ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូស្ត្រាលី​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​បញ្ហា​ពាក់ព័ន្ធ​នឹង​ការគេង​របស់​អ្នករស់រាន​មាន​ជីវិត​ពី​ភ្លើង​ឆេះ​ព្រៃ


រូបឯកសារ៖ អ្នក​ពន្លត់​អគ្គិភ័យ​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង Wooroloo ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង Perth នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ អ្នក​ពន្លត់​អគ្គិភ័យ​​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង Wooroloo ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង Perth នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេស​អូស្ត្រាលី​កំពុង​ធ្វើ​ពិសោធន៍​ស្រាវជ្រាវ​រក​វិធី​ព្យាបាល​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​របស់​អ្នក​រស់​រាន​មាន​ជីវិត​ពី​ភ្លើង​ឆេះ​ព្រៃ។

ការ​ពិសោធន៍​នេះ​សំដៅ​ដល់​អ្នក​ដែល​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គេង​ដូចជា​ការ​យល់សប្តិ​អាក្រក់ ការ​គេង​មិន​លក់ ឬ​រោគ​សញ្ញា​នៃ​ការ​ស្លុតចិត្ត​ខ្លាំង​នៅ​ក្រោយ​ការ​រស់រាន​មាន​ជីវិត​ពី​ភ្លើង​ឆេះ​ព្រៃ។

ក្រុម​អ្នក​ចូលរួម​នឹង​ត្រូវ​សួរ​អំពី​ការ​ជួប​ប្រទះ​របស់​ពួកគេ​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​និង​ឱ្យ​កំណត់​អំពី​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​គេង​របស់​ពួកគេ​និង​រោគសញ្ញា​នៃ​ការ​ទង្គុក​ចិត្ត។

អ្នក​ដែល​ចូលរួម​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ត្រូវ​បំពេញ​ការ​វាយ​តម្លៃ​ខ្លីៗ​និង​ផ្តល់​យោបល់​តាម​រយៈ​សកម្មភាព​តាម​អ៊ីនធឺណិត។ ការ​ពិសោធន៍​នេះ​គឺ​ធ្វើ​ឡើង​នៅ​តាម​ផ្ទះ​ដោយ​ប្រើ​បច្ចេកវិទ្យា​ខាង​ដំណេក ​និង app មួយ​ចំនួន​ដែល​តាមដាន​ការ​គេង។

អ្នកស្រី Fadia Isaac អ្នក​ចិត្តវិទ្យា​គ្លីនីក បាន​ធ្វើ​ការ​ពិសោធន៍​នេះ​ជាមួយ​អ្នក​ស្រាវជ្រាវ​ឯទៀតៗ​នៅ​សាកលវិទ្យាល័យ​សហព័ន្ធ​អូស្ត្រាលី (Federation University Australia) ដោយ​មាន​ការ​ផ្តល់​ថវិកា​ពី​កម្មវិធី​អាហារូបករណ៍​ស្រាវជ្រាវ​ក្រោយ​ឧត្តមសិក្សា​នៃ​អង្គការ​ស្រាវជ្រាវ​គ្រោះ​ធម្មជាតិ​អូស្ត្រាលី (Natural Hazards Research Australia)។

អ្នកស្រី​បាន​ប្រាប់​វីអូអេ​ថា អ្នក​ដែល​ប្រឈម​នឹង​ការ​ទង្គុកចិត្ត​ជួប​ប្រទះ​នូវ​អ្វី​ដែល​ហៅ​ថា​ ការ​ឆ្លើយតប«ដោយ​តតាំង​ឬ​ក៏​គេច​ចេញ» នៅ​ពេល​ខួរក្បាល​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ទង្គុកចិត្ត។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ប្រសិន​បើ​យើង​គេង​មិន​លក់​ដោយសារ​ការ​ឆ្លើយតប​ដោយ​តតាំង​ឬ​ក៏​គេច​ចេញ នោះ​ការ​រំជួល​ចិត្ត​ទាំង​នេះ​មិន​អាច​ត្រូវ​ដោះស្រាយ​បាន​នៅ​ពេល​នោះ​ទេ ហើយ​ការ​ទង្គុកចិត្ត​នេះ​នឹង​មាន​ជា​បន្ត​ទៅ​ទៀត។ ការ​គេង​ក៏​នៅតែ​មាន​បញ្ហា​ជា​បន្ត​សម្រាប់​អ្នក​ទាំង​នោះ ហើយ​ជា​អកុសល វា​ក្លាយទៅជា​ភាព​វិលវល់​ដដែលៗ​សម្រាប់​មនុស្ស​ជា​ច្រើន»។

នេះ​គឺ​ជា​ការ​សិក្សា​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ដែល​ស្វែងរក​អ្នក​ចូលរួម​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​កាណាដា។

ការ​ជួប​ប្រទះ​របស់​ពួកគេ​ជាមួយ​ភ្លើង​ឆេះ​ព្រៃ​អាច​មិន​ចាំបាច់​ត្រូវតែ​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ។ ហេតុការណ៍​នេះ​អាច​កើត​មាន​ឡើង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឬ​ក៏​ប៉ុន្មាន​ទសវត្សរ៍​មុន​ក៏​បាន។

អ្នកស្រី Isaac និយាយ​ថា សញ្ញា​ដំបូងៗ​ពី​ការ​ពិសោធន៍​ខាង​គ្លីនិក​មាន​លក្ខណៈ​លើក​ទឹកចិត្ត។

អ្នកស្រី​លើកឡើង​ដូច្នេះ​ថា៖ «ប្រសិន​បើ​អ្នក​ចូលរួម​ងើប​ពី​គេង​ឆាប់​ពេក​ ឬ​ពួកគេ​មិន​អាច​គេង ​ឬ​ក៏​យល់សប្តិ​អាក្រក់​ជា​ទៀងទាត់ សញ្ញា​ទាំង​នេះ​អាច​ត្រូវ​ប្រើ​សម្រាប់​អប់រំ​សាធារណជន​បែប​ចិត្តវិទ្យា​អំពី​ការ​គេង ការ​គេង​មិន​លក់ ការ​យល់សប្តិ​អាក្រក់ និង​រោគសញ្ញា​នៃ​ការ​ទង្គុក​ចិត្ត។ វា​ជា​ការ​ងាយស្រួល​ណាស់​សម្រាប់​ប្រើ​វិធី​ទាំង​នេះ ហើយ​យើង​ទទួល​បាន​ការ​ផ្ដល់​មតិ​ល្អៗ​ខ្លះ​ពី​អ្នក​ចូលរួម​របស់​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

ការ​លូតលាស់​រុក្ខជាតិ​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ឆ្នាំ​នេះ​នាំ​ឱ្យ​មាន​ការ​ព្រមាន​ថា ប្រទេស​នេះ​អាច​ប្រឈម​នឹង​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ​នៅ​ចុង​ឆ្នាំ​នេះ។

ការ​ស៊ើបអង្កេត​របស់​គណៈកម្មការ​មួយ​អំពី​ភ្លើង​ឆេះ​ព្រៃ​ដែល​ហៅ​ថា «Black Summer Bushfires» នៃ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ ២០១៩ និង​ឆ្នាំ ២០២០ ដែល​បាន​បំផ្លាញ​ផ្នែក​ជា​ច្រើន​របស់​ប្រទេស រួម​ជាមួយ​នឹង​គ្រោះ​មហន្តរាយ​ផ្សេង​ទៀត បាន​បង្ហាញ​ឱ្យ​ឃើញ​កាលពី​ខែ​តុលា ឆ្នាំ ២០២០ ថា ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

ឆ្នាំ ២០២៣ គឺ​ជា​ឆ្នាំ​ដ៏​សាហាវ​មួយ​សម្រាប់​ភ្លើង​ឆេះ​ព្រៃ។ ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ Hawaii គឺ​ជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ជាង ១០០ ឆ្នាំ​កន្លង​មក។

មន្ត្រី​ផ្នែក​ភ្លើង​ឆេះ​ព្រៃ​នៃ​ប្រទេស​កាណាដា​បាន​និយាយ​កាលពី​ដើម​ខែ​សីហា​ថា រដូវ​ភ្លើង​ឆេះ​ព្រៃ​ឆ្នាំ ២០២៣ នេះ​មាន​សភាព​អាក្រក់​បំផុត​ក្នុង​កំណត់ត្រា ដោយ​បាន​ឆេះ​លើ​ផ្ទៃ​ដី​រាប់​លាន​ហិកតា​រួច​មក​ហើយ។

ភ្លើង​ឆេះ​ព្រៃ​ក៏​បាន​បណ្តាល​ឱ្យ​មាន​មហន្តរាយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ​និង​ប្រទេស​ព័រទុយហ្គាល់​ផង​ដែរ។

ជាង​នេះ​ទៀត ភ្លើង​ឆេះ​ព្រៃ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​កោះ Rhodes នៃ​ប្រទេស​ក្រិក​ក៏​បាន​បង្ខំ​ឱ្យ​មាន​ការ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ផង​ដែរ នៅ​ពេល​អគ្គិភ័យ​បាន​រាលដាល​ដល់​រមណីយដ្ឋាន​កម្សាន្ត​នៅ​លើ​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍នៃ​កោះ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG