ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​​យោធា​ដែល​មាន​ទឹក​ប្រាក់​១០០​លាន​ដុល្លារ​សម្រាប់​​អ៊ុយក្រែន


រូបភាព​នៃ​ការ​បំផ្លិចបំផ្លាញ​នៅ​អ៊ុយក្រែន​ត្រូវ​បាន​គេ​បង្ហាញ​លើ​អេក្រង់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។
រូបភាព​នៃ​ការ​បំផ្លិចបំផ្លាញ​នៅ​អ៊ុយក្រែន​ត្រូវ​បាន​គេ​បង្ហាញ​លើ​អេក្រង់​ក្នុង​អំឡុង​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង New York សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ជំនួយ​យោធា​ដែល​មាន​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ នៅពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​របស់​អង្គការ​អូតង់​ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​ ​រយៈ​ពេល​២ថ្ងៃ​ ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ពិភពលោក​មាន​ការ​រន្ធត់​និង​តក់ស្លុត​ពី​អំពី​ឃោរ ឃៅដែល​ធ្វើ​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ទីក្រុងBucha និង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។ កងទ័ព​អ៊ុយក្រែន បាន​បន្ត​ការពារ​ប្រទេស​របស់​ខ្លួន​និង​សេរីភាព​ប្រកប​ដោយ​ភាព​អង់អាច​ក្លាហាន ហើយ​សហរដ្ឋ​អាមេរិក​រួម​ជាមួយ​សម្ពន្ធមិត្តនិង​ដៃគូ​របស់​យើង បាន​ឈរ​គាំទ្រ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken រៀប​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព Andrews Air Force Base ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្រុចសែល​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។ (AP)
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken រៀប​ឡើង​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព Andrews Air Force Base ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្រុចសែល​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២។ (AP)

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​ថា ជំនួយ​នោះ «នឹង​បំពេញតម្រូវការ​ជា​បន្ទាន់​របស់​អ៊ុយក្រែន​សម្រាប់​អាវុធ​ប្រឆាំង​រថពាស​ដែក Javalin ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឲ្យ​អ៊ុយក្រែន ហើយ​ពួកគេ​បាន​ប្រើ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ»។

អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​មុន​ជំនួប​ថា សមាជិក​របស់​សម្ពន្ធមិត្ត៖ «បាន​សម្រេច​ផ្តល់​ការគាំទ្រ​បន្ត​ទៀត​ដល់​អ៊ុយក្រែន» រួម​ទាំង​ជំនួយ​មនុស្សធម៌​និង​ជំនួយ​ហិរញ្ញវត្ថុ​ បន្ថែម​ពីលើ​ជំនួយ​ឧបត្ថម្ភ​ខាង​សម្ភារៈ​យោធា​និង​សន្តិសុខ​ប្រព័ន្ធ​កំព្យូទ័រ​ផង​ដែរ»។

រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba មាន​គម្រោង​ថ្លែង​សុន្ទរកថា​ទៅកាន់​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន បាន​ក្រើន​រំលឹក​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​ចំពោះ​ការមិន​ចាត់វិធានការ​របស់​ខ្លួន​នៅ​ក្នុង​ការបញ្ឈប់​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​ប្រទេស​របស់​លោក​ ហើយ​លោក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាលទីក្រុង​មូស្គូ​ប្រឈម​ការទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ទៅ​នោះ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ថ្លែងជា​ភាសា​អ៊ុយក្រែន​ទៅ​កាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​មាន​ប្រទេស​១៥ជា​សមាជិក​តាមប្រព័ន្ធ​វីដេអូ​ដែល​មាន​រយៈ​ពេល​១៥នាទី។ លោក​បាន​ពាក់​អាវយឺត​កងទ័ព​ពណ៌​បៃតងនិង​ទង់ជាតិ​អ៊ុយក្រែននៅ​ស្មា​ខាង​ស្តាំ​របស់​លោក។

​ការ​ថ្លែង​របស់ប្រធានាធិបតី​អ៊ុយក្រែន​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​កងទ័ព​របស់​រុស្ស៊ី បាន​ដក​ចេញ​ពី​ទីក្រុង Bucha ជាយ​រដ្ឋធានី​កៀវ​ ដែល​នៅ​ទីនោះ​ពួក​អ្នក​ស្រុក​និង​មន្ត្រី​មូលដ្ឋាន បាន​រាយការណ៍​ថា មាន​ជន​ស៊ីវិល​ជាង​៣០០​នាក់​បាន​ត្រូវ​កងទ័ព​រុស្ស៊ី​សម្លាប់​ក្នុង​អំឡុង​នៃ​ការត្រួតត្រា​ទីក្រុង​នោះ។ រដ្ឋាភិបាល​ក្រុង​មូស្គូ បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ទាក់ទិន​អំពី​បញ្ហា​នេះ​ទេ ហើយ​បាន​ស្តីបន្ទោស​«ពួក​ជ្រុលនិយម»​អ៊ុយក្រែន៕

អ្នក​យកព័ត៌មាន​សន្តិសុខ​ជាតិ​របស់​វីអូអេ​លោក Jeff Seldin និង​អ្នក​ស្រី Patsy Widakuswara អ្នក​យកព័ត៌មាន​របស់​វីអូអេ​នៅ​សេតវិមាន ផ្តល់​សេចក្តី​រាយការណ៍​នេះ។

XS
SM
MD
LG