រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅថ្ងៃព្រហស្បតិ៍នេះបានច្រានចោលភាពស្ទាក់ស្ទើររបស់ប្រទេសខ្លះដើម្បីធ្វើទៅតាមសំណើរបស់អ៊ុយក្រែនដែលបានស្នើសុំអាវុធ ដោយសារតែពួកគេភ័យខ្លាចពីការធ្លាក់ចូលទៅក្នុងជម្លោះជាមួយរុស្ស៊ី ដោយលោកបាននិយាយថា ការផ្តល់ឲ្យអ៊ុយក្រែននូវអ្វីដែលអ៊ុយក្រែនត្រូវការនោះ គឺអ៊ុយក្រែនទេជាអ្នកធ្វើការប្រយុទ្ធដោយខ្លួនឯងនោះ ដោយគ្មានអ្នកណានោះឡើយ។
លោក Kuleba និយាយថា៖ «ខ្ញុំគិតថា ការស្នើសុំរបស់អ៊ុយក្រែននោះជាការត្រឹមត្រូវ ពីព្រោះអ្នកជាអ្នកផ្តល់អាវុធឲ្យយើង ហើយយើងជាអ្នកលះបង់អាយុជីវិតផ្ទាល់ខ្លួន ហើយសង្គ្រាមនេះកំពុងត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសអ៊ុយក្រែន»។
លោកបានថ្លែងនៅក្នុងទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកជាមួយអគ្គលេខាធិការអង្គការអូតង់លោក Jens Stoltenberg មុនជំនួបរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអង្គការអូតង់នៅទីនោះ។ លោក Stoltenberg បាននិយាយថា សម្ពន្ធមិត្តនឹងដោះស្រាយតម្រូវការរបស់អ៊ុយក្រែនចំពោះប្រព័ន្ធការពារដែនអាកាស អាវុធប្រឆាំងរថក្រោះនិងការជួយឧបត្ថម្ភផ្សេងៗទៀត។
លោក Kuleba បានស្វាគមន៍ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ក៏ប៉ុន្តែ បានអំពាវនាវឲ្យបង្កើនវិធានការនានា រួមទាំងការដាក់ទណ្ឌកម្មទាំងស្រុងលើប្រេងនិងឧស្ម័នរុស្ស៊ី បិទខ្ទប់ធនាគារទាំងអស់របស់រុស្ស៊ីពីប្រព័ន្ធធនាគារ SWIFT ហើយនឹងបិទកំពង់ផែនានាសម្រាប់កប៉ាល់និងទំនិញរុស្ស៊ីផងដែរ។
សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា ពួកគេ បាន«ដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីនិងតឹងរ៉ឹងភ្លាមៗ»ប្រឆាំងនឹងរុស្ស៊ី ដោយហាមឃាត់ការវិនិយោគ ទុនទាំងអស់នៅក្នុងប្រទេសរុស្ស៊ី បិទខ្ទប់ទាំងស្រុងស្ថាប័នហិរញ្ញវត្ថុធំៗរបស់ប្រទេសនេះហើយដាក់គោលដៅទៅលើទ្រព្យសម្បត្តិដែលកាន់កាប់ដោយកូនចៅរបស់ប្រធានាធិបតី Vladimir Putinផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា៖ «រួមជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើង យើងនឹងបន្តបង្កើនការខូចខាតនិងការឈឺចាប់ដល់លោក Putin ហើយនឹងបន្តបង្កើនដល់ភាពឯកោខាងសេដ្ឋកិច្ចរបស់រុស្ស៊ី»។
បើតាមសេតវិមាន វិធានការថ្មីៗនេះ ជាការផ្តន្ទាទោសចំពោះអំពើព្រៃផ្សៃប្រឆាំងជនស៊ីវិលដែលត្រូវបានចោទប្រកាន់ថា បានធ្វើឡើងដោយកងទ័ពរុស្ស៊ីដែលត្រូវបានរកឃើញក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅក្នុងទីក្រុង Bucha នោះ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា រូបភាពដ៏រន្ធត់ពីទីក្រុង Bucha ជាទីកន្លែងដែលជនស៊ីវិលស្លាប់នៅតាមផ្លូវ បានបន្សល់ទុកនូវទិដ្ឋភាពព្រៃផ្សៃនិងអមនុស្សធម៌សម្រាប់ពិភពលោកនៅពេលដែលលោកប្រធានាធិបតី បានសង្កត់លើវិធានការរបស់រដ្ឋបាលលោកដើម្បីដាក់ទោសទៅលើអ្នកទទួលខុសត្រូវ។ រុស្ស៊ីបានច្រានចោលពីការសម្លាប់ជនស៊ីវិលនៅក្នុងទីក្រុង Bucha៕
អ្នកយកព័ត៌មានរបស់វីអូអេអ្នកស្រី Patsy Widakuswara និងលោក Masood Farivar ផ្តល់សេចក្តីរាយការណ៍នេះ។