី​ការ​បញ្ចេញ​ឯកសារ​ហ្នឹង​គឺ​ការ​បង្កើត​យន្តការ​ពហុភាគី​ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​សំខាន់ៗ​ពី​វិស័យ​ផ្សេង​គ្នា​មាន​ទាំង​វិស័យ​ឯកជន ​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​សាធារណៈ​រដ្ឋ​អី​ជា​ដើម​ហ្នឹង​នៅ​ក្នុង​ការ​ផ្តល់​ឱកាស​ជជែក​វែក​ញែក​ក៏​ដូច​ជា​បំភ្លឺ​ពី​ទិដ្ឋ​ភាព​ផ្សេង​គ្នា​ទាក់ទង​នឹង​រឿង​CLV-DTA​ហ្នឹង​គឺ​ជា​រឿង​ចាំ​បាច់​បាទ​ដើម្បី​បញ្ចៀស​នូវ​ការ​ភាន់​ច្រឡំ ​ឬ​ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​ក៏​ដូច​ជា​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទាក់​ទង​នឹង​រឿង​គម្រោង​អភិវឌ្ឍន៍​រួម​គ្នា​ហ្នឹង»។

ការ​សម្រេច​ចេញ​ផ្សាយ​ឯកសារ​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បញ្ចេញ​មតិ​តវ៉ា​ពី​ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​សកម្ម​ជន​ ​អ្នក​តាម​ដាន​សង្គម​ អង្គការ​សង្គម​ស៊ីវិល ​និង​គណ​បក្ស​ជំទាស់​ ទៅ​លើ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ​(CLV-DTA)​ ដោយ​អ្នក​ជំទាស់​ខ្លះ​ថា ​ បើ​មាន​ការ​បន្ត​គម្រោង​នេះ​ទៀត​ ការ​ខាត​បង់​ខាង​សង្គម​ និង​សេដ្ឋកិច្ច​នឹង​ធ្លាក់​មក​លើ​ប្រទេស​កម្ពុជា។​

ប៉ុន្តែ​អ្នក​ស្រី​ចម និម្មល ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​អះអាង​ថា​ គម្រោង​ដែល​បើក​ផ្លូវ​ឱ្យ​មាន​ការ​សម្រួល​ខាង​ពាណិជ្ជ​កម្ម​នេះ​ មាន​ចំណុច​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ​អនុគ្រោះ​ពិសេស​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែន​ការ​សម្រាប់​ការ​ត​ភ្ជាប់​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់​ត្រី​កោណ អភិវឌ្ឍន៍។ ​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ។​

ក្រោយ​ពី​មាន​ភាព​ចម្រូង​ចម្រាស​លើ​តំបន់​ត្រីកោណ​ អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ​(CLV-DTA)​ ​ប្រជា​ពលរដ្ឋ ​និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ចង់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ប្រជា​មតិ​ដើម្បី​ដឹង​ពី​ចំនួន​ប្រជា​ពលរដ្ឋ​គាំទ្រ ​និង​មិន​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​នេះ។​

ខេត្ត​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង​របស់​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ខណៈ​ដែល​ប្រធាន​បទ​ស្តីពី ​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»​នេះ​បាន​ក្លាយ​ជា​ចំណុច​ចម្រូង​ចម្រាស​ និង​ផ្ទុះ​ការ​ជជែក​ដេញ​ដោល​ ​ហើយ​ពលរដ្ឋ​មួយ​ចំនួន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ វៀតណាម​នឹង​គ្រប់គ្រង​តំបន់​នោះ ​ហើយ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​នោះ ​ដូច​កម្ពុជា​ក្រោម។ ​យ៉ាងណាមិញ​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុ​ពល​សេដ្ឋ​កិច្ច ​ទេសចរណ៍ និង​វប្បធម៌៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG